ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃទី១១តុលា ២០២៤ មានការដាក់គម្រោងដេញថ្លៃ ជួសជុលផ្លូវដីក្រាលក្រួសក្រហម០១ខ្សែ ប្រវែង២,០៨០ម៉ែត្រ ទទឹងផ្លូវដី៥.៥ម៉ែត្រ ទទឹងផ្លូវក្រាលក្រួស៥ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ និងដាក់ស្លាកសញ្ញាគម្រោង១។តម្លៃប៉ាន់ស្មាន ២០៣,៥២៨,៨០០ រៀល (ពីររយបីលាន ប្រាំរយម្ភៃប្រាំបីពាន់ ប្រាំបីរយរៀលគត់) ជាលទ្ធផលបានទៅលើក្រុមហ៊ុនគឹមសោភណ្ឌ័ធានី ដាក់តម្លៃ១៩៧,៦០០,០០០រៀល (ចុះតម្លៃត្រឹមតែ៥,៩២២,៨០០រៀល គឺមិនធ្លាប់មាន) ។
មហាជនលើកឡើងថា ការដេញថ្លៃនេះ គឺជាការរៀបចំត្រូវរ៉ូវគ្នា ក្រុមហ៊ុន ចែកទឹកតែ គ្នា ដោយចែកលុយគ្នានៅមុខសាលាឃុំយ៉ាងសប្បាយផ្គើនម្ចាស់គម្រោង។ ទាក់ទិនករណីនេះដែរលោកមេឃុំត្រពាំងស្តៅ បានប្រាប់អ្នកសារព័ត៌មានយើងថា ឃុំត្រពាំងស្តៅ បានដាក់គម្រោងដេញថ្លៃជួសជុលផ្លូវដី ក្រាលក្រួសក្រហម១ខ្សែប្រវែង២,០៨០ម៉ែត្រ ទទឹងថ្នល់៥,៥ម៉ែត្រ ក្រាលក្រួសក្រហម៥ម៉ែត្រ និងដាក់ស្លាកសញ្ញាគម្រោង១។ តម្លៃប៉ាន់ស្មាន ២០៣,៥២២,៨០០រៀល ។មានក្រុមហ៊ុនចូលដាក់សំណើរដេញថ្លៃចំនួន០៤ក្រុមហ៊ុន លទ្ធផលបានទៅលើក្រុមហ៊ុនគឹមសោភណ្ឌ័ ធានី ដាក់តម្លៃ១៩៧,៦០០,០០០រៀល តម្លៃ ទាបអាចទទួលយកបាន ។
ចំណែកមហាជនលើកឡើងថា ការដេញថ្លៃគម្រោងនេះ មានក្រុមហ៊ុនមកចូលរួមដាក់សំណើរដេញថ្លៃច្រើនប្រមាណជា២៥ក្រុមហ៊ុន ក៏ប៉ុន្តែពួកគេមកដេញនៅខាងក្រៅ ខាងមុខសាលាឃុំ ដោយមានអ្នករៀបចំ ចែកទឹកតែគ្នា បានឈានដល់ត្រូវរ៉ូវគ្នា ដូច្នេះមានតែ០៤ក្រុមហ៊ុនប៉ុណ្ណោះ ចូលទៅដាក់សំណើរដេញថ្លៃ ជាលទ្ធផលបានទៅលើក្រុមហ៊ុនគឹមសោភណ្ឌ័ធានី ចុះត្រឹមតែ៥,៩២២,៨០០ប៉ុណ្ណោះ គឺមិនធ្លាប់មានពីមុនមក។
មហាជនបានលើកឡើងទៀតថា រង់ចាំមើលពេលក្រុមហ៊ុនគឹមសោភណ្ឌ័ធានី ចុះអនុវត្តគម្រោង តើអនុវត្តបានត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស នៃកិច្ចសន្យាដែរឬទេ ? រីឯ ការដាក់ដេញថ្លៃគម្រោងនៅស្រុកស្វាយជ្រំវិញគឺ ចុះតម្លៃទាបរហូតក្រោម៥០%ដែលក្រុមហ៊ុនអ្នកដាក់ដេញថ្លៃនិយាយ ថាបែក ដេញប្រកាប់ប្រចាក់ ហើយពេលអនុវត្តគម្រោង តែងតែអនុវត្តមិនបានត្រឹមត្រូវតាមស្តង់ដាបច្ចេកទេសនៃកិច្ចសន្យា ចាក់ស្តើងស៊ីក្រាស់ជាដើម។
ទាក់ទិនករណីនេះដែរមិនអាចរកការបំភ្លឺពីមន្ត្រីបច្ចេកទេសបានទេ រហូតមកដល់រសៀលថ្ងៃទី១១តុលានេះ៕រក្សាសិទ្ធដោយ ៖ សុំសុវណ្ណគីរី