Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជួបពិភាក្សាតុមូល ឯកឧត្តម ស៊ុន ចាន់ថុល ជាមួយអ្នកតំណាងសមាគមធុរកិច្ច និងដៃគូសហប្រតិបត្តិការអភិវឌ្ឍន៍

ទីក្រុងប្រាក សាធារណរដ្ឋឆែក៖ កាលពីរសៀលថ្ងៃព្រហស្បត្តិ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាជួបពិភាក្សាតុមូលជាមួយ អ្នកតំណាងសមាគមធុរកិច្ច និងដៃគូសហប្រតិបត្តិការអភិវឌ្ឍន៍ នៅទីស្ដីការក្រសួងការបរទេសនៃសាធារណរដ្ឋឆែក។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រសួងក្រសួងការបរទេសនៃសាធារណរដ្ឋឆែក ដែលបានទទួលគណៈប្រតិភូកម្ពុជាបានប្រកបដោយភាពកក់ក្ដៅ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានជម្រាបជូនអំពីធនធានមនុស្សកម្ពុជា ដែលមានយុវជនវ័យក្មេងច្រើនជាងប្រទេសផ្សេងទៀតក្នុងតំបន់នឹងអាចចូលរួមយ៉ាងពេញទំហឹងក្នុងផលិតកម្មការងារ។

រដ្ឋាភិបាលកម្ពុជាបានអនុម័តច្បាប់ស្ដីពីវិនិយោគកាលពីឆ្នាំ២០២១ បើកលទ្ធភាពយ៉ាងល្អប្រសើរជូនវិនិយោគិនអាចទទួលបានការលើកទឹកចិត្តលើគម្រោងមានសក្ដានុពលមួយចំនួន ក្រោមការសម្របសម្រួលពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល។ យន្តការរដ្ឋាភិបាល និងវិស័យឯកជន ព្រមទាំងយន្តការតាមដាន និងសម្របសម្រួលនានាត្រូវបានដាក់ចេញ ដើម្បីថែទាំវិនិយោគិនដែលបាននិងកំពុងបណ្ដាក់ទុននៅកម្ពុជា។

នាពេលឆាប់ៗខាងមុខនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាគ្រោងនឹងដាក់ចេញជាសាធារណៈនូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ដែលនឹងចូលរួមធានាតម្លាភាព ប្រសិទ្ធភាព និងផ្ដល់ងាយស្រួលដល់កិច្ចការងារវិនិយោគជូនគ្រប់ភាគីពាក់ព័ន្ធ។
កម្ពុជាមានចក្ខុវិស័យក្នុងការប្រែក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ2050 ហេតុនេះក្នុងនាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តទៅកាន់សាធារណរដ្ឋឆែក និងតាមរយៈក្រសួងការបរទេសផ្ទាល់ ចូលរួមជួយជំរុញឱ្យវិនិយោគិនឆែកពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ពិសេសលើវិស័យអេឡិចត្រូនិក អាហារ និងទេសចរណ៍ជាដើម៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×