Saturday, October 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់យុវជនកាកបាទក្រហម បន្តពង្រឹង និងពង្រីកនូវ​វប្បធម៌​ចែករំលែក ពង្រឹងសកម្មភាព មិត្តអប់រំមិត្ដ និង មិត្តជួយមិត្ត

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង “ពិធីសំណេះសំណាល និងបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សា ២៥ ក្នុងរាជធានីភ្នំពេញ” នា ព្រឹកថ្ងៃសៅរ៍ ទី១៩ តុលា ២០២៤។

ពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជានាព្រឹកថ្ងៃនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វឌ្ឍនភាពការងារយុវជន បានផ្សាភ្ជាប់ទៅនឹងការអភិវឌ្ឍ​កាក​បាទក្រហមកម្ពុជា ហើយការអភិវឌ្ឍរបស់កាកបាទក្រហមកម្ពុជា ក៏បានផ្សារភ្ជាប់ទៅនឹងសុខសន្តិភាព និងស្ថិរភាព នយោបាយរបស់ប្រទេសជាតិ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សង្គ្រាម និងការបែកបាក់របស់សមាគមជាតិទៅជាក្រុម បានធ្វើឱ្យអាសនៈរបស់កាកបាទក្រហមកម្ពុជានៅសហព័ន្ធអន្តរជាតិ ត្រូវបានព្យួរទុកឱ្យនៅទំនេរតាំងពីឆ្នាំ១៩៧៥ រហូតមកដល់ឆ្នាំ១៩៩៤។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាកបាទក្រហមកម្ពុជានៅក្នុងប្រទេស ដែលមានបុព្វការីជន នៅរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ បានចាប់ផ្តើមប្រតិបត្តិការមនុស្សធម៌ឡើងវិញក្នុងស្ថានភាព សង្គម សេដ្ឋកិច្ចមួយដ៏សែនលំបាកបំផុត ដើម្បីជួយប្រជាជនកម្ពុជារួចរស់ពីរបប ប៉ុល ពត ដែលកំពុងត្រូវការជំនួយមនុស្សធម៌ជាចាំបាច់បំផុត ព្រមទាំងបានតស៊ូអភិវឌ្ឍន៍ខ្លួនរហូតសម្រេច​បានមកវិញ​នូវឋានៈស្របច្បាប់ជាសមាគមជាតិមានតែមួយ​គត់​នៅក្នុងប្រទេសឡើងវិញ យកចិត្តទុកដាក់បំពេញតួនាទីទៅតាមច្បាប់ជាតិ/ច្បាប់អន្តរជាតិ ថាជាជំនួយការជូនអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សង្គ្រាមមិនត្រឹមសម្លាប់មនុស្សអំឡុងពេលមានសង្គ្រាមនោះទេ សង្គ្រាមបញ្ចប់ហើយក៏បន្តនៅយាយីជីវិតមនុស្សតាមរយៈគ្រាប់មីន ដូចជាករណីកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនាមជាយុវជនកាកបាទក្រហមកម្ពុជា ត្រូវតែស្គាល់ និងចងចាំជានិច្ចនូវប្រវត្តិសាស្ត្រប្រទេសជាតិ ដែលផ្សាភ្ជាប់ទៅនឹងប្រវត្តិរបស់កាកបាទក្រហកម្ពុជា ហើយត្រូវតែនាំគ្នាគោរពដឹងគុណ បុព្វការីជនរបស់ខ្លួន ដែលពីមួយជំនាន់ ទៅមួយជំនាន់ លោកទាំងឡាយបានខិតខំ យកជីវិតធ្វើជាដើមទុន ដើម្បីសន្តិភាព ដើម្បីភាពសុខសាន្ត និងការអភិវឌ្ឍ របស់បងប្អូនរួមជាតិ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងរំលឹកយុវជនកាកបាទក្រហមថា កុំសួរខ្លួនឯងថា ពេលចូលកាកបាទក្រហម បានផលអ្វីពីកាកបាទក្រហម តែត្រូវសួរខ្លួនឯងថា ការចូលរួមជាមួយកាកបាទក្រហម តើអាចជួយអ្វីខ្លះដល់សង្គមជាតិ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់យុវជនកាកបាទក្រហមប្រកាន់ខ្ជាប់នូវគុណតម្លៃរបស់ខ្លួន ប្រកាន់អភិក្រមគុណធម៌ និងសីលធម៌។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់យុវជនកាកបាទក្រហម បន្តការយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រមុខជំនាញ ឱ្យបានច្បាស់លាស់ ចូលរួមលើកកម្ពស់វប្បធម៌ អរិយធម៌ ប្រពៃណីជាតិ ពង្រីកចំណេះដឹងដោយសិក្សាបន្ថែមនូវបច្ចេកវិទ្យា ព័ត៌មានឌីជីថល និងភាសាបរទេស ឱ្យស្របតាមតម្រូវការងារទីផ្សារក្នុងប្រទេស និងសកលលោក។ ត្រូវចាំថា វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់យុវជនកាកបាទក្រហម រៀនគិតពិចារណាស្រាវជ្រាវឱ្យបានល្អិតល្អន់មុនជឿលើរឿងអ្វីមួយ។ ត្រូវចេះស្រឡាញ់ជាតិ តែមិនត្រូវជ្រុលនិយម។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់យុវជនលើកតម្កើងគំនិតវិជ្ជមាន កុំអង្គុយខ្វល់នឹងគេចង់ធ្វើអ្វីមកលើយើង ឬទៅរកវិធីបំផ្លាញគេ គឺត្រូវប្រឹងប្រែងពង្រឹងសមត្ថភាព ពង្រឹងសាមគ្គី ប្រឹងប្រែងផលិត បង្កើត និងផ្សព្វផ្សាយអ្វីដែលខ្លួនមាន។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់យុវជនកាកបាទក្រហម បន្តពង្រឹង និងពង្រីកនូវ​វប្បធម៌​ចែករំលែក ពង្រឹងសកម្មភាព មិត្តអប់រំមិត្ដ និង មិត្តជួយមិត្ត ចេះជួយសិស្ស និស្សិត យុវជនកាកបាទក្រហមកម្ពុជា ដែលមានជីវភាពខ្វះខាត ហើយ កំពុងសិក្សានៅក្នុងគ្រឹះស្ថាន​សិក្សា​ជាមុន និងសិស្ស និស្សិត កុមារកំព្រា ចាស់ជរា នៅតាមសហគមន៍ជាក្រោយ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់យុវជនកាកបាទក្រហម បន្តអនុវត្តគោលនយោបាយ​យុវជន និងសេចក្ដីណែនាំនានារបស់កាកបាទក្រហមកម្ពុជា ឱ្យបានប្រកបដោយប្រសិទ្ធភាព៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×