Friday, November 15, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមការងារខាងសម្អាតអនាម័យ បានរួតរះសម្អាតប្រមូលសំរាម ដឹកចេញ និងបាញ់ទឹកលាងសម្អាតតាមដងផ្លូវទីតាំងនានា ឲ្យមានសោភណ្ឌភាពឡើងវិញ ក្រោយបញ្ចប់ព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី១

ភ្នំពេញ ៖ បន្ទាប់ពីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុកនាថ្ងៃទី១ បានបញ្ចប់ទៅ ក្រុមការងារខាងសម្អាតអនាម័យរបស់សាលារាជធានីភ្នំពេញនិងក្រុមហ៊ុនប្រមូលសំរាមទាំង៣ បានសហការគ្នាសម្រុករួតរះសម្អាត ដោយការប្រមូលសំរាមដឹកចេញនិងមានការបាញ់ទឹកលាងសម្អាតតាមដងផ្លូវទីតាំងនានាផងនោះបានបញ្ចប់ដោយជោគជ័យស្អាតនិងមានសោភណ្ឌភាពឡើងវិញត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៥វិច្ឆិកា។

បើយោងតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបញ្ជាក់យ៉ាងដូច្នេះថា បើទោះបីក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៤នេះ មានបងប្អូនប្រជាពលរដ្ឋយើងដែលមកដើរកំសាន្តមានការយល់ដឹងខ្ពស់ ក្នុងការទុកដាក់សំរាម យ៉ាងណាក៏ដោយរដ្ឋបាលរាជធានីភ្នំពេញតាមការណែនាំនិងយកចិត្តទុកដាក់ពីឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ចេញកម្លាំងការិយាល័យសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញចំនួន៣៣០នាក់ សហការជាមួយក្រុមហ៊ុនប្រមូលសំរាមទាំង៣នៅរាជធានីភ្នំពេញដើម្បីបោសសម្អាត កើបសំរាម នៅតាមដងផ្លូវ តាមសួនច្បារនានា និងតំបន់ប្រារព្ធពិធី ប្រមូលវិខ្ចប់រួចដឹកចេញដោយព្រឹកឡើងគឹបានរួចរាល់ស្អាតទាំងអស់តែម្តង ។

លោកស្រីបន្តថាទោះបីព្រះរាជពិធីបុណ្យបានបញ្ចប់ទៅដោយបានបន្សល់នូវសំរាម ដែលបងប្អូនប្រជាពលរដ្ឋយើងបានដើរលេង កម្សាន្ត និងហូបចុក តាមសួនច្បារនានា ក្នុងរាជធានីភ្នំពេញ តែត្រូវបានធ្វើការបោសសំអាត និងប្រមូលកើបចេញ អស់នៅថ្ងៃបន្ទាប់។
ជាមួយគ្នានេះលោក ស៊ូ សាវ៉ន ប្រធាន ការិយាល័យ សួនច្បារ និង រុក្ខជាតិ នៃ មន្ទីរ សាធារណការ និង ដឹក ជញ្ជូន រាជធានីភ្នំពេញ បានឱ្យ ដឹង ថា កម្លាំងបោសសម្អាត សំរាមនៅសួនច្បារនានា និងតំបន់ប្រារព្ធពិធី ដោយធ្វើបោស សំអាត កើបសំរាម ចេញក្រោយចប់ពិធីសប្បាយភាពចាប់ពីម៉ោង១២យប់ ថ្ងៃ១៤វិច្ឆិការហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី១៥វិច្ឆិកាទើបរួចរាល់ទាំងស្រុង។

លោកស្រី ដោ សម្ផស្ស បានបញ្ចាក់ទៀតថា “ការគ្រប់គ្រងសំរាម ឬប្រមូលសំរាមចេញពីតំបន់កម្សាន្តនានា ក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ គឺអាជ្ញាធររាជធានីយើងគ្រប់គ្រងបានដូចរាល់ឆ្នាំ មិនមានការយឺតយ៉ាងឬកកស្ទះសំរាមនោះទេ” ។
លោកស្រីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងទៀតថា សម្រាប់ថ្ងៃទី១នៃ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤នេះ មានបងប្អូនប្រជាពលរដ្ឋខ្មែរយើងនិងជនបរទេសជាភ្ញៀវទេសចរណ៌ប្រមាណ១លាន១សែននាក់បានចូលរួមទស្សនាកម្សាន្ត ប្រកបដោយទឹកមុខសប្បាយរីករាយក្រោមម្លប់នៃសន្តិភាព ។ជារួមឆ្នាំ២០២៤នេះមានអ្នកដើរលេងកម្សាន្តក្នុង ព្រះរាជពិធីបុណ្យអុំទូកមានការកើនឡើងជាងឆ្នាំមុនៗ ជាពិសេសនោះគឺភ្ញៀវទេសចរណ៌បរទេស ។

អ្នកនាំពាក្យរូបនេះបញ្ជាក់ដែរថា ដោយសារតែឆ្នាំ២០២៤នេះ គណៈកម្មការបុណ្យជាតិ និងអន្តរជាតិ បានរៀបចំជាវេទិកា ដែលបើកទូលាយជូនភ្ញៀវបរទេសអាចអញ្ជើញចូលរួមទស្សនា ដែលធ្វើឱ្យភ្ញៀវបរទេសបង្ហាញអារម្មណ៍សប្បាយចិត្ត និងពេញចិត្តជាខ្លាំង ។
ចំពោះសន្តិសុខសណ្តាប់ធ្នាប់វិញ ត្រូវបានអ្នកនាំពាក្យរូបនេះ បញ្ជាក់ថា ពុំមានចំណុចអ្វីគួរកត់សម្គាល់ទេ គឺយើងរក្សាបានសណ្តាប់ធ្នាប់របៀបរៀបរយបានល្អ ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃ គណអភិបាលរាជធានីភ្នំពេញ ក្នុងនាមជាម្ចាស់ផ្ទះដោយរួម ជាមួយថ្នាក់ជាតិ និងកងកម្លំាង និងគ្រប់ផ្នែកដែលពាក់ព័ន្ធ សហការគ្នាការពារគឺ មាន សន្តិសុខសណ្តាប់ល្អ ពុំមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ។

ប៉ុន្តែអ្វីដែលកត់សម្គាល់គឺមានចំណុចតូចៗមួយចំនួន ដូចជាករណីវង្វេងបាត់ក្មេងពីឪពុកម្តាយ ឬអាណាព្យាបាល ប៉ុន្តែទោះជាយ៉ាងនេះក្តី ករណីនេះ ក៏ត្រូវបានក្រុមការងារ ប្រើប្រាស់ប្រព័ន្ធទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយ រហូតឈានដល់ការរកឃើញវិញផងដែរ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×