Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងទេសចរណ៍ បដិសេធចំពោះការចុះផ្សាយព័ត៌មានរបស់ទូរទស្សន៍កូរ៉េ អំពីករណីពលរដ្ឋកូរ៉េត្រូវបានបង្ខាំងធ្វើការខុសច្បាប់ និងត្រូវបានចាប់ជំរិតនៅកម្ពុជា

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានចេញសេចក្តីប្រកាសបដិសេធចំពោះការចុះផ្សាយព័ត៌មានរបស់ទូរទស្សន៍សាធារណរដ្ឋកូរ៉េ អំពីករណីពលរដ្ឋកូរ៉េត្រូវបានបង្ខាំងធ្វើការខុសច្បាប់ និងត្រូវបានចាប់ជំរិតនៅកម្ពុជា។

ក្រសួងទេសចរណ៍ សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា កន្លងទៅថ្មីៗនេះ មានទូរទស្សន៍កូរ៉េមួយ បានចុះផ្សាយដោយចោទប្រកាន់ថាពលរដ្ឋកូរ៉េបានរងគ្រោះ ដោយការបង្ខាំងធ្វើការខុសច្បាប់ និងត្រូវបានចាប់ជំរិតនៅកម្ពុជា។

កន្លងមក អគ្គស្នងការនគរបាលជាតិ បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចុះផ្សាយប្រឌិត ដោយទូរទស្សន៍កូរ៉េ ចំពោះការចោទប្រកាន់ខាងលើដែលជាព័ត៌មានមិនពិតនិងធ្វើឱ្យមានការភាន់ច្រឡំពី សាធារណមតិជាតិ និងអន្តរជាតិមកលើកម្ពុជា។ ចំណែកក្រសួងមហាផ្ទៃ ក៏បានចេញសេចក្តីប្រកាស ព័ត៌មានជាបន្តបន្ទាប់ បដិសេធចំពោះការផ្សព្វផ្សាយដោយបណ្តាញព័ត៌មានពីក្រៅប្រទេសមួយចំនួន ដែលមូលបង្កាច់លាបពណ៌មកលើកម្ពុជាថាបណ្តែតបណ្តោយឱ្យមានការជួញដូរមនុស្ស ការបង្ខាំងមនុស្ស ដោយខុសច្បាប់ ការធ្វើទារុណកម្មលើពលករបរទេស និងការបង្ខំឱ្យធ្វើការពាក់ព័ន្ធនឹង Call Center ខុសច្បាប់ជាដើម។

ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើ ក្រសួងទេសចរណ៍ សូមស្នើសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ ជឿជាក់លើវិធានការ និងចំណាត់ការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ ដ៏ត្រឹមត្រូវ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានឆន្ទៈយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងរាល់បទល្មើសទាំងឡាយ និងប្រយុទ្ធប្រឆាំងដាច់ខាត នឹងចរន្តព័ត៌មានក្លែងក្លាយ។

ក្រសួងទេសចរណ៍ សូមជម្រាបជូនសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាបន្ត រក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាមូលដ្ឋានគ្រឹះ ដ៏សំខាន់នៃការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍ផងដែរ។ ជាក់ស្តែង នៅឆ្នាំ២០២៣ កម្ពុជា ទទួលបានទេសចរអន្តរជាតិ ចំនួនជាង ៥,៤៥ លាននាក់ កើនឡើង ១៣៩,៥%។ ប្រាំបួនខែ ដើមឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនប្រមាណ ៤,៨លាននាក់ កើនឡើង២២,២% ក្នុងនោះមានទេសចរកូរ៉េចំនួន ១៤៤,២៩៣ នាក់ កើនឡើង ១៤,៨% ដូចគ្នានៅឆ្នាំ២០២៣។ តាមការព្យាករណ៍កម្ពុជា រំពឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៧ លាននាក់ នៅឆ្នាំ២០២៥។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍ សូមអំពាវនាវភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ឱ្យបានច្រើនកុះករក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ ពីថ្ងៃទី ១៤-១៦ ខែវិច្ឆិកា និងពិធីបុណ្យសមុទ្រនៅខេត្តកំពត ពីថ្ងៃទី ១៣-១៥ ខែធ្នូ នាពេលខាងមុខ។

ក្រសួងទេសចរណ៍ ស្នើឱ្យបណ្តាញសារព័ត៌មានពាក់ព័ន្ធ ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មានឱ្យបានត្រឹមត្រូវត្រូវ ដោយត្រូវកែតម្រូវ និងបញ្ឈប់រាល់ការផ្សាយព័ត៌មានមិនពិតដែលធ្វើ ឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×