Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្រ្តីហេង សួរ ៖ ការប្រកួតប្រជែងជំនាញថ្នាក់ជាតិមានអត្ថប្រយោជន៍សម្រាប់ភាគីពាក់ព័ន្ធផ្សេងៗ និងអាចទាញយកប្រយោជន៍សំខាន់ៗពីអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីបើកកម្មវិធី ការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅក្នុងបរិវេណសួនអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរាជធានីភ្នំពេញ (TVET Park Phnom Penh)។

ថ្លែងក្នុងឱកាសបើកកម្មវិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាមួយនេះ មានគោលបំណងបំផុសបំផុលឧត្តមភាពជំនាញ និងណែនាំដល់យុវជនអំពីជំនាញផ្សេងៗដែលមានមូលដ្ឋានលើវិជ្ជាជីវៈអាជីព ព្រមទាំងបំពាក់នូវមធ្យោបាយ និងធនធានដែលត្រូវការដើម្បីកសាងអនាគត ថែមទាំងបំផុស និងទាក់ទាញអ្នកជំនាន់ក្រោយឱ្យស្វែងយល់ពីភាពពាក់ព័ន្ធ និងសារៈសំខាន់នៃជំនាញ។

ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា ការប្រកួតប្រជែងជំនាញនេះ ធ្វើឡើងជារៀងរាល់ពីរឆ្នាំម្តង ដែលជាព្រឹត្តិការណ៍សម្រាប់សិស្ស និស្សិតឆ្នើម និងអ្នកជំនាញវ័យក្មេងមកពីបណ្តាសហគ្រាសគ្រឹះស្ថាន ដើម្បីបង្ហាញពីទេពកោសល្យ ភាពច្នៃប្រឌិត និងចំណង់ចំណូលចិត្តក្នុងអាជីពរៀងៗខ្លួន។ លើសពីនេះ ការប្រកួតប្រជែងជំនាញ បានផ្តល់ឱកាសដល់យុវជន គ្រូបណ្តុះបណ្តាល ស្ថាប័នបណ្តុះបណ្តាល ឧស្សាហកម្ម និងរាជរដ្ឋាភិបាលបានជួបប្រាស្រ័យទាក់ទង និងរៀនសូត្រពីគ្នាទៅវិញទៅមក ស្វែងយល់នូវបច្ចេកវិទ្យា និងវិធីសាស្ត្រថ្មីៗប្រកបទៅដោយភាពច្នៃប្រឌិតសម្រាប់ការរៀន ការបង្រៀន និងការបណ្តុះបណ្តាលកម្លាំងពលកម្មនាពេលអនាគត ដើម្បីទទួលបានជំនាញតាមតម្រូវការក៏ដូចជាធ្វើឱ្យប្រសើរឡើងនូវភាពទាក់ទាញនៃជំនាញ។

ឯកឧត្តមរដ្ឋមន្រ្តី លើកទឹកចិត្តដល់បេក្ខជន ខិតខំប្រឹងប្រែងប្រើប្រាស់ឱ្យអស់នូវសមត្ថភាព ចំណេះដឹង ជំនាញ ទេពកោសល្យ និងភាពប៉ិនប្រសប់របស់ខ្លួន ក្នុងការប្រកួតប្រជែងដណ្តើមជ័យលាភី ដោយត្រូវគោរព និងអនុវត្តទៅតាមលក្ខន្តិកៈ និងការណែនាំរបស់គណៈកម្មការសម្រាប់ការប្រកួតប្រជែង។

ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា ការប្រកួតប្រជែងជំនាញថ្នាក់ជាតិមួយនេះមានអត្ថប្រយោជន៍សម្រាប់ភាគីពាក់ព័ន្ធផ្សេងៗ និងអាចទាញយកប្រយោជន៍សំខាន់ៗពីអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេសផងដែរ។
ឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមយ៉ាងមុតមាំថា ការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤នេះ នឹងប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងរកឃើញម្ចាស់ជ័យលាភីដែលមានទេពកោសល្យ និងសមត្ថភាពខ្ពស់ ដើម្បីជាបេក្ខជនតំណាងប្រទេសកម្ពុជាទៅចូលរួមប្រកួតប្រជែងជំនាញអាស៊ាន លើកទី១៤ ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន និងអន្តរជាតិផ្សេងៗនាពេលខាងមុខ ដើម្បីជាកិត្តិយសខ្លួនឯង គ្រួសារ និងប្រទេសជាតិទាំងមូល។
សូមបញ្ជាក់ផងដែរថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤ មានរយៈពេលប្រាំថ្ងៃ ក្នុងនោះមានបេក្ខជនសរុបចំនួន៩៣រូប (ស្រី ១២រូប) មកពីគ្រឹះស្ថានសិក្សាចំនួន១៦ ចូលរួមប្រកួតប្រជែងលើជំនាញ៖ ជំនាញតបណ្តាញអគ្គិសនី ជំនាញរៀបឥដ្ឋ, ជំនាញផ្សារ, ជំនាញសរសេរកម្មវិធីកុំព្យូទ័រធុរកិច្ច, ជំនាញរចនាគេហទំព័រ, ជំនាញរចនាក្រាហ្វិក, ជំនាញរៀបការ៉ូ, ជំនាញម៉ាស៊ីនស្វ័យប្រវត្តិកម្ម, ជំនាញ Information Network Cabling (Demo)។ ក្នុងនោះបេក្ខជន ដែលជាប់ចំណាត់ថ្នាក់ទទួលបានមេដាយនឹងត្រូវទទួលបានរង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាលដូចជា មេដាយមាស ទទួលបានប្រាក់រង្វាន់ចំនួន៣លានរៀល, មេដាយប្រាក់ ទទួលបានប្រាក់រង្វាន់២លានរៀល និងមេដាយសំរឹទ្ធិ ទទួលបានរង្វាន់១លានរៀល៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×