ភ្នំពេញ៖ វេទិកាបញ្ញាសិប្បនិមិត្តកម្ពុជា បានប្រកាសបើកពិធីនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ Hyatt Regency ក្នុងរាជធានីភ្នំពេញ ដែលវេទិកានេះ រៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមអធិបតីភាព លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និង មានអ្នកចូលរួមវេទិកានេះ តាមអ៊ីនធឺណិតផងដែរ។
ថ្លែងបើកវេទិកាបញ្ញាសិប្បនិមិត្តកម្ពុជានេះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានលើកឡើងថា នេះជាជំហានដ៏សំខាន់មួយក្នុងការប្រើអំណាចនៃបញ្ញាសិប្បនិមិត្តសម្រាប់ការជឿនលឿននៃការផ្លាស់ប្តូរឌីជីថលក្នុងសេដ្ឋកិច្ច និងសង្គមកម្ពុជា។
ឯកឧត្តម ជា វ៉ាន់ដេត បានបន្តថា យើងកំពុងឈានចូលទៅក្នុងយុគសម័យថ្មីមួយ ដែលមិនគ្រាន់តែជាគំនិតអនាគតប៉ុណ្ណោះទេ ប៉ុន្តែជាឧបករណ៍ជាក់ស្តែងដែលផ្លាស់ប្តូរឧស្សាហកម្ម សេដ្ឋកិច្ច និងសង្គមទូទាំងពិភពលោក។ លោក បានបន្តទៀតថា វេទិកាបញ្ញាសិប្បនិមិត្តកម្ពុជានេះ ផ្តល់ឱកាសដ៏មានតម្លៃ ក្នុងការស្វែងយល់ពីរបៀបដែល Al អាចដោះស្រាយបញ្ហាប្រឈម និងឱកាសពិសេស ដែលយើងជួបប្រទះនៅក្នុងប្រទេសកម្ពុជា។
លោកបណ្ឌិត សំ សិទ្ធសេរី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា វេទិកានៅថ្ងៃនេះ គឺដើម្បីស្វែងយល់ពីការផ្លាស់ប្តូរនៃបញ្ញាសិប្បនិមិត្ត AI និងឱកាសដែល AI បង្ហាញសម្រាប់អនាគតរបស់ប្រទេសកម្ពុជា។
លោកបណ្ឌិត បន្តថា បញ្ញាសិប្បនិម្មិត Al អាចជំរុញផលិតភាព និងការច្នៃប្រឌិតយ៉ាងសំខាន់ ដែលអនុញ្ញាតឱ្យអាជីវកម្មធ្វើមាត្រដ្ឋានកាន់តែលឿន និងមានប្រសិទ្ធភាព។ ទីផ្សារ Al សកល បច្ចុប្បន្ននេះ មានតម្លៃ ១៩៧ ពាន់លានដុល្លារអាមេរិក ជាមួយនឹងការព្យាករណ៍ដែលបង្ហាញថា នឹងឈានដល់ ១.៨ ពាន់ពាន់លានដុល្លារនៅឆ្នាំ២០៣០ ដែលមានការកើនឡើងក្នុងអត្រាកំណើនប្រចាំឆ្នាំសរុប (CAGR) ៣៧.៣% ពីឆ្នាំ២០២៣ ដល់ឆ្នាំ ២០៣០។
គួរបញ្ជាក់ថា បើតាមលោកបណ្ឌិត សំ សិទ្ធសេរី នៅក្នុងអាស៊ាន AI ត្រូវបានគេរំពឹងថា នឹងរួមចំណែកបង្កើន GDP ពី ១០ ទៅ ១៨% ស្មើនឹងជិត ១ ពាន់ពាន់លានដុល្លារនៅឆ្នាំ ២០៣០។ Artificial Intelligent (AI) នឹងដើរតួយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរឌីជីថលសកល។ សក្ដានុពលដ៏ធំរបស់ AI គឺវាលាតសន្ធឹងលើផ្នែកសំខាន់ៗដូចជា ពាណិជ្ជកម្មឌីជីថល ពាណិជ្ជកម្មអេឡិចត្រូនិក អត្តសញ្ញាណឌីជីថល និងសុវត្ថិភាពតាមអ៊ីនធឺណិត ដែលអនុញ្ញាតឱ្យប្រតិបត្តិការអាជីវកម្មគ្មានថ្នេរ និងការផ្តល់សេវាឌីជីថលប្រកបដោយសុវត្ថិភាពប្រកបដោយប្រសិទ្ធភាព៕