ពេលនេះកសិករវៀតណាមកំពុងឈ្មុសឈ្មុលដាំខ្នុរល្មៀតនេះ ព្រោះតែវាមានផ្លែធំ ក្លែបធំ ហើយផ្អែមល្មម សម្រាប់ការកែច្នៃធ្វើខ្នុរក្រៀម នាំចេញ ។
លោកង្វៀង ថាញ់សឺង នៅខេត្តប៊េនទ្រៃ គឺជាម្ចាស់នៃអម្បូរខ្នុរ ថាញ់សឺង (យកឈ្មោះរបស់លោកដាក់) ។ ខ្នុរនេះមានផ្លែធំៗ ខ្លះដល់ទៅ ៤០គីឡូក្រាម ហើយ១ក្លែបៗរបស់វាអាចមានទម្ងន់ប្រមាណ ២ខាំ ។
ខ្នុរ១ក្លែប ទម្ងន់… ២០០ក្រាម ។
ដំបូងឡើយ លោកបានជ្រើសយកពូជខ្នុរល្អៗមកផ្សាំ ហើយវេលាមួយនោះលោកឃើញខ្នុរ១ដើម មានផ្លែធំ ហើយក្លែបរបស់វាក៏ធំប្លែកដែរ ។ លោកដឹងភ្លាមថា វាជាពូជខ្នុរថ្មី ដ៏មានតម្លៃក៏ផ្សាំយកទៅដាំនៅកន្លែងផ្សេង ។
២០ខែក្រោយមក ដើមខ្នុរនីមូយៗផ្តល់ផ្លែពី ២-៤ផ្លែ ហើយផ្លែនីមួយៗគឺមានទម្ងន់ពី ២៥គីឡូក្រាមឡើង ខ្លះមានដល់ទៅជាង ៤០គីឡូក្រាម ពេលពុះចេញក្លែបនីមួយៗរបស់វា មានទម្ងន់ជាង២០០ gr… ។
អាយុ ២ឆ្នាំ វាមានផ្លែ៤ ធំៗ ។
តាមវិទ្យាស្ថានដំណាំហូបផ្លែនៅភាគខាងត្បូង ប្រទេសវៀតណាម ពូជខ្នុរ ថាញ់សឺង មានក្លែបធំ សាច់ក្រាស មិនសូវមានជ្រាំង ពណ៌ដូចរមៀត មិនផ្អែមខ្លាំង វាសមល្អនឹងការកែច្នៃធ្វើខ្នុរក្រៀមសម្រាប់បម្រើឲ្យការនាំចេញ ។
ឥឡូវនេះកសិករវៀតណាមគ្រប់ទិសទីកំពុងប្រមូលផ្តុំបង្កើតពូជ និងដាំប្រភេទខ្នុរផ្តល់ប្រយោជន៍ខ្ពស់នេះ ៕ លីសា