ភ្នំពេញ៖ ពិព័រណ៍ពាណិជ្ជកម្មអន្តរកម្ពុជា ឆ្នាំ២០២៤នេះ ជាវេទិកាមួយដ៏មានសារៈសំខាន់សម្រាប់ម្ចាស់អាជីវកម្ម ធុរកិច្ចថ្មី វិនិយោគិនមកពីកម្ពុជា និងអន្តរជាតិបានជួបជុំគ្នា ដើម្បីស្វែងរកដៃគូពាណិជ្ជកម្ម ផ្គូរផ្គងអាជីវកម្ម និងបង្កើតទំនាក់ទំនង ព្រមទាំងបង្ហាញផលិតផល សេវាកម្ម ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការអាជីវកម្ម។ ពិព័រណ៍ពាណិជ្ជកម្មអន្តរកម្ពុជានេះ រៀបចំឡើងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដោយបណ្តាញសហគ្រិនស្ត្រីកម្ពុជា(CamWEN) ដែលមានការគាំទ្រពីមជ្ឈមណ្ឌលពាណិជ្ជកម្ម អន្តរជាតិ និងអ្នកពាក់ព័ន្ធផ្សេងទៀតនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្ររាជធានីភ្នំពេញ។
ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំអាស៊ាន លោកស្រី Sarah Tiffin មានប្រសាសន៍លើកឡើងថា ការជំរុញគាំទ្រទៅដល់សហគ្រិនស្រ្តី គឺជាផ្នែកមួយដ៏សំខាន់ សម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។ បេសកកម្មពាណិជ្ជកម្មចក្រភពអង់គ្លេស-អាស៊ាន បានផ្ដល់នូវវេទិកាមួយសម្រាប់អាជីវកម្មដែលដឹកនាំ ដោយស្ត្រី ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង រួមសហការ និងរីកចម្រើនក្នុងទីផ្សារអាជីវកម្មថ្មី។ ពួកយើង ប្ដេជ្ញាគាំទ្រទៅដល់សហគ្រិន ដែលបានរួមចំណែកក្នុងការរីកលូតលាស់ និងភាពរឹងមាំ នៃសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេស និងអាស៊ាន។ បេសកកម្មមួយនេះ មិនត្រឹមតែពង្រឹងទៅដល់ទំនាក់ទំនងពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីការរួមប្ដេជ្ញាចិត្តជាមួយគ្នា ក្នុងការបង្ហាញនូវសមភាពយេនឌ័រ និងការពង្រឹងសេដ្ឋកិច្ចផងដែរ។
សហគ្រិនស្ត្រីកម្ពុជា បានរៀបចំវេទិកានេះឡើង ដោយគំនិតផ្ដួចផ្ដើម នឹង មានការចូលរួមពីអាជីវកម្មផ្សេងៗមកពីបណ្ដាលសហគ្រិនស្រ្តី។ មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីមួយនេះ នឹងបន្តប្រារព្ធធ្វើឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នៅពេលក្រោយ។
ក្នុងឱកាសនោះដែរ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងថា តាមព័ត៌មានដែលលោកជំទាវទទួលបាន ពិព័រណ៍នៅថ្ងៃនេះ មានគោលបំណងជំរុញការនាំចេញផលិតផល វាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងទៅកាន់ចក្រភពអង់គ្លេស មិនត្រឹមតែតាមរយៈការតាំងបង្ហាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការបង្កើតបណ្តាញទំនាក់ទំនងជាមួយនឹងអ្នកបញ្ជាទិញសំខាន់ៗរបស់ចក្រភពអង់គ្លេស លើផលិតផលទាំងនោះផងដែរ។
លោកជំទាវ ចម និម្មល បានថ្លែងថា ឧស្សាហកម្មវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង គឺជាវិស័យអាទិភាព របស់កម្ពុជា ហើយបានរួមចំណែកយ៉ាងសំខាន់ផងដែរ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ លើសពីនេះ ដើម្បីបង្កើនភាពប្រកួតប្រជែង ស្របពេលដែលធានាឱ្យបាននូវលក្ខខណ្ឌការងារសមស្របក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរ ក្នុងឆ្នាំ២០០១ កម្ពុជា បានចូលរួមក្នុងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) របស់អង្គការអន្តរជាតិខាងការងារ (ILO) ដែលធ្វើការវាយតម្លៃលើលក្ខខណ្ឌការងារដោយផ្អែកលើច្បាប់ការងារកម្ពុជា ច្បាប់ទាក់ទងនឹងការងារផ្សេងៗ និងបទដ្ឋានការងារគោលដែលទទួលស្គាល់ ជាលក្ខណៈអន្តរជាតិ។
គិតត្រឹម ១០ខែ ឆ្នាំ២០២៤នេះ ការនាំចេញសរុបរបស់កម្ពុជាឈានដល់ ៤៥.៥ ប៊ីលានដុល្លារ ដែលក្នុងនោះ ការនាំចេញវាយនភណ្ឌមានប្រមាណ ៤០៦លានដុល្លារ (កើនឡើង ១៤.៤៧%) ការនាំចេញសម្លៀកបំពាក់ឈានដល់ ៨ប៊ីលានដុល្លារ (ការកើនឡើង២៣.៦៦%) និងការនាំចេញស្បែកជើង ១.៣ ប៊ីលានដុល្លារ (កើនឡើង ២២.៣៣%)។ ខ្ញុំសូមធ្វើការកំណត់សម្គាល់ថាភាគច្រើន [ប្រមាណ៨០%] នៃនិយោជិតនៅក្នុងវិស័យទាំង នោះគឺជាស្ត្រី។ ដូចនេះហើយស្ត្រីមានតួនាទីសំខាន់ខ្លាំងណាស់ក្នុងការចូលរួមក្នុងកម្មវិធី អភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់រាជរដ្ឋាភិបាល។
កម្ពុជា និងចក្រភពអង់គ្លេសមានទំនាក់ទំនងយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ ដែលមិត្តភាពដ៏រឹងមាំនេះត្រូវថែរក្សាតាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាពិសេសក្នុងវិស័យ ពាណិជ្ជកម្ម និងវិនិយោគ។ កម្ពុជា និងចក្រភពអង់គ្លេស មានគោលបំណង និងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី និងរួមគ្នាដោះស្រាយបញ្ហាប្រឈម ដែលកំពុងកើតមាន និងអាចកើតមាននាពេលអនាគត ជាមួយចក្ខុវិស័យច្បាស់លាស់ ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និង ប្រកបដោយចរីភាពចំពោះវិស័យឯកជន។
លោកជំទាវ ចម និម្មល បានគូសបញ្ជាក់ថា រយៈពេល ១០ខែឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មសរុបកម្ពុជា-ចក្រអង់គ្លេស សម្រេចបាន ៦៧៤លានផោន ឬ៨៥០ លានដុល្លារ កើនឡើង ១៦% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ដែលការនាំចេញរបស់កម្ពុជា ទៅកាន់ចក្រភពអង់គ្លេសក្នុងឆ្នាំ២០២៤ មានកំណើន ២១% ក្នុងនោះ ផលិតផលសម្លៀកបំពាក់ ស្បែកជើង និងកង់ គឺឈរលើលំដាប់កំពូលទាំងបី នៃមុខទំនិញនាំចេញទាំងអស់។ ជាមួយនឹងលក្ខខណ្ឌពាណិជ្ជកម្មដែលមានអំណោយផល ផ្តល់ដោយចក្រភពអង់គ្លេស លោកជំទាវរដ្ឋមន្រ្តីសម្គាល់ឃើញថា ការនាំចេញផលិតផលធ្វើដំណើរ មានកំណើនខ្ពស់គួឱ្យកត់សម្គាល់ប្រមាណ៧៦,២៣% ធៀបនឹងឆ្នាំមុន។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍នេះ បានរៀបចំឱ្យមានស្តង់ចំនួន ៧៥ នឹងមានការផ្តល់ជូននូវព័ត៌មានទីផ្សារ និងរៀបចំជាវេទិកាជជែកកិច្ចពិភាក្សាផងដែរ៕