Friday, October 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចូលរួមព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ នៅទីក្រុងចឹងចូវ ខេត្តហឺណាន

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការចូលរួមព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ នៅទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។

តបតាមការអញ្ជើញរបស់រដ្ឋបាលប្រជាជនខេត្តហឺណាន និងសមាគមក្បាច់គុនវូស៊ូ (Wushu) នៃ ទីក្រុងចឹងចូវ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំប្រតិភូក្រសួងទេសចរណ៍ និងក្រុមកីឡាករគុនល្បុក្កតោកម្ពុជា ចូលរួមព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ (The 13th China Zhengzhou International Shaolin Wushu Festival) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន។ ព្រឹត្តិការណ៍នេះ នឹងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ សមាគមទេសចរណ៍ និងវប្បធម៌ ផ្នែកឯកជន កីឡាករ ក្បាច់គុនចម្រុះ និងកីឡាករក្បាច់គុនសៅលីញវូស៊ូ (Wushu Shaolin) មកពីប្រទេសចិន ប្រទេសក្នុងតំបន់ និង ពិភពលោក សរុបប្រមាណជាង ១២០០នាក់។

ក្នុងនាមជាភ្ញៀវកិត្តិយស ឯកឧត្តមរដ្ឋមន្ត្រី នឹងអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើកព្រឹត្តិការណ៍ ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ និងកម្មវិធីគុនល្បុក្កតោ កម្ពុជា-ហឺណាន (Henan and Cambodia Bokator Martial Arts) ដែលនឹងមានការសំដែងរួមគ្នាក្បាច់គុនល្បុក្កតោកម្ពុជា និងក្បាច់គុន សៅលីញវូស៊ូ (Wushu Shaolin) នៅបរិវេណព្រះវិហារវត្ត Shaolin ដែលនឹងជាឱកាសក្នុងការផ្សព្វផ្សាយអំពី ក្បាច់គុនល្បុក្កតោកម្ពុជា វឌ្ឍនភាពទេសចរណ៍កម្ពុជា ការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពង្រីក កិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្តហឺណាន និងជំរុញការផ្សព្វផ្សាយយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤- ជាពិសេសបន្តជំរុញការអនុវត្ត “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤- ឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារចិន និងអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏គ្រោងនឹងទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ ខេត្តហឺណាន ថ្នាក់ដឹកនាំទីក្រុងចឹងចូវ និងក្រុមហ៊ុនទេសចរណ៍ចិនធំៗដែលមានសក្តានុពលមួយចំនួនផងដែរ៕ រក្សាសិទ្ធដោយ​៖ សុទ្ធលី

×