Wednesday, October 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូង ករណីរួមភេទជាមួយអនីតិជន, ពួកគេជាសង្សានិងគ្នា ហើយក៏បានរួមភេទជាមួយគ្នាច្រើនលើក

បន្ទាយមានជ័យ ÷ នៅវេលាម៉ោង១០និង០០នាទីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ការិយាល័យជំនាញបានទទួល ពាក្យបណ្ដឹងពីឈ្មោះ ដ.ខ អាយុ៣៦ឆ្នាំ ត្រូវជាម្តាយជនរងគ្រោះឈ្មោះ ស.គ.រ.ស រស់នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្តីពីករណី រួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ប្រព្រឹត្តកាលពីវេលាម៉ោង០៤និង០០នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្រោយពីទទួលបានពាក្យបណ្តឹងកម្លាំងការិយាល័យជំនាញសហការជាមួយកម្លាំងមូលដ្ឋានក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះស្រាវជ្រាវ រកឃើញជនរងគ្រោះ និងជនសង្ស័យ នៅចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ និងបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈឿន ណយ ភេទប្រុស អាយុ១៧ឆ្នាំ ហើយនាំមកកាន់ការិយាល័យជំនាញ ដើម្បីធ្វើការសាកសួរ ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួន និងជនរងគ្រោះ គឺជាសង្សានិងគ្នា ហើយក៏បានរួមភេទជាមួយគ្នាច្រើនលើករួចមកហើយ។

ដោយផ្អែកលើចម្លើយសារភាព កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន កងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីហើយ នៅរសៀលថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានបញ្ជាក់ទៀតថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×