(ភ្នំពេញ)៖ ការប្រកួតប្រជែងស្នាដៃរចនាស្ថាបត្យកម្មទេសភាព «សហគមន៍បៃតង ឧទ្យាន មេគង្គ លែន» ត្រូវបានរៀបចំ និងសហការរវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង បុរី មេគង្គ លែន ក៏ដូចជាគណៈស្ថាបត្យករនិងសមាគមស្ថាបត្យករ ដែលនឹងឈានចូលការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ចាប់ពីវេលាម៉ោង៩ព្រឹក ដល់ម៉ោង៦ល្ងាច ដែលមានទីតាំងនៅសាលប្រជុំលេខ ៣៨៦ នៃទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ការប្រកួតប្រជែងស្នាដៃរចនាស្ថាបត្យកម្មទេសភាព «សហគមន៍បៃតង ឧទ្យានមេគង្គ លែន» ផ្តោតសំខាន់ទៅលើគុណភាពនៃតំបន់លំនៅដ្ឋានឱ្យក្លាយទៅជាសហគមន៍គំរូនៅតាមបណ្តោយផ្លូវជាតិ ៦A ហើយក្នុងវគ្គផ្តាច់ព្រ័ត្រនេះដែរ នឹងប្រព្រឹត្តឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
គណៈកម្មការ ១៣រូប មកពីស្ថាប័នរដ្ឋ និងឯកជនដែលមានជំនាញនិងបទពិសោធន៍ផ្នែកស្ថាបត្យកម្មជាច្រើនឆ្នាំ នឹងមានវត្តមានក្នុងការវាយតម្លៃសមត្ថភាពបេក្ខជន និងបេក្ខនារី ទាំង៦ក្រុម ដោយសុក្រឹតភាពបំផុតក្នុងកម្មវិធីប្រកួតប្រជែងនោះ ដែលអញ្ជើញមកពី គណៈស្ថាបត្យករកម្ពុជា, សមាគមស្ថាបត្យករនៃកម្ពុជា, បុរី មេគង្គ លែន, វិទ្យាស្ថានស៊ីតិក, សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន និង Saladesign Cambodia។ ហើយ ៣ក្រុម នឹងត្រូវបានជ្រើសរើសជាក្រុមជ័យលាភី នឹងទទួលបានពាន និងប្រាក់រង្វាន់ពី បុរី មេគង្គ លែន៖
- ក្រុមចំណាត់ថ្នាក់លេខ១ ទទួលបានពាន ១ និងថវិកា ១០,០០០,០០០រៀល
- ក្រុមចំណាត់ថ្នាក់លេខ២ ទទួលបានពាន ១ និងថវិកា ៥,០០០,០០០រៀល និង
- ក្រុមចំណាត់ថ្នាក់លេខ៣ ទទួលបានពាន ១ និងថវិកា ២,៥០០,០០០រៀល។
សូមបញ្ជាក់ផងដែរថាការសហការរវាង ស្ថាប័នរដ្ឋ និង បុរី មេគង្គ លែន នេះត្រូវបានគេស្គាល់ថាជាការសហការបែប Public-Private Partnership (PPP) ដែលជាការចាប់ដៃគ្នារវាងរាជរដ្ឋាភិបាល និងស្ថាប័នឯកជន ដែលធ្វើឡើងក្នុងគោលដៅលើកស្ទួយមុខមាត់វិស័យស្ថាបត្យកម្មនៅកម្ពុជា។
ជាក់ស្តែង កម្មវិធីការប្រកួតប្រជែងដែល បុរី មេគង្គ លែន បាននឹងកំពុងតែធ្វើកន្លងមកនេះបានឆ្លុះបញ្ចាំងពីគោលជំហរច្បាស់លាស់និងចក្ខុវិស័យដ៏មុតស្រួចរបស់ លោកអគ្គនាយក បុរី មេគង្គ លែន អ្នកឧកញ៉ា ជាម ឃុនណាត ក្នុងការជំរុញការអភិវឌ្ឍគុណភាពធនធានមនុស្សក្នុងវិស័យស្ថាបត្យកម្ម ដោយត្រួសត្រាយផ្លូវបង្កើតជាការប្រលងប្រកួតនានាដើម្បីឱ្យអ្នកជំនាន់ក្រោយមានឱកាសបញ្ចេញសមត្ថភាពនិងទេពកោសល្យផ្ទាល់ខ្លួន និងបង្កើតនៅស្នាដៃថ្មីដែលត្រូវបានទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋាន មិនមែនត្រឹមតែពី បុរី មេគង្គ លែន ប៉ុណ្ណោះទេ ហើយនិងបង្ហាញដល់សាធារណជនពីសមត្ថភាពរបស់កូនខ្មែរថែមទៀតផង។
សូមលើកទឹកចិត្តដល់សារធារណជនទាំងអស់ ជាពិសេសប្អូនៗដែលជាសិស្សានុសិស្សកំពុងតែសិក្សាផ្នែកស្ថាបត្យកម្ម ចូលរួមវគ្គផ្តាច់ព្រ័ត្រការប្រកួតប្រជែងស្នាដៃរចនាស្ថាបត្យកម្មទេសភាព «សហគមន៍បៃតង ឧទ្យាន មេគង្គ លែន» ដោយសេរីកុំបីអាក់ខានឡើយ ដើម្បីពង្រីកបណ្តាញទំនាក់ទំនងសង្គម ក៏ដូចជាទទួលបានបច្ចេកទេស និងចំណេះដឹងថ្មីៗ ដែលជាទន់ដ៏សំខាន់សម្រាប់ការអភិវឌ្ឍរបស់ប្អូនៗនៅថ្ងៃក្រោយ។
*តំណភ្ជាប់ចុះឈ្មោះចូលរួម៖ https://docs.google.com/forms/d/e/1FAIpQLSeylzunxCIgcco6TtQztygM0ot5Sv_Y6lGXQYH4VfIlh4F9Hg/viewform?fbclid=IwY2xjawGJlPZleHRuA2FlbQIxMAABHWjYGAVcMGhVgU48MPCuJ1_NxsIrZm3KRLADmq3hRzWA7xvas_IZywC1sw_aem_D-SinpcV7t6o8O_SDdovKQ
រៀបចំដោយ៖
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (MLMUPC)
គណៈស្ថាបត្យករនៃកម្ពុជា (BAC)
សហភាពសហព័ន្ធយុវជនកម្ពុជា (UYFC)
សមាគមស្ថាបត្យករនៃកម្ពុជា (AAC)
សមាគមស្ថាបត្យករអង្គរ (AAA)
បុរី មេគង្គ លែន
បុរី មេគង្គ លែន (Main sponsor)