ខេត្តត្បូងឃ្មុំ: ប្រជាការពារម្នាក់បានរងរបួសត្រូវក្បាលផ្នែកខាងឆ្វេងមួយកាំបិតប័ងតោ ដោយសារយុវជនម្នាក់ដែលជាក្មេងទំនើងស្រវឹងស្រា ជាអ្នកកាប់។ហេតុការណ៍នេះបានកើតឡើងនៅឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក យុវជនដែលបង្កហិង្សានោះត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពញាក្រែកទាំងយប់ ក្រោយកាប់រួចប្រុងរត់គេចតែសមត្ថកិច្ចជាត់ជាប់ភ្លាមៗតែម្ដង។
សមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យដឹងនាល្ងាចថ្ងៃទី២៥តុលាថា: នៅវេលាម៉ោង៨និង៤៦នាទីយប់ថ្ងៃទី២៤តុលាឆ្នាំ២០២៤ នៅចំណុចភូមិទួលពោធិ ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក មានរថយន្តសាំយ៉ុងមួយគ្រឿងដឹកទំនិញបានក្រឡាប់ផ្អៀងជើងម្ខាង ។បន្ទាប់មកកម្លាំងប៉ុស្តិ៍រដ្ឋបាលកណ្ដោលជ្រុំនិងនគរបាលចរាចរណ៍ស្រុកពញាក្រែក ចុះមកសម្រួលចរាចរណ៍ដើម្បីកុំឲ្យកកស្ទះតាមដងផ្លូវ គ្រានោះយុវជនឈ្មោះជីវ៉ាស្រវឹងស្រាបានឈរនៅពីក្រោយរថយន្តដឹកទំនិញ។
សមត្ថកិច្ចមូលដ្ឋានបន្តឲ្យដឹងទៀតថាដោយឃើញយុវជននេះឈរក្រោយរថយន្តខ្លាចគ្រោះថ្នាក់កើតឡើងពេលរថយន្តធំៗបើកបរឆ្លងកាត់ទៅវិញទៅមកតាមដងផ្លូវគ្រានោះអ្នករងគ្រោះ ដែលជាប្រជាការពារប្រាប់ឲ្យចេញពីក្រោយរថយន្តខ្លាចរថយន្តផ្សេងបើកមកគ្រោះថ្នាក់ដៃបាក់ជើង ស្រាប់តែមានការឈ្លោះប្រកែកប្រតាយបន្ទាប់គ្នាហើយសមត្ថកិច្ចជួយបំបែកចេញ មិនឱ្យមានបញ្ហាកើតឡើង។បន្ទាប់មកយុវជនដែលស្រវឹងស្រានោះបានដើរត្រឡប់ទៅផ្ទះយកកាំបិតប័ុងតោ មកកាន់កន្លែងកើតហេតុរថយន្តដឹកទំនិញក្រឡាប់បះជើងម្ខាងហ្នឹងបានកាប់ត្រូវក្បាលប្រជាការពារឈ្មោះសុវ៉ាត ត្រូវផ្នែកខាងឆ្វេងបណ្ដាលឲ្យរយះហូរឈាមស្រោចខ្លួនប្រាណ ភ្លាមៗនោះត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនបង្កនិងបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកពញាក្រែកទាំងយប់តែម្ដង។ សូមបញ្ជាក់ថា
ជនរងគ្រោះ ឈ្មោះ ជយ័ សុវ៉ាត ភេទប្រុស អាយុ៦៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុខាងលើ និងឃាត់ខ្លួនជនសង្ស័យ ឈ្មោះមុី ជីវ៉ា ភេទប្រុស អាយុ២២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ដែលបានធ្វើសកម្មភាពយកកាំបិតប័ងតោកាប់ក្បាលជនរងគ្រោះ ចំនួន០១កាំបិត ។
អ្នករងគ្រោះត្រូវបានបញ្ជូនមកព្យាបាលនៅគ្លីនិកឯកជនមួយកន្លែងនិងបានត្រឡប់ទៅកាន់លំនៅឋានវិញ។ សមត្ថកិច្ចអះអាងថាជនសង្ស័យរូបនេះមិនដឹងថាស្ថិតនៅក្នុងបញ្ជីខ្មៅក្រោមការតាមដានរបស់សមត្ថកិច្ចឬមួយយ៉ាងណានោះទេ ព្រោះថានាយប៉ុស្តិ៍រដ្ឋបាលកណ្ដាលជ្រុំ ទើបតែចូលមកកាន់តំណែងគ្រប់គ្រងថ្មីៗ ។ជាមួយនោះជនបង្កត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធីបញ្ជូនទៅឲ្យដំណាងឯកាអមសាលាដំបូងខេត្តត្បូងឃ្មុំចាត់ការតាមច្បាប់ ៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី