ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) អាណត្តិទី៣ លើកទី៣៩ បានដំណើរការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម តុប សំ – សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន-អនុ ប្រធាន ក.ជ.ប.ព. ដើម្បី៖ 1- ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំ ក.ជ.ប.ព. លើកទី៣៨ អាណត្តិទី៣
2- ស្តាប់របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និង 3- បញ្ហាផ្សេងៗ។
បើតាមរបាយការណ៍របស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ អ.ប.ព. បានឲ្យដឹងថា
1- ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល
មន្ត្រីចំនួន ២៣០រូប បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការ តែងតាំងថ្មីចំនួន ១១៥រូប ដោយឡែកមន្ត្រី ១១៥រូបទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ជាលើក ចុងក្រោយ ដោយមូលហេតុ បញ្ឈប់ពីការងារ លាឈប់-ចូលនិវត្តន៍ និងចប់អាណត្តិ។
2- ការងារពាក្យប្ដឹង
អ.ប.ព. បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងដែលមានក្នុងខែនេះ សរុប ចំនួន ៤៩ ពាក្យប្ដឹង។
3- ការងារអប់រំ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារ អ.ប.ព. ដឹកនាំដោយ ឯកឧត្តម នួន សុធីមន្ត ឧបការី បានផ្តល់បទឧទ្ទេសនាមស្តីពី “ច្បាប់ និងយន្តការប្រឆាំងអំពើពុករលួយ” នៅទីស្តីការក្រសួងមហាផ្ទៃ ហើយបានរៀបចំដោយសាលាជាតិរដ្ឋបាល ដោយមានសិក្ខាកាមចូលរួម សរុបចំនួន ៤១រូប ដែលជាប្រធាន ការិយាល័យរដ្ឋបាល ក្រុង ស្រុក នៃរាជធានី ខេត្តគោលដៅចំនួន០៥ (រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង)។
4- ការងារបង្ការ និងទប់ស្កាត់អំពើពុករលួយ
- អ.ប.ព. បានចូលរួមសង្កេតការណ៍ប្រឡង ចំនួន០៥លើក (១) ការប្រឡងជ្រើសរើសមន្ត្រីក្របខ័ណ្ឌ ក្រសួងអភិវឌ្ឍជនបទ ដែលរៀបចំដោយក្រសួងអភិវឌ្ឍជនបទ និងក្រសួងមុខងារសាធារណៈ (២) ការប្រឡង ជ្រើសរើសគ្រូសម្រាប់មត្តេយ្យសិក្សា ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងមុខងារ សាធារណៈទាំងពីរដំណាក់កាល (៣) ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា សម្រាប់បម្រើការនៅអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលរៀបចំដោយក្រសួងយុត្តិធម៌ ទាំងពីរដំណាក់ កាល។
-អ.ប.ព. ក៏បានចុះសង្កេតការណ៍ការងារលទ្ធកម្មសាធារណៈ ចំនួន ៦៤គម្រោង របស់អង្គភាពលទ្ធកម្ម ចំនួន ២៨អង្គភាព និងបានបន្តចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្តែងមួយចំនួនទៀត តាមសំណើរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀត។
- ថ្នាក់ដឹកនាំ និងមន្ត្រី អ.ប.ព. សរុបចំនួន ៤៥រូប បានចូលរួមវគ្គបណ្តុះបណ្តាលរយៈពេល ០២ថ្ងៃ (២៩-៣០ ខែសីហា) លើប្រធានបទ សវនកម្មសមិទ្ធកម្ម និងសវនកម្មបច្ចេកវិទ្យាព័ត៌មាន ដែលបានធ្វើឡើង នៅសណ្ឋាគារសុខាអង្គរ ក្នុងខេត្តសៀមរាប។
- ដោយឡែកកាលពីថ្ងៃទី ០២-០៣ ខែកញ្ញា ថ្នាក់ដឹកនាំនិងមន្ត្រី អ.ប.ព. សរុបចំនួន ៦២រូប ផ្សេង ទៀត ក៏បានរួមជាមួយសិក្ខាកាមមកពី ១១ប្រទេសទៀត សរុបចំនួន ២២០រូប ក្នុងវគ្គបណ្តុះបណ្តាលតាម ប្រព័ន្ធអនឡាញ លើប្រធានបទការស៊ើបអង្កេតដោយផ្អែកលើព័ត៌មានចារកម្ម រយៈពេល ០២ថ្ងៃ ដែលបាន រៀបចំដោយ បណ្ឌិតសភាប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (Malaysian Anti-Corruption Academy, MACA)។
- អ.ប.ព ក៏បានរៀបចំវគ្គបណ្តុះបណ្តាលផ្ទៃក្នុង ចំនួន០២វគ្គ រួមមាន (១) វគ្គស្តីពី “ជំនាញសារព័ត៌មាន និងបណ្តាញសង្គម និងការប្រឆាំងព័ត៌មានក្លែងក្លាយលើកិច្ចការប្រឆាំងអំពើពុករលួយ” ដល់មន្ត្រីរាជការ អ.ប.ព. ចំនួន ១០៨រូប ស្តីពីជំនាញសារព័ត៌មាន និងបណ្តាញសង្គម និងការប្រឆាំងព័ត៌មានក្លែងក្លាយលើ កិច្ចការប្រឆាំងអំពើពុករលួយ (២) វគ្គស្តីពី “តួនាទី និងភារកិច្ចអ្នកសង្កេតការណ៍ អ.ប.ព សម្រាប់ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤” ដល់ថ្នាក់ដឹកនាំនិងមន្ត្រី រាជការ អ.ប.ព ចំនួន ៣២១រូប ដែលមានតួនាទីបណ្តុះបណ្តាល នឹងផ្សព្វផ្សាយបន្តដល់អ្នកសង្កេតការណ៍ ស្មគ្រចិត្តរបស់ អ.ប.ព ប្រមាណ ៣០០០នាក់ នាពេលខាងមុខ។
- តបតាមការអញ្ជើញ របស់ឯកឧត្តម ខាំផាន់ ផុមមៈថាត់ ប្រធានអាជ្ញាធរអធិការកិច្ចរដ្ឋ នៃសាធារណៈ រដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ កាលពីថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធាន អ.ប.ព. បានអញ្ជើញដឹកនាំគណៈប្រតិភូ អ.ប.ព. ចំនួន ០៦ រូប បំពេញទស្សនកិច្ចការផ្លូវការ នៅ អាជ្ញាធរអធិការកិច្ចរដ្ឋ នារដ្ឋធានីវៀងច័ន្ទ និងខេត្តចំនួន០៣ ស្រុកចំនួន០១ (ខេត្តហ្លួងណាំថា ខេត្តហ្លួង ព្រះបាង ខេត្តវៀងច័ន្ទន៍ និងស្រុកវាងវៀង)។ ទស្សនៈកិច្ចផ្លូវការនេះ ធ្វើឡើងក្នុងគោលបំណង ចែករំលែកបទ ពិសោធន៍ទៅវិញទៅមក ផ្លាស់ប្តូរព័ត៌មាន ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងស្ថានប័នទាំងពីរ លើការងារប្រយុទ្ធ ប្រឆាំងអំពើពុករលួយ។ គូសបញ្ជាក់ផងដែរ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចនេះ គណៈប្រតិភូ អ.ប.ព.ក៏បានអញ្ជើញជួបសំដែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត សុនសាយ ស៊ីផាន់ជន នាយករដ្ឋមន្ត្រី ហើយកិច្ច ជំនួបពិភាក្សាបានប្រព្រឹត្តិទៅក្នុងបរិយាកាសប្រកបដោយភាពស្និតស្នាល ក្នុងភាពជាបងប្អូន មិត្តភ័ក្ត និងអ្នក ជិតខាងដ៏ល្អ ព្រមជាមួយការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងពីអតីតកាល ក្នុងបច្ចុប្បន្ន និងទៅអនាគត។
- ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានអនុញ្ញាត ឲ្យលោក Kenichiro Kashiwase ប្រធានបេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund, IMF) ប្រចាំកម្ពុជា និងតំណាងធនាគារជាតិកម្ពុជា ចូលជួបពិភាក្សា លើការងារប្រឆាំង អំពើពុករលួយ កាលពីព្រឹកថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅអង្គភាពប្រឆាំងអំពើពុករលួយ។
-ប្រតិភូ អ.ប.ព. ចំនួន០២ក្រុម រួមមាន០៤រូប ក្នុងនោះ (១) ប្រតិភូ ០២រូប បានចូលរួមសិក្ខាសាលា ថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ស្តីពីហិរិញ្ញប្បទានពាក់ព័ន្ធនយោបាយ និងការប្រឆាំងអំពើពុករលួយ និងចូលរួមកិច្ច ប្រជុំពហុភាគីលើការងារប្រឆាំងអំពើពុករលួយ រយៈពេលបីថ្ងៃ (២៤-២៦ ខែកញ្ញា) ដែលបានរៀបចំរួមគ្នា ដោយ សមាជិកសភាអាស៊ីអាគ្នេយ៍ប្រឆាំងអំពើពុករលួយ បណ្តាញអាស៊ីអាគ្នេយ៍សម្រាប់តម្លាភាព និង មូលនិធិអន្តរជាតិសម្រាប់ការបោះឆ្នោត នាទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដោយមានប្រតិភូចូលរួម សរុប ៥០រូប (២) ប្រតិភូ ០២រូបផ្សេងទៀត បានចូលរួមសន្និសីទនៃគំនិតផ្តួចផ្តើមប្រឆាំងអំពើពុករលួយ សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក រយៈពេលបីថ្ងៃ (២៥-២៧ ខែកញ្ញា) ដែលបានរៀបចំដោយ គណៈកម្មាការ ប្រឆាំងអំពើពុករលួយព្រះរាជាណាចក្រប៊ូតាន់ សហកាជាមួយធនាគារអភិវឌ្ឍអាស៊ី (Asian Development Bank, ADB) និងអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ (The Organization for Economic Cooperation and Development, OECD) ដោយមានប្រតិភូចូលរួមសរុប ១៥៣រូប។
- គណៈប្រតិភូ អ.ប.ព. ចំនួន០៧រូប ដឹកនាំដោយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គលើកទី៥ នៃបណ្តាញប្រតិបត្តិការ សកលនៃអាជ្ញាធរអនុវត្តច្បាប់ (GlobleE) ដែលមានប្រតិភូចូលរួមប្រមាណ ៤០០រូប មកពី ២១៩ស្ថាប័ន នៃ ១២១ប្រទេស ដោយបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីប៉េកាំង សាធារណៈរដ្ឋប្រជាមានិតចិន។ កិច្ចប្រជុំនេះផ្តោតលើចំនុចសំខាន់ធំបី (១)ការចែករំលែកបទពិសោធន៍នៃការ អនុវត្តច្បាប់ក្នុងស្រុករបស់ប្រទេសនីមួយៗ (២) ជំរុញកិច្ចសហប្រតិបត្តិការឆ្លងដែនទៅវិញទៅមក (៣) រៀបចំ ផែនការងារសម្រាប់រយៈពេលបីឆ្នាំបន្តទៀត។ បន្ទាប់ពីកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ តបតាមការអញ្ជើញ របស់គណៈត្រួតពិនិត្យវិន័យបក្ស និងគណៈត្រួតពិនិត្យកិច្ចការរដ្ឋ ខេត្តក្វាងទុង ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធាន អង្គភាព ក៏បានដឹកនាំគណៈប្រតិភូ អ.ប.ព. អញ្ជើញបំពេញទស្សនកិច្ចការងារ នៅខេត្តក្វាងទុង ដើម្បីពង្រឹង កិច្ចសហប្រតបត្តិការ ផ្លាស់ប្តូរបទពិសោធន៍ លើកិច្ចការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ រវាងស្ថាប័នទាំងពីរ ឲ្យកាន់រីកចម្រើនបន្ថែមទៀត។
ក្រោយពីបានស្តាប់របាយការណ៍របស់ប្រធានអង្គភាព ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បាន ពិភាក្សា លើកសំនួរ និងបានផ្តល់អនុសាសន៍ល្អៗជាច្រើន ចំពោះការរាយការណ៍ ទាំងការងារពាក្យប្ដឹង ការងារប្រកាសទ្រព្យសម្បត្តិនិងបំណុល ព្រមទាំងកិច្ចការផ្សេងៗទៀត ដែលអង្គភាពកំពុងចាប់អារម្មណ៍ និង កំពុងអនុវត្តនៅពេលនេះ និងនៅពេលខាងមុខ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី