Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចមហាបវរធិបតី ណែនាំឲ្យក្រសួងរៀបចំដែនដី បន្តការកែទម្រង់វិស័យដីធ្លីតាមរយៈការចុះបញ្ជីដីធ្លីបង្ហើយ និងការបន្តដោះស្រាយវិវាទដីធ្លីតាមរយៈយន្តការរបស់ក្រសួង

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការវាយតម្លៃជារួមថា ចាប់តាំងពីដើមអាណត្តិទី៧ មកដល់ដំណាច់ឆ្នាំ២០២៤នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចបាននូវសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ ឆ្លើយតបបានទៅនឹងអាទិភាពនៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ពិសេសការបន្តការកែទម្រង់វិស័យដីធ្លីតាមរយៈការចុះបញ្ជីដីធ្លីបង្ហើយ ការបន្តដោះស្រាយវិវាទដីធ្លីតាមរយៈយន្តការរបស់ក្រសួង យន្តការរបស់គណៈ កម្មការសុរិយោដី និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ការបន្តជំរុញការដោះស្រាយបញ្ហាបុរី ដោយឈរលើស្មារតីយោគយល់គ្នាក្នុងគ្រាលំបាក ការបន្តជំរុញការរៀបចំផែនការរៀបចំដែនដី ផែនការប្រើប្រាស់ដី និងប្លង់គោលប្រើប្រាស់ដី ទាំងថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទីប្រជុំជន ឃុំ សង្កាត់ ក្នុងគោលដៅគ្រប់គ្រង និងអនុវត្តផែនការប្រើប្រាស់ដីធ្លីនៅកម្ពុជាឱ្យបានសមស្របចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់។

ប្រសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី២៦ វិច្ឆិកា ២០២៤។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់លើការរៀបចំដែនដីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយផ្អែកលើផែនការប្រើប្រាស់ដី ឱ្យស្របតាមសក្តានុពលនៃធនធានដីដែលជាកម្លាំងជំរុញដ៏មានប្រសិទ្ធភាពក្នុងការពង្រីកទំហំសេដ្ឋកិច្ច និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។

ទន្ទឹមនេះ ការរៀបចំការងារសម្បទានសង្គមនិងសេដ្ឋកិច្ច ដើម្បីលើកកម្ពស់ជីវភាព រស់នៅរបស់គ្រួសារយោធិន នគរបាលតាមបណ្តោយព្រំដែន និងគ្រួសារក្រីក្រខ្វះខាតដីពិតប្រាកដ ត្រូវទទួលបានដី លំនៅឋានសមរម្យ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ក្នុងក្របខ័ណ្ឌសម្បទានដីសង្គមកិច្ច គឺជាកិច្ចការ អាទិភាពដែលត្រូវបន្តយកចិត្តទុកដាក់ ជាពិសេស ការអនុវត្តកម្មវិធី “ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព”។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើការងារចុះបញ្ជីដីធ្លី ការដោះស្រាយវិវាទដីធ្លី ការដោះស្រាយបញ្ហាបុរី ការលើកកម្ពស់ គុណភាពសេវាគាប់ចិត្តដោយពង្រីកសមត្ថភាពនៃការប្រើប្រាស់ថ្នាលឌីជីថលកាន់តែទូលំទូលាយ គឺជាកម្លាំងចលករថ្មីមួយបន្ថែមទៀត ក្នុងការជំរុញសកម្មភាព និងល្បឿនសេដ្ឋកិច្ចកម្ពុជា តាមរយៈការចូលរួមពីការប្រើប្រាស់ឱ្យមានប្រសិទ្ធភាព នូវធនធានដីធ្លី ដែលអាចបង្កើនតម្លៃបន្ថែមដល់សេដ្ឋកិច្ចកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បន្ថែមថា ដើម្បីរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងបន្តជំរុញពិពិធកម្មសេដ្ឋកិច្ចដោយឈរលើមូលដ្ឋានធនធានក្នុងស្រុក យើងត្រូវគិតគូរឱ្យបានម៉ត់ចត់លើការពង្រីកការវិនិយោគ ពិសេសក្នុងវិស័យឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្មសំណង់ គ្រឿងបង្គុំសំណង់ គ្រឿងតុបតែងលម្អ សម្រាប់សំណង់អគារ ស្ថិតនៅក្រោមសមត្ថកិច្ច របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ដែលឧស្សាហកម្មទាំងអស់នេះជាចំណែកមួយយ៉ាងសំខាន់នៃសេដ្ឋកិច្ចកម្ពុជា។

ដើម្បីជាមូលដ្ឋានបន្ថែមក្នុងការជំរុញល្បឿនការងារឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបបានទៅនឹងស្ថានភាពបច្ចុប្បន្នរបស់កម្ពុជា ក៏ដូចជាចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍មួយចំនួន ក្នុងក្របខ័ណ្ឌវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងលំនៅឋាន ក្នុងនោះក្រសួងត្រូវបន្តចុះបញ្ជីដីធ្លីបង្ហើយនៅឆ្នាំ២០២៥ ទៅតាមផែនការរបស់ក្រសួង ព្រមទាំងបន្តដោះស្រាយវិវាទដីធ្លី និងបញ្ហាបុរីឱ្យនៅសល់ក្នុងកម្រិតមួយជាអប្បបរមា ដើម្បីផ្តល់ទំនុកចិត្តបន្ថែមទៀតដល់អ្នកវិនិយោគដើម្បីបន្តដាក់ទុនវិនិយោគឈានទៅពង្រឹងសេដ្ឋកិច្ចកម្ពុជា ពង្រឹងបានភាពធន់របស់កម្ពុជា និងឈានទៅពង្រីកឧស្សាហកម្មថ្មីៗ បង្កើនតម្លៃបន្ថែម និងកសាងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ព្រមទាំងរក្សាបាននូវសុខដុមនីយកម្មសង្គម។

សម្តេចធិបតីនាយករដ្ឋមន្ត្រី សង្ឃឹមថា ការងារចែកបណ្ណនឹងត្រូវបញ្ចប់នៅឆ្នាំ២០២៧ ដែលជាពេលវេលាសសមស្របជាយុទ្ធសាស្ត្រ ដើម្បីឈានទៅប្រារព្ធខួប៤០ឆ្នាំ (១៩៨៩-២០២៩) នៃការផ្តល់កម្មសិទ្ធិឯកជនលើដីធ្លីជូនប្រជាពលរដ្ឋនៅកម្ពុជា ដែលបានផ្តួចផ្តើមឡើយដោយ សម្តេចតេជោ ហ៊ុន សែន ។

សម្តេចធិបតី បានស្នើ ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្តទាំងអស់ ចូលរួម ឱ្យបានសកម្ម និងចាត់ចែងឱ្យមានប្រសិទ្ធភាពក្នុងការចេញបណ្ណជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×