Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោងវិនិយោគសរុបចំនួន ១៦៥គម្រោង នៅខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេសពីរាជ​រដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ កម្មវិធីពិសេសជំរុញការវិនិយោគនៅក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ ដែលបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ដោយសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី កាលថ្ងៃទី ៣១ ខែ មករា ឆ្នាំ២០២៤កន្លងទៅ រហូតដល់ខែតុលា ឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស សរុបចំនួន ១៦៥គម្រោង។ គម្រោងទាំងនោះ រួមមានគម្រោងខ្នាតមីក្រូ តូច មធ្យម និងធំ របស់ម្ចាស់គម្រោង និងក្រុមហ៊ុនក្នុងស្រុក និង បរទេស ដែលមានវិសាលភាពនៅគ្រប់ក្រុងស្រុកនៃខេត្តព្រះសីហនុ ក្នុងនោះ គម្រោងដែលមានទុនវិនិយោគលើសពី ១០០លានដុល្លារអាមេរិក មានចំនួន ២៣គម្រោង។

ឯកឧត្តម ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី ១១ នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៤  ដើម្បីពិនិត្យគម្រោង វិនិយោគ និងធុរកិច្ច ដែលបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី ក្នុងក្របខ័ណ្ឌកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ ដោយបានវាយតម្លៃខ្ពស់ចំពោះការចូលរួមការគាំទ្រ ការប្តេជ្ញា និងឆន្ទៈខ្ពស់របស់ក្រុមការងារ និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ចក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែល្អប្រសើរ និងអាចអនុញ្ញាតឱ្យគោលការណ៍លើកទឹកចិត្តអនុវត្តបានភ្លាម ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។

កិច្ចប្រជុំនេះ ក្រុមការងារ ក៏បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន ២៥គម្រោង ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន ១២, គម្រោងថ្មី ចំនួន ១២, និងការពង្រីកគម្រោង ចំនួន ១ ដែលមានទុនវិនិយោគសរុប ៩១៧លានដុល្លារអាមេរិក ជាអាទិ៍ រោងចក្រផលិតសម្ភារបរិក្ខារតុបតែងលំអគេហដ្ឋាន, រោងចក្រផលិតកាបូប, រោងចក្រផលិតសម្ភារពីក្រដាស, អគារពហុមុខងារ, អគារស្នាក់នៅរួម, សណ្ឋាគារ, ភោជនីយដ្ឋាន និងរមណីយដ្ឋាន។

គួរបញ្ជាក់ថា ក្នុងចំណោមគម្រោងទាំង ១៦៥, គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង មានចំនួន ៨៥, គម្រោងថ្មី មានចំនួន ៦១, ការពង្រីកគម្រោង មានចំនួន ១៥ និងគម្រោងមានស្រាប់ មានចំនួន ៤។ គម្រោងទាំងនេះ ក៏រាប់បញ្ចូលគម្រោងដែលមានសក្តានុពលសំខាន់ៗ ដូចជា គម្រោងផលិតផ្ទាំងសូឡា និងគ្រឿងបង្គុំ, គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងគម្រោងសួនកសិ-ឧស្សាហកម្ម ជាដើម៕

×