Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិស័យថ្មអារ ដែលរៀបនឹងត្រូវដួលរលំ ត្រូវបានស្រោចស្រង់ឡើងវិញ ហើយមានសន្ទុះកើន​ឡើង ៤ដង

ភ្នំពេញ ៖ វិស័យថ្មអារ ដែលរៀបនឹងត្រូវដួលរលំ ត្រូវបានស្រោចស្រង់ឡើងវិញ ហើយមានសន្ទុះកើន​ឡើង ៤ដង គឺជាបទពិសោធន៍ដ៏ជោគជ័យដែលឈរលើគោលការណ៍សំខាន់ចំនួន ៤​ របស់​សម្តេច​បវរធិបតីនាយករដ្ឋមន្ត្រី ក្នុងការសម្រេចដោះស្រាយក្នុងរយៈដ៏ខ្លីនៃការចាប់ផ្តើមតួនាទីជាប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល ដោយផ្អែកលើគោលនយោបាយឈ្នះ ឈ្នះ ហើយខ្មែរឈ្នះទាំងអស់គ្នា។ សម្តេច​បវរ​ធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល។

មេរៀនដ៏ជោគជ័យដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា សម្រេចបានត្រឹមរយៈខ្លី បន្ទាប់ពីទទួលភារកិច្ចក្នុង​តំណែងជានាយករដ្ឋមន្ត្រី គឺបានដោះ​ស្រាយក្នុងការសង្គ្រោះវិស័យថ្មអារ ដែលប្រឈមនឹងការរលំ ឱ្យងើបឡើងវិញ ហើយកើនបាន ៤ដង​។ កត្តាគន្លឹះសំខាន់នៃភាពជោគជ័យដែលសម្តេច​បវរ​ធិបតី បានយកមកដោះស្រាយ ឈរលើគោលការណ៍សំខាន់ចំនួន ៤៖ ១/ ហ៊ានវះ​កាត់, ២/ មានយន្តការ​ច្បាស់លាស់ក្នុងការរត្រួតពិនិត្យ តាមដាន និងជំរុញការអនុវត្ត, ៣/ មន្ត្រីអនុវត្តទាំង​អស់ត្រូវ​អនុវត្ត​ដោយស្មោះត្រង់ ដោយមិនបង្កើតបន្ទុកបន្ថែម ​និងបានជួយ​ដល់វិស័យ​ឯកជនក្នុងពេលមានការលំបាក និង៤/ វិស័យឯកជនត្រូវមានការចូលរួមដោយស្មោះ និង​ស្រុះគ្នា។

បន្ថែមពីការចែករំលែកបទពិសោធន៍ជោគជ័យខាងលើ ចំពោះវិស័យរ៉ែ សម្តេចបវរធិបតី បានផ្តល់​គោលការណ៍លើកទឹកចិត្ត និងណែនាំ​ដល់ក្រសួងរ៉ែ និងថាមពល ដើម្បីលើកកម្ពស់ការ​អភិវឌ្ឍវិស័យរ៉ែ​ឱ្យកាន់តែ​មាន​ការរីកចម្រើន ដែលរួមមានជាអាទិ៍៖ ១/ ត្រូវបន្តរៀបចំសិក្សា ដោយសហការ ជាមួយដៃគូ​ពាក់ព័ន្ធ ឬ វិស័យឯកជន ដើម្បី​ចងក្រង​ផែនទីសក្ដានុពលធនធានរ៉ែ និងជំរុញការសិក្សាស្រាវជ្រាវ​បន្ថែមទៀតលើរ៉ែកម្រ ក្នុងគោលដៅ​ទាក់ទាញការវិនិយោគបន្ថែម។ ២/ ត្រូវពិនិត្យមើល​ទីតាំងដែល​មានអាជ្ញាបណ្ណក្នុងតំបន់ព្រៃឡង់​ដែល​ពុំមានសកម្មភាព ឬពុំមានសក្ដានុពលធនធានរ៉ែ ដើម្បីដកហូត ឬកាត់ឆ្វៀលចេញពីដែនអាជ្ញា​បណ្ណធនធានរ៉ែ និងបន្តហាមដាច់ខាតមិនឱ្យចេញអាជ្ញាបណ្ណធនធាន​រ៉ែថ្មីនៅតំបន់ព្រៃឡង់នេះ។ ទី៣/ ត្រូវពង្រឹងការកៀរគរចំណូល និង ទប់ស្កាត់ការលេចធ្លាយចំណូល តាមរយៈការធ្វើអាជីវកម្ម​រ៉ែ​ដោយគ្មានសុចរិតភាព និងការធ្វើអាជីវកម្មរ៉ែខុសច្បាប់ និងអនាធិបតេយ្យ ។ និង ៤/ ត្រូវបន្តយកចិត្ត​ទុកដាក់ពង្រឹងការគ្រប់​គ្រងសុវត្ថិភាព និង លើកកម្ពស់សុខុមាលភាព​និយោជិតកម្មករ, ពង្រឹងការ​ត្រួតពិនិត្យ, ការទិញ ការដឹកជញ្ជូន ការស្ដុកទុក ការប្រើប្រាស់សារធាតុផ្ទុះ និង សារធាតុគីមីរបស់ការ​ដ្ឋាន​អាជីវកម្មធនធានរ៉ែ ឱ្យបានម៉ឺងម៉ាត់។

មុននឹងបញ្ចប់ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានបង្ហាញពីការយកចិត្តទុកដាក់ ព្រមទាំង​ផ្តល់នូវអានុសាសន៍សំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងវិស័យថាមពលរបស់ក្រសួងរ៉ែ និងថាមពល ដូចជា៖ ១/ ការបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីឱ្យការផ្គត់ផ្គង់វិស័យថាមពលមានគ្រប់គ្រាន់ និងគ្រប់​ទី​កន្លែង, ២/ ផ្អែកលើនិន្នាការសកល និងការកំណត់អភិក្រមសម្រាប់ការគ្រប់គ្រង និងការអភិវឌ្ឍ​វិស័យ​ថាមពលបច្ចុប្បន្ន, ៣/ ទិដ្ឋភាពនៃការបង្កើនថាមពលស្អាត និងប្រសិទ្ធភាពថាមពល និង ៤/ ការផ្គត់​ផ្គង់ថាមពលមួយដែលមានថ្លៃសមរម្យ ស្ថិរភាព និងសមធម៌។ ព្រមជាមួយគ្នានេះ​​ សម្តេចបវរធិបតី​នាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរ អំពីប្រធានបទនៃតំបន់ត្រួតស៊ីគ្នានៃធនធានប្រេងរវាងកម្ពុជា និងថៃ (OCA) ដោយបញ្ជាក់​ថាការ​ចរចាត្រូវតែឈរលើគោលការណ៍គោរពគ្នាទៅវិញ ទៅមក, បែងចែកផលសេដ្ឋកិច្ច ដែលអាចទទួលយកបាន ជាពិសេស គឺ ការគោរពអធិបតេយ្យរបស់កម្ពុជា​ដែលមិនអាចខ្វះបាន។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានបន្ថែមថា សូមអ្នកនយោបាយកុំយក​រឿងនយោបាយ មកទម្លាក់​ចូល​ក្នុងបច្ចេកទេស ដែលមិន​បានជួយអ្វីដល់កិច្ចការពារព្រំដែន ឬផលប្រយោជន៍ជាតិនោះទេ។ ករណីព្រំដែនទឹក​កម្ពុជា ជាមួយថៃ គឺស្ថិតក្នុងដំណាក់កាលចរចាដែលមិនទាន់មានការសម្រេច ឬឯកភាព ណាមួយនោះទេ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×