Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តអូស្ត្រាលីចុះព្យាបាលជំងឺភ្នែកលើកទី៣នៅក្រុងកំពង់ចាម ដោយឥតគិតថ្លៃ

ខេត្តកំពង់ចាម: ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីមកពីគ្រប់ទិសទី ដែលមានជំងឺត្រចៀកនិងភ្នែក បាននាំគ្នាមកទទួលសេវាដោយឥតគិតថ្លៃពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសអូស្ត្រាលី
ដោយធ្វើការព្យាបាលនៅក្នុងបរិវេណមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តរយៈពេល៥ថ្ងៃ គឺមានរហូតដល់រាប់ពាន់នាក់ឯណោះ ក្នុងនោះសូម្បីតែពលរដ្ឋក្រៅខេត្តនៅជាប់កំពង់ចាម ក៏មកទទួលយកសេវានេះ ហើយបាននាំគ្នាលាន់មាត់ថាការវះកាត់ប្រកបដោយគុណភាពខ្ពស់ធ្វើឲ្យភ្នែកភ្លឺច្បាស់ទៀតផង។នេះជាកាយវិកាមនុស្សធម៌និងបានជួយកាត់បន្ថយការចំណាយរបស់ពលរដ្ឋបានមួយកម្រិតថែមទៀត។

អ៊ំស្រីហ៊ង ណារិន អាយុជាង៦០ឆ្នាំរស់នៅជាយក្រុងកំពង់ចាម បានរៀបរាប់ឲ្យដឹងនាព្រឹកថ្ងៃទី២៧តុលាឆ្នាំ២០២៤ ថា: គាត់មិនបានចាប់អារម្មណ៍ពីជំងឺភ្នែកឡើងបាយនោះទេ ពេលអានអក្សរដែលចៅសរសេរយកមកឱ្យមើលគឺត្រូវតែពាក់វ៉ែនតា ទើបមើលឃើញច្បាស់ ស្របពេលដែលទទួលដំណឹងពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់អូស្ត្រាលីមកព្យាបាលជំងឺភ្នែក គាត់ក៏ប្រញាប់ធ្វើដំណើរមកមជ្ឈមណ្ឌលគរុកោសលភូមិភាគខេត្ត ដើម្បីឲ្យគ្រូពេទ្យពិនិត្យមើល។

អ៊ំស្រីណារិន មានប្រសាសន៍បន្តថា
ពេលដែលពេទ្យជំនាញអូស្ត្រាលីពិនិត្យភ្នែកដោយឧបករណ៍ម៉ាស៊ីននោះឃើញថាភ្នែករបស់គាត់មានជំងឺឡើងបាយ បន្ទាប់មកក្រុមគ្រូពេទ្យបានធ្វើការវះកាត់ដោយប្រើពេលប្រហែល ២០នាទី មិនមានការឈឺចាប់អ្វីនោះទេ។តែក្រុមគ្រូពេទ្យបានឲ្យតមលើកធ្ងន់ កុំឱ្យភ្នែកវះកាត់ត្រូវទឹក ក្នុងរយៈពេលមួយថ្ងៃក្រោយពីវះកាត់រួចភ្នែករបស់គាត់បានភ្លឺមើលឃើញច្បាស់ ដោយអក្សរមិនបាច់ពាក់វ៉ែនតាដូចកាលពីមុនឡើយ។ជាមួយនោះគ្រូពេទ្យបានឲ្យតមរយៈពេលចំនួន ២សប្តាហ៍ ចំពោះសកម្មភាពមនុស្សធម៌របស់ក្រុមគ្រូពេទ្យអូស្ត្រាលីនេះគឺពិតជាល្អប្រពៃណាស់ អ៊ំស្រីលើកឡើងថាបើសិនជាវះកាត់ជំងឺភ្នែកបែបនេះនៅអូស្ត្រាលីក្នុងម្នាក់ត្រូវចំណាយថវិការហូតដល់២៤០០ដុល្លារឯណោះ។
ជាមួយនោះគាត់សូមអរគុណដល់ក្រុមគ្រូពេទ្យអូស្ត្រាលី ដែលបានចំណាយពេលវេលាដ៏មានតម្លៃជួយព្យាបាលជំងឺភ្នែកដល់ពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃ។

គួររំលឹកថា កាលពីព្រឹកថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដែលបានមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺភ្នែក និងចែកវ៉ែនតាដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស័្មគ្រចិត្តអូស្រ្តាលី ដឹកនាំដោយ​​អង្គការ Cambodia Vision Inc. ក្នុងបរិវេណមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម។

គួរបញ្ជាក់ថា ការផ្តល់សេវា ពិនិត្យ ព្យាបាល និងចែកវ៉ែនតា ដោយឥតគិតថ្លៃ ខាងលើនេះ បានចាប់ផ្តើមពីថ្ងៃទី២០ ដល់ថ្ងៃទី ២៥ ខែតុលា ដោយមានប្រជាពលរដ្ឋអញ្ជើញមកពីខេត្តផ្សេងៗ ប្រមាណជិត៥.០០០នាក់ បានមកទទួលសេវា ។
ចំណែកលោកវេជ្ជបណ្ឌិតគីម សួរភីរុណប្រធានមន្ទីរសុខាភិបាលខេត្តវិញមានប្រសាសន៍ឲ្យដឹងដែរថាចំពោះសកម្មភាពមនុស្សធម៌ក្រុមគ្រូពេទ្យអូស្ត្រាលីនៅលើទឹកដីខេត្តកំពង់ចាមនេះគឺលើកទីបីហើយ ហើយពួកគាត់នឹងអញ្ជើញមកពិនិត្យសុខភាពព្យាបាលជំងឺភ្នែកដល់ពលរដ្ឋកម្ពុជាម្ដងទៀតដោយពុំទាន់កំណត់កាលបរិច្ឆេទ៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

×