Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ មានការកើនឡើងជាង ២៦% នៅត្រីមាសទី៣ ឆ្នាំ២០២៤នេះ

ភ្នំពេញ៖ យើងតាមរបាយការណ៍កំពង់ផែស្វយ័តភ្នំពេញ បានឲ្យដឹងថា បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ មានចំនួនជាង ១៦ម៉ឺនTEUs (ធីអ៊ីយូ) នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤នេះ ដោយបានកើនចំនួន ២៦,១៣% បើប្រៀបធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៣។

បើតាមមន្ត្រីជាន់ខ្ពស់កំពង់ផែស្វយ័តភ្នំពេញ បានឲ្យដឹងថា ការកើនឡើងនៃសកម្មភាពដឹកទំនិញឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញនាពេលនេះ គឺដោយសារតែការនាំចេញនូវកសិផលកម្ពុជា មានការកើនឡើង ព្រមជាមួយនឹងការនាំចេញផលិតផលវាយភណ្ឌកាត់ដេរទៅទីផ្សារបរទេស ក៏មានការកើនឡើង ដែលបានធ្វើឲ្យកំណើននាំចេញផលិត​ផលពីកម្ពុជា។

មន្ត្រីកំពង់ផែស្វយ័តភ្នំពេញ បានឲ្យដឹងបន្ថែមថា កំពង់ផែនេះ នឹងខិតខំបន្តផ្តោតការយកចិត្តទុកដាក់លើការធ្វើទំនើបកម្មប្រតិបត្តិការឲ្យស្របតាមស្តង់ដារ និងប្រព័ន្ធបច្ចេកវិទ្យា បង្កើនឧត្តមភាពប្រកួតប្រជែងដោយស្មោះត្រង់ ជាមួយកំពង់ផែក្នុង និងក្រៅប្រទេស និងបង្ខិតសេវាកម្មកំពង់ផែឲ្យកាន់តែខិតជិតអ្នកប្រើប្រាស់ ចូលរួមក្នុងសកម្មភាពសង្គម និងសហគមន៍មូលដ្ឋាន។

គួរបញ្ជាក់ថា ដោយឡែក នៅខែកញ្ញា ឆ្នាំ២០២៤នេះដែរ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ មានចំនួន ៥ម៉ឺន ២២៨៣ TEUs កើនចំនួន ៤៥,១១% ធៀបនឹងខែកញ្ញា ឆ្នាំ២០២៣។ ហើយសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៤នេះ បរិមាណនាវាដឹកអ្នកដំណើរ មានចំនួន ១៣៥ជើង កើន ២៩,៨១%  បើប្រៀធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៣កន្លងទៅ និងអ្នកដំណើរសរុបចំនួន ៥៦៣៦នាក់ កើន ៤៩,៧៣% បើប្រៀបធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៣ផងដែរ៕

×