ភ្នំពេញ៖ បន្ទាប់ពីការរង់ចាំរយៈពេល១២ឆ្នាំ! ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ ត្រូវបានបញ្ចប់ជាស្ថាពរ។ អបអរសាទរបេក្ខជនគ្រប់រូប ដែលបានប្រឡងដោយពឹងផ្អែកលើសមត្ថភាពផ្ទាល់ខ្លួន។
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា លទ្ធផលប្រឡង BacII2024 នឹងត្រូវប្រកាសនៅថ្ងៃទី៣០ តុលា ២០២៤ សម្រេប់ រាជធានីភ្នំពេញ និងខេត្តកណ្ដាលថ្ងៃទី ៣១ តុលា ២០២៤ និងបណ្ដាខេត្តផ្សេងទៀត។
ក្រោយបញ្ចប់ការប្រឡង ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចេញសារថ្លែងអំណរគុណជូនគណៈមេប្រយោគ អប្បមាទ ប្រធានមណ្ឌល អនុរក្ស និងអ្នកពាក់ព័ន្ធនានា ក្នុងឱកាសប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤។
ការចូលរួមយ៉ាងសកម្មរបស់ភ្នាក់ងារសុខាភិបាលក្នុងដំណើរការសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៨ តុលា ២០២៤ ដែលបានជួយសម្របសម្រួលដល់ប្អូនបេក្ខជនដែលមានបញ្ហាសុខភាពយ៉ាងកក់ក្ដៅ និងទាន់ពេលវេលា។
ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមសហការយ៉ាងសកម្ម និងអស់ពីកម្លាំងកាយចិត្ត ក្នុងការសម្របសម្រួលដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីធានាបាននូវការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រកបដោយភាពរលូន គោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
បន្ទាប់ពីការបញ្ចប់ដំណើរការសំណេរនៅថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ សន្លឹកកិច្ចការរបស់បេក្ខជននៅតាមមណ្ឌលប្រឡង ត្រូវបានវេចខ្ចប់ ចុះហត្ថលេខា បិទសាឡេដោយគណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទ ជំនួយការអប្បមាទ ប្រធាន-អនុប្រធានមណ្ឌល ព្រមទាំងបានយកទៅផ្ញើនៅកន្លែងដែលមានសុវត្ថិភាពបំផុតនៅតាមសាលាខេត្ត។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៨ តុលា ២០២៤ ត្រូវបានបញ្ចប់ដោយជោគជ័យ និងមិនមានហេតុការខុសប្រក្រតីកើតមានឡើងគួរឱ្យកត់សម្គាល់នោះទេ ។
ចំណែកបេក្ខជនដែលបានចេញពីការប្រឡងមានទឹកមុខស្រស់ស្រាយ សប្បាយរីករាយ ដែលបញ្ជាក់ថាដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិពិតជាប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
នៅក្រោយដំណើរការសំណេរ តើគណៈមេប្រយោគ គណៈកម្មការនានា និងបេក្ខជនប្រឡងត្រូវអនុវត្តវិធានការសុខភាពយ៉ាងដូចម្តេចខ្លះ?
អនុវត្តវិធានការសុខាភិបាល និងស្តង់ដាណែនាំប្រតិបត្តិស្តីពីវិធានការសុខភាព និងសុវត្ថិភាពរបស់ក្រសួងអប់រំ យុវជន និងកីឡា ឱ្យបានត្រឹមត្រូវជាប្រចាំនៅ ក្នុងមណ្ឌលសំណេរ នៅពេលវេចខ្ចប់ដុំកិច្ចការបេក្ខជនដែលមានជំងឺឆ្លង រាតត្បាត ឬគ្រោះថ្នាក់ផ្សេងៗ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី