លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេស នៃ IDP Education និងជាស្ថាបនិកសន្និបាត GAC ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក Marc Thayre ភារធារីស្ថានទូតអង់គ្លេសប្រចាំប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកជាផ្លូវការនូវសន្និបាតបញ្ញវន្តពិភពលោកលើកទី ១០ នាល្ងាចថ្ងៃសុក្រទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅឯសណ្ឋាគារសូហ្វីតែលភ្នំពេញ។
សន្និបាតបញ្ញវន្តពិភពលោកលើក (GAC) បង្កើតឡើងក្នុងឆ្នាំ ២០១៥ ជាវេទិកាដ៏អស្ចារ្យបង្ហាញពីសក្តានុពលធនធានមនុស្សប្រកបដោយគុណភាព និងជំរុញលើកកម្ពស់វិស័យអប់រំអន្តរជាតិសម្រាប់រាល់សិស្ស និស្សិត និងបញ្ញវន្តនៅកម្ពុជា។
លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេស នៃ IDP Education និងជាស្ថាបនិកសន្និបាត GAC មានប្រសាសន៍លើកឡើងថា៖ <<ជំនួបនាសន្និបាតបញ្ញវន្តពិភពលោក គឺជាឱកាសក្នុងការស្វែងយល់អំពីសមិទ្ធិផលសម្រេចបានថ្មីៗ និងការចែករំលែកព័ត៌មានវិវន្តនានាក្នុងឧស្សាហកម្មពីថ្នាក់ដឹកនាំ និងបញ្ញវន្តមកពីជ៉ំវិញពិភពលោក។ នេះក៏ជាវេទិកាភ្ជាប់ភាពជាដៃគូថ្មីៗ ខណៈពេលដែលយើងទាំងអស់គ្នាអបអរសាទរការរួមចំណែកអភិវឌ្ឍ និងសំដៅពង្រឹងបន្ថែមកិច្ចគាំទ្រការងារនេះ។>>
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំដោយស្ថាប័ន IDP Education ឈានមុខគេលើពិភពលោកលើសេវាប្រឹក្សាយោបល់ទៅសិក្សានៅបរទេសជាមួយអ្នកជំនាញជាង ២៥០០ នាក់ប្រតិបត្តិការនៅ ២៣០ ការិយាល័យក្នុង ៩០ប្រទេស។ វត្តមានដំបូងនៅកម្ពុជាក្នុងឆ្នាំ ១៩៩២ IDP Education ជួបប្រឹក្សាយោបល់ដោយឥតគិតថ្លៃជាមួយសិស្ស និស្សិត និងអាណាព្យាបាលដើម្បីបន្តការសិក្សានៅស្ថាប័នលំដាប់ពិភពលោកជាង ១៣០០ កន្លែងនៅទូទាំងសកលលោក។
ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា៖ <<ការអភិវឌ្ឍន៍ធនធានមនុស្សគឺជាគន្លឹះវិវត្តទៅអនាគតដ៏រុងរឿងសម្រាប់កម្ពុជា។ ក្នុងនោះប្រទេសអូស្ត្រាលីបានក្លាយជាដៃគូដ៏សំខាន់ក្នុងការគាំទ្រការងារនេះចាប់តាំងពីទសវត្សរ៍ឆ្នាំ 1950 តាមរយៈ Colombo Plan និងបន្តរហូតដល់សព្វថ្ងៃនេះតាមរយៈអាហារូបករណ៍ Australia Awards ដោយបច្ចុប្បន្នយើងឃើញថាសិស្ស និស្សិតកម្ពុជាសរុបប្រមាណជាង 22,000 នាក់ទទួលបានការបណ្តុះបណ្តាលជំនាញប្រកបដោយគុណភាពពីប្រទេសអូស្ត្រាលី។>>
កម្មវិធីអាហារពេលល្ងាចរួមមានការបង្ហាញសិល្បះបុរាណខ្មែរដ៏ល្អឯក បានផ្សារភ្ជាប់អតីតសិស្ស និស្សិត អ្នកតំណាងស្ថាប័នអប់រំអន្តរជាតិ មន្ត្រីក្នុងបណ្តាក្រសួង និងស្ថានទូតនានា សហគ្រិន និងថ្នាក់ដឹកនាំធុរកិច្ច និងសង្គមស៊ីវិលជាច្រើនជុំវិញពិភពលោក។
<<ការបង្កើតទំនាក់ទំនងរវាងបញ្ញវន្ត គឺចាំបាច់ដើម្បីក្លាយជាអ្នកដឹកនាំ ព្រោះថាទំនាក់ទនងល្អព្រមទាំងការបន្តរឹតចំណងមិត្តភាព នឹងជួយជំរុញបញ្ញវន្តអោយសម្រេចបាននូវការអភិវឌ្ឍន៍ក្នុងវិស័យតាមជំនាញដែលខ្លួនមានសម្រាប់ប្រទេសកម្ពុជា។>> យោងតាមប្រសាសន៍លោក Marc Thayre ភារធារីស្ថានទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា។
គូសបញ្ជាក់ សន្និបាតបញ្ញវន្តពិភពលោកលើកទី ១០ បានដើរតួនាទីស្នូលក្នុងការលើកកម្ពស់វិស័យអប់រំអន្តរជាតិសម្រាប់សិស្ស និស្សិត និងបញ្ញវន្តនៅកម្ពុជា តាមរយៈពិព័រណ៍ការសិក្សា និងការងារ ព្រមទាំងកម្មវិធីចែករំលែកបទពិសោធន៍ពីការសិក្សា និងការងារជាមួយការចូលរួមពីសំណាក់វាគ្មិនឆ្នើមដែលបានបញ្ចប់ការសិក្សានៅបរទេស និងអ្នកតំណាងស្ថាប័នអប់រំលំដាប់ពិភពលោក។
ក្នុងនោះ សាលា ACE និង IDP IELTS ក៏មានវត្តមានដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ជំនាញភាសាអង់គ្លេស និងប្រឡងតេស្ត IELTS ព្រមទាំងអ្នកតំណាងកម្មវិធីអាហារូករណ៍នានារួមមាន Australia Awards, New Zealand Scholarships, Chevening និង Fulbright ជាដើម។
សិស្ស និស្សិត និងអាណាព្យាបាលអាចចូលរួមក្នុងពិព័រណ៍ការសិក្សា និងការងារដោយឥតគិតថ្លៃរយះពេល ២ថ្ងៃ នាព្រឹកថ្ងៃទី ៩ វិច្ឆិកា នៅសណ្ឋាគារសូហ្វីភ្នំពេញ និងរសៀលថ្ងៃទី ១០ វិឆ្ឆិកា នៅសណ្ឋាគារសូហ្វីតែលអង្គរ ដើម្បីស្វែងយល់លម្អិតអំពីជម្រើសសិក្សា លក្ខខណ្ឌចូលរៀន ការដាក់ពាក្យ និងទិដ្ឋាការទៅសិក្សានៅបរទេសរួមមាន ប្រទេសអូស្ត្រាលី ណូវែលហ្សេឡង់ ចក្រភពអង់គ្លេស អៀរឡង់ សហរដ្ឋអាមេរិក និងកាណាដា។
ព័ត៌មានលម្អិត៖ https://cambodiaga.org/ ឬ (+855) 86 667 135៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី