Thursday, January 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានពន្យល់ឯកអគ្គរាជទូតអូស្ត្រាលី អំពីការចាប់ខ្លួនបុគ្គលមួយចំនួន

រាជធានីភ្នំពេញ៖ បន្ទាប់ពីឯកឧត្តមឯកអគ្គរាជទូតអូស្ត្រាលី បានលើកឡើងពីករណីការចាប់ខ្លួនបុគ្គលមួយចំនួនមកនោះ, ឯកឧត្តមទេសរដ្ឋមន្ត្រីប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានពន្យល់អំពីការចាប់ខ្លួនបុគ្គលមួយចំនួន ដែលជាមេក្លោង ក្នុងការប្រឆាំងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ករណីមាតាធម្មជាតិ ករណីប្រវត្តិនៃការធ្វើកុបកម្មឆ្នាំ២០១៣នៅកម្ពុជា និងករណីការចាប់ខ្លួនរបស់លោក ម៉ិច ដារ៉ា។

ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលជំនួបរវាង ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយឯកឧត្តម Derek Yip ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា។

នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Derek Yip ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅសាលប្រជុំរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.)។ កិច្ចជំនួបនេះ បានផ្តោតការពិភាក្សាលើតួនាទីសំខាន់ៗរបស់ គ.ស.ម.ក. និងការពង្រឹង កិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្ស រវាង គ.ស.ម.ក. និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។

ក្រោយពីការសម្តែងនូវកិច្ចស្វាគមន៍ចំពោះឯកឧត្តម Derek Yip និងសហការី ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីការងារសំខាន់ៗរបស់ គ.ស.ម.ក. ទាំងនៅថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ។ ក្នុងនោះ នៅថ្នាក់ជាតិ គ.ស.ម.ក. បានធ្វើការអប់រំនិងផ្សព្វផ្សាយច្បាប់សិទ្ធិមនុស្សអន្តរជាតិ ការទទួល ស៊ើបអង្កត និងដោះស្រាយពាក្យបណ្តឹង ការចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅតាមពន្ធនាគារនិងមណ្ឌលអប់រំកែប្រែ ទូទាំងប្រទេស និងការផ្តល់មេធាវីស្ម័គ្រដោយឥតគិតថ្លៃដល់ជនរងគ្រោះដែលគ្មានទីពឹង ឬជាជនក្រីក្រ ជាដើម។ ចំពោះថ្នាក់តំបន់ គ.ស.ម.ក. គឺជាតំណាងប្រទេសកម្ពុជា នៅក្នុងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា-AICHR)។ រីឯនៅថ្នាក់អន្តរជាតិ គ.ស.ម.ក. ទទួលបន្ទុកសរសេររបាយការណ៍ សិទ្ធិមនុស្សជាតិចំនួនប្រាំ សម្រាប់ផ្ញើទៅយន្តការសិទ្ធិមនុស្សនានារបស់អង្គការសហប្រជាជាតិ និងមានតួនាទី ក្នុងការដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមនៅក្នុងដំណើរការនៃការពិនិត្យរបាយការណ៍ទាំងនេះ។ ទន្ទឹមនេះ ឯកឧត្តមក៏បានគូសបញ្ជាក់ពីប្រទេសជាដៃគូសន្ទនារបស់ គ.ស.ម.ក. រួមមាន ជប៉ុន កាណាដា ស៊ុយអែត អង់គ្លេស អាល្លឺម៉ង់ បារាំង សហភាពអឺរ៉ុប ជាដើម។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បាន ថ្លែងអំណរគុណ ដល់ស្ថានទូតអូស្ត្រាលី ដែលតែងតែផ្តល់នូវកិច្ចសហការល្អជាមួយ គ.ស.ម.ក. ដូចជា ការជួយជ្រោមជ្រែង នៅក្នុងដំណើរការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្ស (NHRI)តាមរយៈវេទិកាអាស៊ីប៉ាស៊ីហ្វិក (APF) និងការលើកកម្ពស់និងការការពារសិទ្ធអ្នកស្រឡាញ់ភេទដូចគ្នា ក្នុងប្រទេសកម្ពុជា។

នៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូតបានកត់សម្គាល់ពីទំនាក់ទំនងយូរអង្វែង ដែលមានមូលដ្ឋានគ្រឹះ រឹងមាំរវាងប្រទេសកម្ពុជានិងប្រទេសអូស្ត្រាលី និងបានបង្ហាញពីបំណងក្នុងការបន្តពង្រនឹងកិច្ចសហប្រតិបត្តិការ នេះកាន់តែប្រសើរឡើងថែមទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានទទួលស្គាល់ពីការរីកចម្រើនផ្នែកសេដ្ឋកិច្ច សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា សិទ្ធិជនមានពិការភាព សមភាពយេនឌ័រ និងការទទួលយកអនុសាសន៍ ការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ជុំទី៤ របស់ប្រទេសកម្ពុជា។ បន្ថែមពីនេះ ឯកឧត្តម ក៏បានសាកសួរពីវឌ្ឍនភាពរបស់សេចក្តីព្រាងច្បាប់ស្តីពីស្ថាប័នជាតិសិទ្ធិមនុស្ស និងលើកឡើងពីលំហនៃ សិទ្ធិពលរដ្ឋនិងនយោបាយ ក៏ដូចជាសេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន ដែលក្នុងនោះ ឯកឧត្តម ក៏បានលើកឡើងពីករណីការចាប់ខ្លួនរបស់លោក ម៉ិច ដារ៉ា ករណីមាតាធម្មជាតិ និងករណីការចាប់ខ្លួន បុគ្គលមួយចំនួនដែលប្រឆាំងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា សេចក្តីព្រាងច្បាប់ស្តីពីស្ថាប័នជាតិសិទ្ធិមនុស្ស បានដាក់ជូន ទីស្តីការគណៈរដ្ឋមន្ត្រីរួចរាល់ហើយ និងបានគូសបញ្ជាក់ពីថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ បាននិង កំពុងអនុវត្តយ៉ាងមមាញឹកនូវកម្មវិធីគោលនយោបាលអាទិភាពទាំង៦ ជាពិសេសការពង្រឹងសេវាគាំពារសង្គម។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានពន្យល់អំពីការចាប់ខ្លួនបុគ្គលមួយចំនួន ដែលជាមេក្លោង ក្នុងការប្រឆាំងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ករណីមាតាធម្មជាតិ ករណីប្រវត្តិនៃការធ្វើកុបកម្មឆ្នាំ២០១៣នៅកម្ពុជា និងករណីការចាប់ខ្លួនរបស់លោក ម៉ិច ដារ៉ា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី