អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ម្សិលមិញនេះ បានចេញមកបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចុះផ្សាយរបស់ទូរទស្សន៍កូរ៉េខាងត្បូងមួយ ដែលបានចោទប្រកាន់ថា ពលរដ្ឋរបស់ខ្លួនរងគ្រោះ ដោយអំពើបង្ខាំងធ្វើការខុសច្បាប់ និងចាប់ជំរិតនៅកម្ពុជា ។
ក្រោយឃើញការចែកចាយរបស់សារព័ត៌មានកូរ៉េ ដោយអនុវត្តតាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ សថេត អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាកម្លាំងជំនាញបើកការស្រាវជ្រាវបន្ទាន់ភ្លាមៗ ជាលទ្ធផល នៃការស្រាវជ្រាវនេះ រកឃើញថា កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤កន្លងទៅ មានជនជាតិកូរ៉េម្នាក់ បានទំនាក់ទំនងមកប្រព័ន្ធទូរសព្ទទាន់ហេតុការណ៍ និងបានអះអាងថា ប្ដីរបស់ខ្លួនធ្វើការនៅអគារអាយខន ស្ថិតក្នុងខណ្ឌសែនសុខ ដោយទំនាក់ទំនងមិនបានឡើយ ។
ក្រោយមកកម្លាំងជំនាញ បានចុះទៅដល់ទីតាំង ដែលសង្ស័យក្នុងសេចក្ដីរាយការណ៍ និងរកឃើញថា មិនមានការចាប់ជំរិត ឬចាប់បង្ខាំងមនុស្សដោយខុសច្បាប់ឡើយ។ រួចសមត្ថកិច្ច បានរកឃើញ និងប្រគល់ជនជាតិកូរ៉េនោះ ទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន្ដ ដើម្បីធ្វើការសួរនាំបន្ដ។ បន្ទាប់ពីសួរនាំ ជនជាតិកូរ៉េខាងលើ បានអះអាងថា ខ្លួនមិនត្រូវបានចាប់ជំរិត ឬបង្ខាំងឲ្យធ្វើការដោយខុសច្បាប់អ្វីឡើយ។ ក្រោយបញ្ចប់ការសួរនាំតាមនីតិវិធី នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានអន្ដោប្រវេសន្ដ បានបញ្ជូនជនជាតិកូរ៉េខាងលើទៅកាន់ប្រទេសដើមវិញ រួចរាល់ ។
ក្នុងន័យនេះ អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសង្កត់ធ្ងន់ថា ចំពោះការផ្សព្វផ្សាយព័ត៌មានរបស់ទូរទស្សន៍កូរ៉េនោះ មិនមែនជាការពិតនោះឡើយ ហើយអគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការបដិសេធយ៉ាងដាច់អហង្កា ច្រានចោលទាំងស្រុង និងអំពានាវដល់ស្ថានីយ៍ទូរទស្សន៍កូរ៉េនោះ ធ្វើការកែសម្រួល នូវការផ្សាយព័ត៌មាននេះឡើងវិញ ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី