Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ ចេញសេចក្ដីថ្លែងការណ៍ តបទៅនឹងចរន្តផ្សព្វផ្សាយព័ត៌មានពីក្រៅប្រទេសមួលបង្កាច់លាបពណ៌លើកម្ពុជាករណី Call Center!

រាជធានីពេញ ៖ ក្រសួងមហាផ្ទៃនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ សេចក្តីប្រកាសព័ត៌មានឲ្យដឹងថា មួយរយៈចុងក្រោយនេះ មានបណ្តាញព័ត៌មានពីក្រៅប្រទេសមួយចំនួន បានផ្សព្វផ្សាយមួលបង្កាច់លាបពណ៌មកលើកម្ពុជាថា បណ្តែតបណ្តោយឱ្យមានការជួញដូរមនុស្ស ការបង្ខាំងមនុស្សដោយខុសច្បាប់ ការធ្វើទារុណកម្មលើពលករបរទេស និងការបង្ខំឱ្យ ធ្វើការពាក់ព័ន្ធនឹង Call Center ខុសច្បាប់ជាដើម។

ក្រសួងមហាផ្ទៃ មើលឃើញថា ការផ្សព្វផ្សាយនេះ ផ្ទុយស្រឡះពីវិជ្ជាជីវៈសារព័ត៌មានដោយយករូបភាពពីនេះ ពីនោះ គ្មានប្រភពច្បាស់ការ ឬយកពីក្រុមអ្នកបង្កើតមាតិការកលុយតាមប្រព័ន្ធអ៊ីនធឺណេត (MMO) និងយករូបភាពចាស់ៗ ដែលសមត្ថកិច្ច កម្ពុជាធ្លាប់ចុះបង្ក្រាបកន្លងទៅ មកផ្តុំបញ្ចូលគ្នារួចអត្ថាធិប្បាយបំផ្លើសពីការពិតហាក់បីដូចជា គម្រោងផែនការទុច្ចរិត ធ្វើឱ្យប៉ះពាល់ ដល់ភាពស្អាតស្អំរបស់កម្ពុជាលើឆាកអន្តរជាតិ។ លើសពីនេះ ក្រុម MMO បានយកកម្ពុជាធ្វើជាប្រធានបទបង្កើតមាតិកាផ្សារភ្ជាប់ទៅនឹង រឿងដែលពិភពលោកកំពុងចាប់អារម្មណ៍ ទាក់ទាញអ្នកទស្សនានាំឱ្យមានការភ័ន្តច្រឡំពីសាធារណមតិជាតិ និងអន្តរជាតិមកលើកម្ពុជា។ ដូចបណ្តារដ្ឋដទៃទៀតដែលកើតមានករណីទាំងនេះ ក្រសួងមហាផ្ទៃ មានឆន្ទៈមុតមាំក្នុងការសហការបង្ការទប់ស្កាត់និង បង្ក្រាបរាល់អំពើខុសច្បាប់ផ្សេងៗពាក់ព័ន្ធនឹង Call Center ដែលជាបទល្មើសសកល។ ក្នុងនោះ កម្ពុជាបានបង្កើតគណៈកម្មាធិការ ជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលថ្មីៗនេះ បានដាក់ចេញផែនការយុទ្ធសាស្ត្រជាតិ ២០២៤-២០២៨ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤កន្លងទៅ ដោយមានសមាសភាពចូលរួមពីក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាប្រតិបត្តិករ។ ទន្ទឹមនឹងនេះ កម្ពុជាបានបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីបង្ក្រាបករណីមិនប្រក្រតីតាមប្រព័ន្ធ Call Center កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ និងបានចុះស្រាវជ្រាវបង្ក្រាបករណីជាបន្តបន្ទាប់ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ រាជធានី ភ្នំពេញ កោះកុង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងក្រុងបាវិត ខេត្តស្វាយរៀងជាដើម។

ក្រសួងមហាផ្ទៃ សូមបញ្ជាក់ថា អំពើខុសច្បាប់ពាក់ព័ន្ធនឹង Call Center នេះ គឺជាបទល្មើសសកលកើតឡើងតាមបណ្តា រដ្ឋជុំវិញពិភពលោកដែលត្រូវរួមគ្នាបង្ការទប់ស្កាត់ និងបង្ក្រាប។ ជាការអនុវត្តជាក់ស្តែង ស្ថានទូតនៃសាមីជនបរទេស តែងសហការ ជាមួយរដ្ឋដែលមានករណីកើតឡើង។ ក្នុងនោះ កម្ពុជា ក៏បានអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងមានប្រសិទ្ធភាពជាមួយបណ្តាស្ថានទូត បរទេសប្រចាំនៅកម្ពុជា និងបណ្តារដ្ឋដទៃទៀតផងដែរ។ ជាការកត់សម្គាល់ រាល់ពាក្យប្តឹងរបស់សាមីខ្លួន ភាគច្រើននៅពេលសមត្ថកិច្ច ចុះស្រាវជ្រាវ រកពុំឃើញដូចកម្មវត្ថុបណ្ដឹងឡើយ តែភាគច្រើនជាករណីរដ្ឋប្បវេណី ទំនាស់កិច្ចសន្យា លក្ខខណ្ឌការងារ ទំនាស់បុគ្គល ឯកជន និងជាលេសដើម្បីបានវិលត្រឡប់ទៅប្រទេសកំណើតវិញជាដើម។

ក្រសួងមហាផ្ទៃ សូមអំពាវនាវសាធារណជន កុំលង់ជឿ និងផ្សព្វផ្សាយបន្ត។ អង្គភាពសារព័ត៌មាន គប្បីគោរពឱ្យបាន ក្រមសីលធម៌វិជ្ជាជីវៈ ច្បាប់ជាតិ និងច្បាប់អន្តរជាតិ។ ក្រុម MMO កុំតែដើម្បីផលប្រយោជន៍ខ្លួនធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ របស់រដ្ឋអធិបតេយ្យ និងត្រូវបញ្ឈប់ជាបន្ទាន់ ចៀសវាងកម្ពុជាប្រើសិទ្ធិស្វ័យការពារតាមច្បាប់ជាធរមាន។

ជាថ្មីម្តងទៀត ក្រសួងមហាផ្ទៃ សូមបញ្ជាក់ជូនសាធារណជនជាតិ និងអន្តរជាតិ ជ្រាបថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការ ដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មានឆន្ទៈយ៉ាងមុះមុតក្នុងការប្រយុទ្ធប្រឆាំងរាល់អំពើ ខុសច្បាប់ពាក់ព័ន្ធនឹង Call Center និងប្រយុទ្ធប្រឆាំងចរន្តព័ត៌មានក្លែងក្លាយ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×