អតីតតារាចម្រៀងយ៉េយ៉េ អ្នកនាង អ៊ុំ គន្ធា ដែលធ្លាក់ខ្លួនឈឺប្រែរូបកាយមើលមិនស្គាល់ បានធ្វើមរណ:កាលហើយ កាលពីថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយរោគាពាធ ជំងឺសង្គមជិត២០ឆ្នាំ ខណៈដំណឹងនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកសិល្បៈរួមអាជីព និងសាធារណៈជនផងដែរ ហើយសពត្រូវបានតម្កល់ធ្វើបុណ្យនៅវត្តពោធិចិនតុង និងត្រូវបូជានៅ វេលាម៉ោង ៦ល្ងាច ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
មរណភាពរបស់អតីតតារាចម្រៀងយ៉េយ៉េរូបនេះ ក្រុមអ្នកសិល្បៈមួយចំនួនដែលបានស្គាល់នាង បាន សម្តែងនូវសមានទុក្ខ អាឡោះអាល័យ និងក្តីសង្វេគជាពន្លឹក ជាមួយក្រុមគ្រួសារនៃសពរបស់អ្នកនាង អ៊ុ គន្ធា ជាពិសេសកូនៗជាទីស្រឡាញ់របស់អ្នកនាង ដែលតែងតែរួមរស់ រួមសុខទុក្ខ គ្រប់កាលៈទេសៈជាមួយម្ដាយរហូតមក ក្នុងជីវភាពក្រីក្រលំបាក, ហើយអតីតអ្នកចម្រៀងស្រីដែលធ្លាប់មានឈ្មោះបោះសំឡេង បែរជាធ្លាក់ខ្លួនឈើប្រែរូបកាយ មើលមិនស្គាល់រូបនេះ ក៏ធ្លាប់ជ្រើសរើសមុខរបររើសអេតចាយលក់ដើម្បីចិញ្ចឹមជីវិតផងដែរ។
កន្លងមក អ្នកនាង អ៊ុំ គន្ធា ធ្លាប់បានទទួលជំនួយពីអ្នកសិល្បៈរួមអាជីព និងសប្បុរសជនមួយចំនួន ព្រមទាំងការយកចិត្តទុកដាក់ពីសមាគមសិល្បករខ្មែរផងដែរ។
សូមជម្រាបថា អតីតតារាចម្រៀងយ៉េយ៉េ អ្នកនាង អ៊ុំ គន្ធា ធ្លាប់មានឈ្មោះបោះសំឡេងនៅចុងទសវត្សឆ្នាំ៩០ និងដើមទសវត្សឆ្នាំ២០០០ អ្នកនាងច្រៀងប្រចាំ នៅរង្គសាល ” ផ្កាឈូកទិព្វ ” ម្ដុំច្បារមាន់ចែ ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងច្រៀងតាមកម្មវិធីជាច្រើន…។ បន្ទាប់ពីលែងលះ លោក ផាន សុផាត ដែលជាតារាចម្រៀងមានឈ្មោះបោះសំឡេងនាយុគនោះ ដែរនោះ ច្រើនឆ្នាំបន្តិចមកនាង អ៊ុំ គន្ធា បានធ្លាក់ខ្លួនឈឺ ជំងឺសង្គម និងអូសបន្លាយជាច្រើនឆ្នាំ ហើយជាបន្តបន្ទាប់ ក៏ជួបប្រទះនឹងជីវភាពក្រីក្រលំបាក រហូតដល់ថ្ងៃស្លាប់ គួរឱ្យអាណិត សង្វេគពន់ពេក, សូមឱ្យវិញ្ញាណក្ខន្ធនាង បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាត។
សពអតីតតារាចំរៀង អ្នកនាង អ៊ុំ គន្ធា ត្រូវបានតម្កល់ធ្វើបុណ្យនៅវត្តពោធិចិនតុង ផ្លូវសហព័ន្ធរុស្សី ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ និងត្រូវបូជានៅ វេលាម៉ោង ៦ល្ងាច ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ៕ ពិសិដ្ឋ CEN