សៀមរាប៖ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុងពិធីបើក “កិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធីផ្តល់អាហារនៅសាលារៀនតំបន់អាស៊ីអាគ្នេយ៍ ដើម្បីជំរុញការអភិវឌ្ឍន៍មូលធនមនុស្ស និងបរិវត្តកម្មប្រព័ន្ធស្បៀងអាហារ”។ កិច្ចប្រជុំកំពូលនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នពាក់ព័ន្ធដែលអញ្ជើញមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសចិន និងប្រទេសជប៉ុន។
ថ្លែងក្នុងឱកាសនេះ តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីតួនាទីយ៉ាងសំខាន់របស់កម្មវិធីផ្តល់អាហារនៅតាមសាលារៀនក្នុងការកាត់បន្ថយភាពក្រីក្រ ការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងមូលដ្ឋាន ការលើកកម្ពស់សុខភាពសិស្ស និងសុខុមាលភាពកុមារ ព្រមទាំងការគាំទ្រប្រព័ន្ធសុវត្ថិភាពសង្គម ជាពិសេសសាលារៀនគោលដៅដែលស្ថិតនៅតំបន់ក្រីក្រ។ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ក្នុងការបណ្តុះមូលធនមនុស្ស ការជំរុញកំណើនសេដ្ឋកិច្ច និងការធានាសុខុមាលភាពនៃកុមារ តាមរយៈការអនុវត្តកម្មវិធីផ្តល់អាហារនៅសាលារៀនដោយប្រើប្រាស់កសិផលសហគមន៍ ក៏ដូចជាការអនុវត្តកម្មវិធីអាហារូបករណ៍ជាសាច់ប្រាក់ជូនសិស្សានុសិស្សមកពីគ្រួសារក្រីក្រចាប់ពីកម្រិតបឋមសិក្សាដល់មធ្យមសិក្សា។
ព្រះរាជាណាចក្រកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៤៩ ដែលបានបញ្ជូនការប្តេជ្ញាចិត្តថ្នាក់ជាតិកាលពីខែមីនា ឆ្នាំ២០២២។ ការប្តេជ្ញាចិត្តទាំងនេះបានគូសបញ្ជាក់អំពីចក្ខុវិស័យរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងការបង្កើតគោលនយោបាយអាហារនៅសាលារៀន បង្កើនមូលនិធិអាហារសាលារៀន កែលម្អកម្មវិធី និងអនុវត្តកញ្ចប់នៃអន្តរាគមន៍បំពេញបន្ថែម បង្កើតក្របខ័ណ្ឌត្រួតពិនិត្យ ដើម្បីវាស់វែងការអនុវត្តកម្មវិធី និងបង្កើតបណ្តាញសហគមន៍នៃឧត្តមានុវត្តន៍។
បន្ថែមពីនេះ រាល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ជាមួយភាគីពាក់ព័ន្ធនានា និងសមិទ្ធផលសម្រេចបានសំខាន់ៗ របស់កម្មវិធីនេះ រួមមាន៖ មកដល់ពេលបច្ចុប្បន្ននេះ កម្មវិធីផ្ដល់អាហារតាមសាលារៀន កំពុងអនុវត្តនៅតាមសាលាបឋមសិក្សាប្រមាណ២ភាគ៣ នៅក្នុងបណ្ដាខេត្តចំនួន ១០ ដោយក្នុងនោះ សាលាមួយចំនួនប្រើប្រាស់ថវិកាជាតិ និងសាលាមួយចំនួនទៀត ទទួលបានការគាំទ្រពីដៃគូអភិវឌ្ឍន៍នានា រួមបញ្ចូលទាំងសាធារណរដ្ឋកូរ៉េ និង United States Department of Agriculture (USDA) Foreign Service Office តាមរយៈកម្មវិធីស្បៀងអាហារពិភពលោក។ ជាមួយគ្នានេះដែរ ក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយស្ដីពី “ការផ្តល់អាហារតាមសាលារៀន ឆ្នាំ២០២៤-២០៣៥” ដែលមានគោលបំណងផ្តល់ឱ្យសិស្សានុសិស្សនូវអាហារដែលមានសុវត្ថិភាព និងអាហារូបត្ថម្ភ ដើម្បីលើកកម្ពស់ការលូតលាស់រាងកាយ និងការអភិវឌ្ឍន៍ការយល់ដឹងរបស់ពួកគេ សំដៅលើកកម្ពស់ផលិតភាពនាពេលអនាគត សមភាពយេនឌ័រ និងបរិយាបន្ន។ គោលនយោបាយនេះ មានវិសាលភាពអនុវត្តនៅគ្រឹះស្ថានអប់រំសាធារណៈ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់ថ្នាក់មធ្យមសិក្សា។
សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំកំពូលនេះជាកិច្ចខិតខំប្រឹងប្រែងបន្ត បន្ទាប់ពីកិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធីផ្តល់អាហារនៅសាលារៀនសកល និងត្រូវបានរៀបចំឡើងដើម្បីពន្លឿនការប្តេជ្ញាចិត្តក្នុងការពង្រីកវិសាលភាពនៃកម្មវិធីផ្តល់អាហារតាមសាលារៀននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ប្រកបដោយនិរន្តរភាព ដើម្បីធានាឱ្យបានថាកុមារនៅបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងៗទៀត នឹងទទួលបានអាហារនៅសាលារៀនប្រកបដោយអាហារូបត្ថម្ភខ្ពស់ និងសុខភាពល្អប្រសើរ នៅត្រឹមបំណាច់ឆ្នាំ២០៣០។ កិច្ចប្រជុំកំពូលនេះ ប្រព្រឹត្តទៅដោយផ្ដោតលើគោលបំណងចម្បង រួមមាន៖
១) បង្ហាញពីការប្តេជ្ញាចិត្ត និងវឌ្ឍនភាពក្នុងការផ្តល់អាហារតាមសាលារៀន តាមរយៈការគូសបញ្ជាក់ពីសមិទ្ធផលឧត្តមានុវត្តន៍នានាក្នុងតំបន់ និងបណ្តាប្រទេសសមាជិក ដើម្បីជំរុញការវិនិយោគបន្ថែម
២) ជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងចំណោមរដ្ឋាភិបាលក្នុងតំបន់អាស៊ីអាគ្នេយ៍ និងភាគីពាក់ព័ន្ធ
៣) បង្កើតជំហររួមរបស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍លើកម្មវិធីផ្តល់អាហារនៅសាលារៀន។
កិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធីផ្តល់អាហារនៅសាលារៀនតំបន់អាស៊ីអាគ្នេយ៍ ជាវេទិកាមួយដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា និងប្រទេសសមាជិកក្នុងការសហការលើកកម្ពស់សុខភាពកុមារ ការអប់រំ និងសក្តានុពលនាពេលអនាគតតាមរយៈកម្មវិធីផ្តល់អាហារនៅតាមសាលារៀនប្រកបដោយនិរន្តរភាព។ កិច្ចប្រជុំកំពូលនេះប្រព្រឹត្ដទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប និងផ្តោតលើកិច្ចពិភាក្សាលើប្រធានបទសំខាន់ៗដូចខាងក្រោម៖
- ស្ថានភាពនៃការផ្តល់អាហារនៅតាមសាលារៀននៅតំបន់អាស៊ីអាគ្នេយ៍
- គោលនយោបាយ ការតាក់តែងច្បាប់ និងអភិបាលកិច្ចសម្រាប់ការបង្កើនគុណភាពនៃការផ្តល់អាហារនៅតាមសាលារៀន
- ការផ្តល់ហិរញ្ញប្បទានប្រកបដោយនិរន្តរភាពសម្រាប់ការផ្តល់អាហារដល់សាលារៀន
- បរិវត្តកម្មប្រព័ន្ធស្បៀងអាហារតាមរយៈការផ្តល់អាហារតាមសាលារៀន
- ភាពជាដៃគូសម្រាប់ភាពជោគជ័យដ៏ល្អប្រសើរ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី