ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចេញសារលិខិតក្នុងឱកាស “ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ» ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤។
សម្តេចមហាបវរធិបតី បានថ្លែងគាំទ្រចំពោះការរៀបចំប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយទិវា អាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដែលប្រជាជាតិនៅ ទូទាំងសាកលលោក រួមគ្នាប្រារព្ធទិវាដ៏មហោឡារិកនេះ ដើម្បីលើកកំពស់ការយល់ដឹងអំពីសារៈសំខាន់នៃការ គ្រប់គ្រងគ្រោះមហន្តរាយ នាថ្ងៃនេះ។
ប្រធានបទសម្រាប់ទិវាអន្តរជាតិកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ឆ្នាំ២០២៤ គឺ «តួនាទីនៃការ អប់រំក្នុងការការពារ និងផ្តល់អំណាចដល់កុមារសម្រាប់អនាគតដែលគ្មានគ្រោះមហន្តរាយ» ដែលសំដៅកាត់ បន្ថយហានិភ័យ និងការបាត់ បង់ជាសាកល។ រីឯទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយនឹងផ្តោតលើមូលបទ «ការកសាងអាស៊ានដែលមានភាពធន់ តាមរយៈការស្តារឡើងវិញបន្ទាប់ពីគ្រោះមហន្តរាយប្រកបដោយ បរិយាបន្ន និងនិរន្តរភាព។ សម្រាប់កម្ពុជា ការគ្រប់គ្រងគ្រោះមហន្តរាយ គឺសំដៅការពារការអភិវឌ្ឍន៍ និង សុខុមាលភាពរបស់ប្រជាជន” ត្រូវបានលើកយកជាប្រធានបទសម្រាប់ ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងឆ្នាំ២០២៤ នេះ។
បើតាមសម្តេច, ” ខ្ញុំក៏សូមឆ្លៀតក្នុងឱកាសនេះ ដើម្បីសម្តែងនូវកតញ្ញូតាធម៌ជូនចំពោះ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានព្រឹទ្ធសភាដែលលោកបានការពារយ៉ាងមោះមុតនូវសុខសន្តិភាព និងសុវត្ថិភាពជូនប្រជាជន ដឹកនាំគ្រប់គ្រងគ្រោះ មហន្តរាយ ដោយប្រយុទ្ធ ទប់ស្កាត់ រក្សាការពារអាយុ ជីវិត និងជីវភាពប្រជាជន ពីគ្រប់មុខសញ្ញាគ្រោះថ្នាក់ ដោយមិនទុកឱ្យប្រជាជនណាម្នាក់រងគ្រោះ ដោយមិនមានការទទួលខុសត្រូវឡើយ។
ជាមួយនេះដែរ ខ្ញុំព្រះករុណា ខ្ញុំក៏សូមថ្លែងនូវអំណរព្រះគុណប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និង អរគុណជូនចំពោះសម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កាកបាទក្រហមកម្ពុជា ដៃគូអភិវឌ្ឍ អង្គការជាតិ-អន្តរជាតិ ផ្នែកឯកជន សប្បុរសជន និងប្រទេសជាមិត្ត ដែលតែងបានឧបត្ថម្ភគាំទ្រ និងបរិច្ចាគធនធានជួយដល់ ប្រជាជនកម្ពុជាដែលទទួលរងនូវគ្រោះមហន្តរាយ ក្នុងពេលកន្លងមក។
ការប្រែប្រួលអាកាសធាតុបាន និងកំពុងជះឥទ្ធិពលអវិជ្ជមានដ៏ធ្ងន់ធ្ងរ យ៉ាងជាក់ស្តែងមកលើបរិស្ថាន ពិភពលោកទាំងមូល និងបានបង្កើនវត្តមានគ្រោះមហន្តរាយធម្មជាតិកាន់តែញឹកញាប់ និងកាន់តែមានឥទ្ធិពល ធំធេងនៅក្នុងប្រទេសជាច្រើន មិនថាជាប្រទេសមានការអភិវឌ្ឍ ប្រទេសក្រីក្រទន់ខ្សោយនោះឡើយ ដែលបានធ្វើឱ្យបាត់បង់អាយុជីវិត ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចសង្គមយ៉ាងធ្ងន់ធ្ងរ។
នៅក្នុងឆ្នាំ២០២៤នេះ គ្រាន់តែព្យុះត្រូពិក «យ៉ាជី» មួយបានបង្កគ្រោះមហន្តរាយធ្ងន់ធ្ងរដល់ប្រទេស ចំនួន០៥ ក្នុងចំណោមសមាជិកអាស៊ានដែលមានសរុប១០ប្រទេស ដែលបានឆក់យកអាយុជីវិតមនុស្ស ជាច្រើន និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចសង្គម គិតជាទឹកប្រាក់អស់រាប់រយពាន់ លានដុល្លារ។
ឆ្នាំ២០២៤សម្រាប់កម្ពុជា ថ្វីត្បិតតែយើងមិនបានរងគ្រោះដោយផ្ទាល់ពីព្យុះទាំងឡាយ បូករួមទាំង ព្យុះ “យ៍ជី» ផង ប៉ុន្តែឥទ្ធិពលខ្លាំងពីបាតុភូតអិលនីញ៉ូលើសពី៨០% បានធ្វើឱ្យកំដៅបរិយាកាសកើនឡើង បង្កឱ្យមានកង្វះខាតទឹកសម្រាប់កសិកម្ម នៅក្នុងភូមិសាស្ត្រមួយចំនួន ហើយឥទ្ធិពលបាតុភូត «ឡានីញ៉ា» ក៏បាន និងកំពុងបង្កឱ្យមានខ្យល់កន្ត្រាក់ រន្ទះបាញ់ និងភ្លៀងធ្លាក់ខ្លាំងនៅតាមតំបន់នានា បណ្តាលឱ្យមានទឹកជន់ ការហូរច្រោះបាក់ច្រាំងទន្លេ ផ្លូវ ស្ពាន ថ្នល់ និងលិចលង់ក្នុងភូមិសាស្រ្តរាជធានី ខេត្តមួយចំនួនគួរឱ្យកត់សំគាល់។ ប៉ុន្តែឆ្នាំ២០២៤ ក៏ជាឆ្នាំដែលកម្ពុជាសម្រេចបានសមិទ្ធិផលជាវិជ្ជមាន ក្នុងថេរវេលា១ឆ្នាំពេញ នៃការដឹកនាំ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដែលជារាជរដ្ឋាភិបាលថ្មី ដឹកនាំដោយកម្លាំងថ្មី ជាយុវជន បន្តវេន ឆ្លើយបតចំពោះឆន្ទៈប្រជាជនកម្ពុជាដែលបានបានបង្ហាញតាមរយៈការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលបានបោះឆ្នោតដើម្បីសន្តិភាព ការអភិវឌ្ឍ ភាពសុខដុមរមនា និងដើម្បីសុភមង្គលរបស់ប្រជាជន។
ក្នុងការបន្តមត៌កដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលនីតិកាលមុនៗ និងឈរលើឧត្តមប្រយោជន៍ដ៏ឧត្តុង្គឧត្តម នៃប្រទេសជាតិ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណសម្រាប់ឆ្នាំ២០២៣-២០២៨ ដែល កោណទី៤ បានកំណត់ការអភិវឌ្ឍប្រទេសប្រកបដោយនិរន្តរភាព និងរួមបញ្ចូលជាមួយនឹងគោលដៅយុទ្ធសាស្ត្រ ផ្តោតលើការកាត់បន្ថយជាអតិបរមាការបំពុល និងផលប៉ះពាល់បរិស្ថាន ពង្រឹងការគ្រប់គ្រងទឹក ការពង្រឹង ភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងរួមចំណែកកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ សកលដើម្បីធានាការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ដើម្បីធានាបានការកាត់បន្ថយផលប៉ះពាល់នៃគ្រោះមហន្តរាយធម្មជាតិ រាជរដ្ឋាភិបាលក៏បានរៀបចំ
ឡើងផងដែរ ផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ ២០២៤-២០២៨ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដោយភ្ជាប់ទំនាក់ទំនងរវាងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការបន្សំទៅនឹងការប្រែប្រួលអាកាសធាតុ ដោយបានដាក់ចេញ នូវគោលដៅយុទ្ធសាស្ត្រចំនួន៤ និងកម្មវិធីអាទិភាពចំនួន១៨ ដើម្បីអនុវត្ត។
រាជរដ្ឋាភិបាលនឹងបន្តផ្តល់អាទិភាពខ្ពស់លើការងារគ្រប់គ្រងគ្រោះមហន្តរាយ ដោយបន្តរក្សា និង បង្កើនភាពធន់នឹងគ្រោះមហន្តរាយ តាមរយៈការវិនិយោគជារួមទៅលើកំណើនសេដ្ឋកិច្ច សង្គមជាពហុវិស័យ ប្រកបដោយបរិយាប័ន្ន ដែលជាឆ្អឹងខ្នងនៃសមត្ថភាពជាតិ ក្នុងការគ្រប់គ្រង និងការកាត់បន្ថយហានិភ័យគ្រោះ មហន្តរាយ ជាមួយនឹងការវិនិយោគដោយឡែកផ្ទាល់ទៅលើវិស័យជួរមុខ ក្នុងការកសាងសមត្ថភាពឆ្លើយតប នៅគ្រប់កម្រិត ទាន់ពេលវេលា មានប្រសិទ្ធភាព និងអាចស្តារឡើងវិញបានយ៉ាងឆាប់រហ័សក្រោយគ្រោះ មហន្តរាយ រួមមាន៖ កសិកម្ម ធនធានទឹក ហេដ្ឋារចនាសម្ព័ន្ធ នគរូបនីយកម្ម បរិស្ថាន អប់រំ និងសេវាសង្គ្រោះ បន្ទាន់ សុខាភិបាល។ល។ ដែលក្នុងនោះ គ្រប់ភាគីពាក់ព័ន្ធសំខាន់ៗទាំងអស់ ត្រូវធ្វើសកម្មភាពដោយមានការ សម្របសម្រួលរវាងក្រសួង ស្ថាប័ន រដ្ឋ ផ្នែកសាធារណៈ ឯកជន ដៃគូអភិវឌ្ឍ សង្គមស៊ីវិល សហគមន៍ និង ពលរដ្ឋគ្រប់រូប តាមរយៈការរួមបញ្ចូលទៅក្នុងតួនាទី និងការទទួលខុសត្រូវរបស់ស្ថាប័ន ការប្រកបវិជ្ជាជីវៈ និង ធុរកិច្ចនៅក្នុងវិស័យ នីមួយៗ ក្នុងស្មារតីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការកសាងភាពធន់នឹង គ្រោះមហន្តរាយនៅក្នុងបរិបទនៃកាលៈទេសៈ សមត្ថភាព និងដែនសមត្ថកិច្ចរៀងៗខ្លួន។
យើងបានដឹងហើយថា ការគ្រប់គ្រងគ្រោះមហន្តរាយជាការងារពហុវិស័យ ជាការងារប្រទាក់ក្រឡា ពាក់ព័ន្ធស្ទើរគ្រប់ទិដ្ឋភាពសេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ ដែលត្រូវធ្វើឡើងប្រកបដោយបរិយាបន្ន។ ហេតុនេះ គ្រប់វិស័យសុទ្ធតែជាប់ពាក់ព័ន្ធ និងត្រូវរួមចំណែកដោយផ្ទាល់ ឬដោយប្រយោលនៅក្នុងសកម្មភាព ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។ បន្ថែមលើនេះ ការរួមចំណែកគាំទ្រ ឧបត្ថម្ភធនធានសម្ភារៈ មធ្យោបាយ ថវិកាដល់អាជ្ញាធរ ក៏ដូចជារាជរដ្ឋាភិបាល នៅក្នុងការឆ្លើយតបគ្រោះមហន្តរាយ ពីសំណាក់ ប្រជាពលរដ្ឋ ដៃគូអភិវឌ្ឍ សប្បុរសជន នៅតែជាភាពចាំបាច់ដែលមិនអាចកាត់ផ្តាច់បាន ដែលមែនត្រឹមតែជា កិច្ចការមនុស្សធម៌ប៉ុណ្ណោះទេ ប៉ុន្តែវាជាចំណែកមួយនៃការវិនិយោគ ដែលពលរដ្ឋធ្វើឡើងជាមួយអាជ្ញាធរ ដើម្បីរួមគ្នាការពារសុខសុវត្ថិភាព និងសេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិទាំងមូល។
ដើម្បីជំរុញឱ្យស្មារតីនៃទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ក្លាយជាការពិតជាក់ស្តែង សម្តេចធិបតី សូមធ្វើការអំពាវនាវដូចខាងក្រោម ៖
១. បន្តចូលរួមជាមួយរាជរដ្ឋាភិបាល នៅក្នុងសកម្មភាពគ្រប់គ្រងគ្រោះមហន្តរាយ រួមគ្នាទប់ស្កាត់រាល់ ចេតនាបង្កចលាចលសង្គម ការញុះញង់ បង្កអស្ថេរភាព បំផ្លាញសន្តិភាព ក្នុងបំណងទាញសង្គមជាតិ ធ្លាក់ ចូលក្នុងភ្នក់ភ្លើងសង្គ្រាមបង្ហូរឈាមជាថ្មីណាមួយ ដែលជា “គ្រោះមហន្តរាយបង្កដោយមនុស្សដ៏គួរឱ្យភ័យ ខ្លាច» តាមរយៈល្បិចកលដ៏ខ្មៅកខ្វក់ របស់ក្រុមជនឧទ្ទាមក្រៅច្បាប់មួយក្តាប់តូច និងបក្ខពួក ។
២. បង្កើនការយល់ដឹងអំពីមុខសញ្ញាគ្រោះថ្នាក់ ការអប់រំផ្សព្វផ្សាយ ព័ត៌មានព្យាករណ៍ និងការ ប្រកាសឱ្យដឹងមុន និងចូលរួមក្នុងសកម្មភាពទប់ស្កាត់ ការពារ និងកាត់បន្ថយគ្រោះមហន្តរាយ។
៣. រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការរក្សាកំណើនសេដ្ឋកិច្ច ធ្វើការវិនិយោគ ពង្រីកមុខរបរ ដែលធន់ ដើម្បីរក្សាស្ថេរភាពជីវភាពរស់នៅ ជាមួយការរស់នៅស្អាត បរិស្ថានល្អ និងភូមិ-ឃុំមានសុវត្ថិភាព ក៏ ដូចជាការការរួមចំណែកគាំទ្រ ឧបត្ថម្ភធនធានសម្ភារៈ មធ្យោបាយ ថវិកាដល់អាជ្ញាធរ ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ កសាងហេដ្ឋារចនាសម្ព័ន្ធសុវត្ថិភាព និងនៅក្នុងសកម្មភាពឆ្លើយ តបគ្រោះមហន្តរាយនានា។
ខ្ញុំសូមក្រើនរំលឹកដល់ ក្រសួង ស្ថាប័ន រាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងបណ្តា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទាំងសម្រាប់រយៈពេលវែង ក៏ដូចជាក្នុងរដូវកាលចុងឆ្នាំ២០២៤ នេះ ដូចមាន៖
១. ពង្រឹងសមត្ថភាពស្ថាប័ន ក្នុងការអនុវត្តការងារគ្រប់គ្រងគ្រោះមហន្តរាយ ដោយរៀបចំឱ្យមាន ដំណើរការជាប្រក្រតី និងជាអចិន្ត្រៃយ៍ នៅក្នុងលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួង ស្ថាប័ន និង ថ្នាក់ក្រោមជាតិ ពង្រឹង និងពង្រីកកងប្រតិបត្តិការរុករក និងសង្គ្រោះ និងរៀបចំកញ្ចប់ថវិកាប្រើប្រាស់នៅក្នុង ខ្ទង់ថវិកាក្នុងក្រសួង ស្ថាប័ន ដើម្បីធានាឱ្យមានធនធានមនុស្សសម្រាប់បំពេញការងារ មានមធ្យោបាយ សម្ភារៈ ថវិកាសម្រាប់ដំណើរការការងារ និងសម្រាប់ឆ្លើយតបគ្រោះមហន្តរាយ។
២. បង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ តាមដានឱ្យជាប់ នឹងត្រូវដោះស្រាយឱ្យបានទាន់ ពេលវេលា នៅក្នុងករណីកើតមានគ្រោះមហន្តរាយ នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។ ជាពិសេស យកចិត្តទុកទៅលើការជួយសង្គ្រោះអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់។
៣. គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ធ្វើការតាមដានឱ្យជាប់ជាមួយគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយរាជធានី ខេត្ត និងត្រូវកំណត់ជាស្រេចនូវទីទួលសុវត្ថិភាព ក៏ដូចជាការចាត់វិធានការ សម្របសម្រួល និង ត្រៀមកម្លាំង មធ្យោបាយ អន្តរាគមន៍ សង្គ្រោះបន្ថែម។
៤. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវត្រៀមស្បៀង និងសម្ភារៈ បរិក្ខារចាំបាច់ ដែលត្រូវបញ្ចេញទៅឱ្យ ប្រជាជនរងគ្រោះ ដោយគ្រោះមហន្តរាយនានា ក្នុងករណីមានការស្នើសុំពីរាជធានី ខេត្ត។ ៥. ក្រសួងធនធានទឹក និងឧតុនិយម ត្រូវតាមដានជាប្រចាំ អំពីអាកាសធាតុ ការព្យាករណ៍ ស្ថានភាពភ្លៀង និងកំពស់ទឹក និងត្រូវធ្វើការសហការជាមួយស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្ត ដើម្បីអន្តរាគមន៍ ឱ្យបានទាន់ពេលវេលា។
៦. ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ និងស្ថាប័នពាក់ព័ន្ធ ត្រូវត្រៀមស្រូវពូជ និងសម្ភារៈ ចាំបាច់នានា ក្នុងករណីដែលមានផលប៉ះពាល់ធំ បង្កឱ្យមានការខូចខាតស្រូវ ដំណាំរបស់ប្រជាពលរដ្ឋ ចាំបាច់ ត្រូវជួយស្ដារឡើងវិញ។
៧. អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការនគរបាលជាតិ ត្រូវត្រៀមកម្លាំង មធ្យោបាយ និងសម្ភារៈ ដើម្បីធ្វើអន្តរាគមន៍សង្គ្រោះតាមការចាំបាច់ ពង្រឹងសមត្ថភាពកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពរាល់គ្រោះមហន្តរាយដែលកើតឡើង។
សម្តេចសង្ឃឹមថា ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ នេះ នឹងបន្តស្ថិតនៅជាស្មារតីនៃការចងចាំ អំពីអតីតកាលឈឺចាប់នៃគ្រោះមហន្តរាយបង្កដោយ មនុស្ស គឺ “សង្គ្រាម» ហើយយកការចងចាំនេះជាមេរៀន ដើម្បីការពារ និងថែរក្សានូវសុខសន្តិភាព ដែលជា គ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងភាពសុខសាន្តរបស់ប្រជាជន”៕ រក្សាសិទ្ធដោយ ៖សុទ្ធលី