Monday, October 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងប្រធានគណៈប្រតិភូអាយប៉ា អញ្ជើញចុះហត្ថលេខាលើរបាយការណ៍បូកសរុបលទ្ធផលមហាសន្និបាតលើកទី៤៥

នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំពេញអង្គលើកទី២ នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ ដែលរដ្ឋសភាប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ នៅក្នុងទីក្រុងវៀងច័ន្ទន៍។

កិច្ចប្រជុំពេញអង្គលើកទី២ បានស្តាប់របាយការណ៍លទ្ធផលការងារដែលគណៈកម្មាធិការនានារបស់អាយប៉ាលើកទី៤៥ បានប្រជុំពិភាក្សាគ្នាលើសេចក្តីព្រាងសេចក្តីសម្រេចចំនួន៣៧ ក៏ដូចជាការពិនិត្យលទ្ធផលការងាររបស់អាយប៉ាយបានធ្វើកន្លងមក​ និងទិសដៅអាយប៉ានាពេលអនាគត។

ឯកឧត្តម សាយសំភូន ភូមិវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភាឡាវ​ និងជាប្រធានអាយប៉ាលើកទី៤៥ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ។
តាមរបាយការណ៍ជូនអង្គប្រជុំ បានឱ្យដឹងថា គណៈកម្មាធិការនយោបាយបានពិភាក្សា អនុម័តសេចក្ដីសម្រេចចំនួន៤។ គណៈកម្មាធិការសេដ្ឋកិច្ច បានពិភាក្សាអនុម័តសេចក្ដីសម្រេចចំនួន៨។ គណៈកម្មាធិការសង្គមកិច្ច បានពិភាក្សា​ និងអនុម័តសេចក្ដីសម្រេចចំនួន ៥។ គណៈកម្មាធិការសមាជិកសភាស្ត្រីអាយប៉ា បានពិភាក្សា​ និងអនុម័តសេចក្ដីសម្រេចចំនួន២។ គណៈកម្មាធិការសមាជិកសភាវ័យក្មេងអាយប៉ា បានពិភាក្សា​ និងអនុម័តសេចក្ដីសម្រេចចំនួន៣។ គណៈកម្មាធិការរៀបចំ បានពិភាក្សា​ និងអនុម័តសេចក្ដីសម្រេចចំនួន ១៥។

សូមជម្រាបថា​ នៅក្នុងសេចក្តីព្រាងសេចក្តីសម្រេចទាំង៣៧ ដែលបានអនុម័តនាពេលនេះ មានសេចក្តីព្រាងសេចក្តីសម្រេចចំនួន៥ ដែលសភាកម្ពុជាបានធ្វើជាសហគាំទ្រ។ នៅក្នុងនោះ​ សេចក្តីព្រាងសេចក្តីសម្រេចមួយ នៅក្នុងគណៈកម្មាធិការស្រ្តីអាយប៉ា សេចក្តីព្រាងសេចក្តីសម្រេចមួយនៅក្នុងគណៈកម្មាធិការសង្គមកិច្ច និងសេចក្តីព្រាងសេចក្តីសម្រេចចំនួន៥នៅក្នុងគណៈកម្មាធិការនយោបាយ។
នៅក្នុងកិច្ចពិភាក្សាការងាររវាងសភាសង្កេតការណ៍អាយប៉ា និងអាយប៉ា​ ក្រោមប្រធានបទស្ដីពី “កិច្ចសហប្រតិបត្តិការរបស់សភាដើម្បីឈានឆ្ពោះទៅរកសមាហរណកម្ម និងកំណើនប្រកបដោយបរិយាបន្ន” អាយប៉ាបានជួបសន្ទនាជាមួយសភាសង្កេតការណ៍ចំនួន១៥ប្រទេស។

ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ អាយប៉ាបានរៀបចំមហាសន្និបាតប្រចាំឆ្នាំជាទៀងទាត់ ដើម្បីពង្រឹងវិស័យការទូតសភាក្នុងការប្រមូលផ្តុំនូវមតិ យោបល់ ទស្សនៈតំណាងពលរដ្ឋ ក្នុងការគាំទ្រ​ និងរួមសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអាស៊ានដើម្បីជំរុញឱ្យសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ាន និងការរីកចម្រើនប្រកបដោយចីរភាព វិបុលភាព និងបរិយាបន្នជូនប្រជាពលរដ្ឋនៅក្នុងតំបន់​ និងអន្តរជាតិ។

ជាការកត់សម្គាល់នៅក្នុងការចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៥ ចាប់ពីថ្ងៃទី១៧ ខែតុលា​ មកដល់ថ្ងៃនេះ គណៈប្រតិភូសភាកម្ពុជា បានចូលរួមវេទិកា​ និងកិច្ចប្រជុំពាក់ព័ន្ធទាំងអស់នៃមហាសន្និបាត។ នៅក្នុងនោះ​ សម្តេចប្រធានរដ្ឋសភា ក៏បានឆ្លៀតឱកាសនេះ ជួបពិភាក្សាការងារជាមួយបណ្តាគណៈប្រតិភូប្រទេសជាមិត្តមួយចំនួនទៀត ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទាំងក្របខណ្ឌទ្វេភាគី​ និងពហុភាគី ក្នុងនោះក៏បាននាំយកមកនូវផលប្រយោជន៍ជូនប្រទេសជាតិ ទាំងការងាររដ្ឋសភា វិស័យសង្គមកិច្ច សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ ទេសចរណ៍​ ជាពិសេសការភ្ជាប់ទំនាក់ទំនងប្រជាជន​ និងប្រជាជាន។

មុនបញ្ចប់កិច្ចប្រជុំ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជារួមជាមួយប្រធានគណៈប្រតិភូសភាសមាជិកអាយប៉ា បានអញ្ជើញចុះហត្ថលេខាលើរបាយការណ៍បូកសរុបលទ្ធផលមហាសន្និបាតអាយប៉ាលើកទី៤៥ ប្រកបដោយផ្លែផ្លា​ និងអត្ថន័យ នៅក្នុងការលើកកម្ពស់ការទូតសភា ពង្រឹងកិច្ចសហប្រតិបត្តិការអាយប៉ា​ និងអាស៊ាន ដើម្បីសម្រេចចក្ខុវិស័យអាស៊ាន ដោយយកប្រជាពលរដ្ឋជាស្នូល​ ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×