ភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវស៊ើបអង្កេតឈានទៅបង្រ្កាបចាប់ខ្លួនជនសង្ស័យ ចំនួន១១នាក់ ដែលបានប្រព្រឹត្តបទល្មើសផ្សេងគ្នាចំនួន០២ករណី។
លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានប្រាប់ឱ្យដឹងថាៈ កិច្ចប្រតិបត្តិការបង្រ្កាបជនសង្ស័យខាងលើសម្រេចបានជាបន្តបន្ទាប់ដោយកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាលអនុវត្តដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ផែនព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការងារការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដោយមានការសហការជាមួយកម្លាំងជំនាញនៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌពាក់ព័ន្ធ និងស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
ករណីទី១៖ កាប់យកប្លន់ម៉ូតូមិនបានសម្រេច កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ នៅចំណុចខាងមុខឃ្លាំងលេខ៦៤៤ ផ្លូវលេខ៦៥៦ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ពួកគេទាំង០៤នាក់នេះត្រូវបានបង្រ្កាបចាប់ខ្លួននៅថ្ងៃទី០ ២និងទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបន្ទប់ជួលមួយកន្លែងក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដកហូតកាំបិតផ្គាក់០១ដើម និងម៉ូតូម៉ាកហុងដា០១គ្រឿង។
លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលប្រាប់ឱ្យដឹងទៀតថាៈ ដោយឡែកករណីទី២ ជនង្ស័យចំនួន០៣នាក់ត្រូវបានចាប់ឃាត់ខ្លួនកាលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ពាក់ព័ន្ធករណីឆក់ទ្រព្រម្បត្តិប្រជាពលរដ្ឋតាមផ្លូវសាធារណៈ រហូតដល់០៥ករណីផ្សេងគ្នានៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
លើកទី១: ឆក់កាបូបស្ពាយចំហៀងមិនបានសម្រចនៅចំណុចម្តុំមន្ទីរពេទ្យហុងអិន ផ្លូវលេខ២១៧ ភូមិ០៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។
លើកទី២: ឆក់កាបូបនៅចំណុចមុខផ្ទះលេខ៥២០ ផ្លូវលេខ២៧១ ភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤។
លើកទី៣: ឆក់កាបូប កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចមុខវិទ្យាល័យ ជា ស៊ីម សាមគ្គឺ។
លើកទី៤: ឆក់កាបូបនៅចំណុចមុខមជ្ឈមណ្ឌលផ្តល់ឈាម ផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។
លើកទី៥: ឆក់កាបូបនៅចំណុចផ្លូវលេខ៧១BT ភូមិចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។
លោកនាយការិយាល័យបានបញ្ជាក់់ឱ្យដឹងទៀតថាៈដោយឡែកជនសង្ស័យចំនួន០៤នាក់ទៀត ត្រូវបានបង្រ្កាបចាប់ឃាត់ខ្លួនកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្រ្តខណ្ឌពោធិ៍សែនជ័យ ដែលបានធ្វើសកម្មភាពប្រើដាវកាប់ប្លន់យកម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០២៤ ប្រព្រឹត្តកាលពីថ្ងៃទី១៤ ខែតុលាឆ្នាំ២០២៤ នៅភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យករួមមានៈម៉ូតូម៉ាកGPX POPZ ០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យទាំង១១នាក់ខាងលើ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់រួចនោះហើយ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី