ខេត្តកំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយសហការីជាច្រើននាក់ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការកសាងសង់ផ្លូវកៅស៊ូថ្មីនិងបេតុង នៅលើខ្សែផ្លូវ KC-12 ចាប់ពីឃុំ ទ្រាន ទៅដល់ ឃុំស្រក ស្រុកកំពង់សៀមដោយធ្វើឡើងនាព្រឹកថ្ងៃទី២៧តុលាឆ្នាំ ២០២៤ ។សូមបញ្ជាក់ថាពីមុនទីតាំងនេះជាប្រភេទផ្លូវដីហើយពិបាកក្នុងការធ្វើដំណើរពិសេសក្នុងរដូវវស្សាគ្រាដែលភ្លៀងធ្លាក់មកបែកភក់រអិលដួលកង់ម៉ូតូក៏មាន។
ក្នុងគម្រោងសាងសង់ផ្លូវកៅស៊ូ និងបេតុង ដែលជាគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) ដែលមានប្រវែង ៧៥.៣គីឡូម៉ែត្រ ដែលមានស្រុកចំនួន ៣ គឺ ស្រុក ជើងព្រៃ ស្រុកព្រៃឈរ និង ស្រុកកំពង់សៀម តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមឥណទានធនាគារពិភពលោក និងទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុន អឹម ធី អេ ខនស្ត្រាក់សិនខូអិលធីឌី (M.TA Construction Co.Ltd) ។
១. ចំពោះកំណាត់ផ្លូវ KC1 ស្ថិតនៅ ឃុំទ្រាន ទៅដល់ រង្វង់មូលនៃឃុំស្រក ស្រុកកំពង់សៀម ដែលមានប្រវែងសរុប ១៣,៨០គីឡូម៉ែត្រ ដែលមានទទឹងផ្លូវ ៦ម៉ែត្រ ដោយក្រាលកៅស៊ូ២ជាន់ និង ចិញ្ចើមផ្លូវ ១ម៉ែត្រ សងខាង ក្រាលកៅស៊ូ១ជាន់។ តែចាប់ពី PK2+900 to 5+000 គឺប្រវែង២១០០ម៉ែត្រ នៅលើទំនប់ជ្រោយចេកជាផ្លូវបេតុង ដែលមានទទឹង ៧ម៉ែត្រ កម្រាស់០,២ម៉ែត្រ និង ចិញ្ចើមផ្លូវ០,៥ម៉ែត្រ សងខាងដោយក្រាលកៅស៊ូ១ជាន់ សរុបទទឹងផ្លូវ គឺ៨ម៉ែត្រ។
ទីតាំងមួយទៀត គឺចាប់ពី PK8+700 to 9+200 គឺមានប្រវែង៥០០ម៉ែត្រ ដែលនៅលើទំនប់កែប្រែ មានទទឹង ៧ម៉ែត្រ កម្រាស់០,២ម៉ែត្រ និងចិញ្ចើមផ្លូវ០,៥ម៉ែត្រ សងខាងដោយក្រាលកៅស៊ូ១ជាន់ សរុបទទឹងផ្លូវ ៨ម៉ែត្រដែរ ។ សរុបប្រវែងផ្លូវបេតុងទាំង២ទីតាំង គឺ ២៦០០ម៉ែត្រ។ក្រោយពីសមិទ្ធផលទាំងនេះរួចរាល់ជាស្ថាពរធ្វើឲ្យកសិករងាយស្រួលដឹកកសិផលឆ្ពោះទៅកាន់ទីផ្សារចំណេញពេលវេលារហ័សទាន់ចិត្ត៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី