ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា៖ មន្ទីរទាំងអស់ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងនិងរាជធានី-ខេត្ត ដោយក្រសួងជាឪ ឯរាជធានី-ខេត្តជាងម៉ែ។ រាល់សកម្មភាពការងាររបស់មន្ទីរគឺដឹកនាំបញ្ជាពីក្រសួងនិងរាជធានី-ខេត្ត បើក្រសួងនិងរាជធានី-ខេត្តដែលជាម៉ែជាឪ មិនស៊ីចង្វាក់គ្នា នោះការងាររបស់មន្ទីរក៏មានបញ្ហាទៅតាមនោះដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ គឺបានបន្ស៊ីការងារគ្នានិងដាក់ទិសដៅតែមួយឲ្យមន្ទីរក្រោមឱវាទអនុវត្ត មិនធ្លាប់មានបញ្ហាទេ។
ការលើកឡើងបែបនេះរបស់ឯកឧត្តម ឌិត ទីណា បានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះក្នុងកម្មពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមជាអធិបតីពីឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនិងឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។
ក្នុងពិធីនេះលោកញ៉ែម តារារិទ្ធ ត្រូវបានតែងតាំងជា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញជំនួសលោកចាន់ រិទ្ធី ដែលចូននិវត្តន៍។
ឯកឧត្តម ឌិត ទីណា ក្នុងឱកាសនោះ ក៏សម្ដែងនូវការកោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញដែលបានបំពេញការងារបានយ៉ាងល្អ ក្នុងការរក្សានូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ។អ្វីដែលយើងបានឃើញជាក់ស្តែងសំរាប់ព្រះរាជបុណ្យអុំទុកដែលបានកន្លងទៅប៉ុន្មានថ្ងៃមកនេះ អាជ្ញាធរភ្នំពេញសហការជាមួយកងកម្លាំង រក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់សណ្ដាប់ធ្នាប់ល្អប្រសើរខ្លាំងណាស់ រហូតទទួលបានការកោតសរសើរពីប្រមុខរាជរដ្ឋាភិបាលថែមទៀត។
ឯកឧត្តម ឌិត ទីណា បានបន្តថា តំណែងប្រធានមន្ទីរឥឡូវ ឋានៈស្មើនឹងប្រធាននាយកដ្ឋាន ពោលគឺតែងតាំងដោយអនុក្រឹត្យ ខណៈដែលពីមុន តែងតាំងដោយប្រកាសប៉ុណ្ណោះ។ដូច្នេះដើម្បីឆ្លើយតបទៅនឹងការជឿ ទុកចិត្តរបស់រាជរដ្ឋាភិបាល ប្រធានមន្ទីរទាំងអស់ត្រូវបំពេញការងារឲ្យបានល្អប្រសើរ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចុះ។ មួយវិញទៀត ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ព្រោះថាសាមគ្គីភាពផ្ទៃក្នុងនេះ មានសារៈសំខាន់ណាស់ បើគ្មានសាមគ្គីភាពផ្ទៃក្នុងទេ ការអនុវត្តការងារ ពិតជាមិនទទួលបានជោគជ័យនោះទេ។
ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់លោកប្រធានមន្ទីរ ត្រូវមានស្មារតីយកចិត្តទុកក្នុងការងារ មានទំនួលខុសត្រូវខ្ពស់ បង្ហាញចំណេះជំនាញទាក់ទងនឹងវិស័យកសិកម្ម និងឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាជន ដោយត្រូវធ្វើការតាមខ្សែបណ្តោយ ផ្តល់ផលប្រយោជន៍ដល់អង្គភាព និងផ្តល់ផលចំនេញជាឧត្តមប្រយោជន៍ដល់ប្រជាកសិករ ជាពិសេសត្រូវមានសាមគ្គីភាព និងប្រសិទ្ធភាពការងារ។
នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានរំឭកអំពីគោលយោបាយអាទិភាពក្នុងវិស័យកសិកម្មក្នុងការធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានហូប មានប្រើ មានបាន និងមានរហូត។ ជាគោលនយោបាយដែលលោកប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញ ត្រូវស្វែងយល់យកចិត្តទុកដាក់ និងកំណត់អាទិភាពឱ្យចំគោលដៅ និងអនុវត្តឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
ក្នុងពិធីនោះឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងពីស្ថានភាពការងាររដ្ឋបាលរាជធានីភ្នំពេញ និងការងារសន្តិសុខសណ្ដាប់ធ្នាប់ទូទៅ ដែលការងារនេះរដ្ឋបាលរាជធានីភ្នំពេញអនុវត្តបានយ៉ាងល្អ រហូតទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋនិងរាជរដ្ឋាភិបាល។
ឯកឧត្ដម បានលើកឡើងផងដែរថា ចំពោះការតែងតាំងប្រធានមន្ទីរថ្មីនេះ ធ្វើឡើងជាធម្មតា សម្រាប់មន្ត្រីរាជការ ដើម្បីសម្រួលភារកិច្ចឲ្យមន្ទីរអនុវត្តការងារកាន់តែប្រសើរឡើងថែមទៀត។
ឯកឧត្ដមអភិបាលរាជធានីបានស្នើឲ្យប្រធានមន្ទីរកសិកម្មថ្មី ត្រូវសហការឲ្យបានល្អជាមួយមន្ត្រីក៏ដូចជាអាជ្ញាធរដែនដីលើវិស័យកសិកម្មនេះ ពិសេសរក្សាឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុង។
នៅក្នុងឱកាសនោះដែរ លោកញ៉ែម តារារិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញថ្មី បានប្តេជ្ញាចិត្តបំពេញការងារជូនអង្គភាពក្រសួងកសិកម្មនិងរដ្ឋបាលរាជធានីភ្នំពេញ អោយបានល្អ។ រក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុងអោយបានល្អ ធ្វើអ្វីៗដើម្បីផលប្រយោជន៍រួម៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី