Sunday, October 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យច្រាំងទន្លេស្រុតបាក់ ក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

កំពង់ចាម ៖ នៅរសៀលថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម រួមជាមួយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យទីតាំងច្រាំងទន្លេមេគង្គស្រុតបាក់ ក្នុងភូមិមាន់ដប់លើ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

សូមជម្រាបថា ហេតុការណ៍ច្រាំងទន្លេមេគង្គស្រុតបាក់នៅក្នុងភូមិសាស្ត្រខាងលើបានកើតឡើងកាលពីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ត្រង់ចំណុចក្រោយវត្តសុទស្សនារាម ហៅវត្តមាន់ដប់ ហើយទំហំនៃការស្រុតបាក់មានបណ្តោយប្រវែង ៥០ម៉ែត្រ និងបាក់ចូលប្រមាណ ១០ទៅ១៥ម៉ែត្រ។

បើតាមរបាយការណ៍បច្ចេកទេសបានឱ្យដឹងថា មូលហេតុច្រាំងទន្លេមេគង្គស្រុតបាក់នៅទីតាំងនេះ គឺបណ្តាលមកពីទឹកទន្លេមេគង្គស្រកចុះលឿនបើធៀបនឹងឆ្នាំកន្លងមក ស្របពេលមានភ្លៀងធ្លាក់ច្រើន ហើយចរន្តទឹកមានការប្រែប្រួលដោយសារការដុះរីកនៃកោះក្នុងទន្លេ និងជាវិធានការចំពោះមុខតម្រូវឱ្យមានការត្រៀមលក្ខណៈដើម្បីជួសជុលបន្ទាន់។

សូមបញ្ជាក់ថា បាតុភូតនៃការប្រែប្រួលចរន្តទឹកបណ្តាលមកពីការដុះរីកនៃកោះនានាក្នុងទន្លេ និងជម្រាបទឹកពីក្រោមដីបានបណ្តាលឱ្យមានការស្រុតបាក់ច្រាំងទន្លេជាបន្តបន្ទាប់។ ក្រសួងធនធានទឹក និងឧតុនិយម ក្នុងនាមក្រសួងបច្ចេកទេស បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអនុវត្ដការងារទៅតាមផែនការ ក្នុងគោលបំណងដើម្បីការពារច្រាំងទន្លេ រក្សាស្ថិរភាពច្រាំង និងកាត់បន្ថយការហូរច្រោះ និងស្រុតបាក់ច្រាំងទន្លេឱ្យបានជាអតិបរមា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×