Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជុំពង្រឹងស្ដីពីសត្តឃាតធ្វើអាជីវកម្ម កុំឲ្យប៉ះពាល់សុខភាពមនុស្ស ពេលទិញសាច់យកទៅធ្វើម្ហូបទទួលទាន

ខេត្តកំពង់ចាម: “អាជ្ញាធរមូលដ្ឋានក៏ដូចជាមន្ត្រីជំនាញត្រូវតែជំរុញបងប្អូនអាជីវករត្រូវតែនាំគ្នាមកធ្វើអាជីវកម្មកាប់ជ្រូក គោ ក្របី ក្នុងទីសត្តឃាតដ្ឋានដើម្បីងាយស្រួលដល់ជំនាញពេទ្យសត្វចុះត្រួតពិនិត្យ” នេះជាការលើកឡើងរបស់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តថ្លែងក្នុងកិច្ចប្រជុំស្ដីពីស្ថានភាពនិងការពិឃាតនៅសត្តឃាតតាមបណ្ដាក្រុងស្រុកដោយធ្វើឡើងនៅសាលប្រជុំតូចសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៧ វិច្ឆិកាឆ្នាំ២០២៤។ក្នុងឱកាសនោះមានការចូលរួមពីមន្ត្រីជំនាញពេទ្យសត្វប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត អភិបាលក្រុង-ស្រុកទាំង ១០នៅក្នុងខេត្ត សំខាន់គឺធ្វើយ៉ាងណាកុំឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ។

លោកសឹម ថាវរៈ ប្រធានមន្ទីរកសិកម្មខេត្តបានលើកឡើងថា: បងប្អូនអាជីវករដែលកំពុងនាំគ្នាប្រកបរបរកាប់សត្វមានបក្សី ជ្រូក គោ ក្របី សរុបមានចំនួន ៥៥៣នាក់ នៅតាមក្រុងស្រុកទាំង១០ ក្នុងខេត្តកំពង់ចាម។សម្រាប់បញ្ហាប្រឈមគឺមានស្រុកខ្លះកន្លែងអាជីវកម្មកាប់ជ្រូកនៅឆ្ងាយពីសត្តឃាតដ្ឋាន ទាំងនេះគឺការធ្វើអាជីវកម្មពីម្ចាស់វិនិយោគមិនទាន់បានត្រឹមត្រូវនៅឡើយទេ។ក្នុងចំណោមក្រុងស្រុកទាំង១០ក្នុងខេត្តកំពង់ចាម ក្នុងនោះមាន៨ស្រុកក្រុងមានទីសត្តឃាតត្រឹមត្រូវ ដោយឡែកនៅស្រុកបាធាយនិងស្ទឹងត្រង់មិនទាន់មានទីសត្តឃាតនៅឡើយ។

លោករី ដាវិន អភិបាលរងក្រុងកំពង់ចាមបានលើកឡើងថា សម្រាប់តម្លៃសាច់ជ្រូកលក់នៅលើទីផ្សារក្នុងក្រុងកំពង់ចាម គឺមានតម្លៃមួយប្រសើរជាងតាមបណ្ដាស្រុកក្រុងផ្សេងទៀត។ជាមួយនោះគឺសាច់ជ្រូកមានប្រភពចេញមកពីក្រុមហ៊ុនស៊ីភីនៅក្នុងខេត្តត្បូងឃ្មុំក៏បាននាំមកកាប់សាច់លក់នៅតាមទីផ្សារនានាក្នុងក្រុងកំពង់ចាម។ហើយក៏មានសាច់ជ្រូកខ្លះមិនមានប្រភពច្បាស់លាស់ចេញពីសត្តឃាត យកមកលក់លើទីផ្សារក៏មាន។តាមការកត់សម្គាល់បងប្អូនដែលធ្វើអាជីវកម្មលើគោ ក្របីមានចំនួន៦៤កន្លែង សាច់ជ្រូកមាន៦០ កន្លែង ក្នុងនោះភាគរយតិចណាស់ដែលសុំច្បាប់ដើម្បីចែកចាយក្នុងផ្សារ។ជាក់ស្ដែងអ្នកលក់សាច់ជ្រូកនៅផ្សារបឹងកុក ដែលគេគោរពច្បាប់ត្រឹមត្រូវគឺលក់នៅក្នុងផ្សារ ហើយអ្នកខ្លះទៀតមិនបានគោរពច្បាប់ថែមទាំងមកលក់នៅក្រៅផ្សារ កត្តានេះធ្វើឲ្យប៉ះពាល់ដល់អ្នកគេគោរពច្បាប់។សម្រាប់ជាដំណោះស្រាយល្អគឺឲ្យបងប្អូនអាជីវករក្នុងសង្កាត់ទាំងបួនរួមគ្នាមកធ្វើអាជីវកម្មនៅទីសត្តឃាតមួយកន្លែង ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពេទ្យសត្វចុះពិនិត្យសុខភាពសត្វ។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ដោយលើកឡើងថា បងប្អូនអាជីវករដែលកំពុងប្រកបរបររកស៊ីគឺបានសុំច្បាប់តាមរយៈច្រកចេញចូលតែមួយដែលមាននៅតាមក្រុងស្រុកទាំងដប់ក្នុងខេត្តកំពង់ចាម។ហើយតាមការសង្កេតដោយផ្ទាល់សព្វថ្ងៃគឺមានអាជីវករមួយចំនួននៅតែបន្តសកម្មភាពធ្វើអាជីវកម្មកាប់ជ្រូក គោ នៅក្រៅសត្តឃាត ហើយយកមកលក់នៅលើទីផ្សារទាំងនេះ អាចមិនមានការត្រួតពិនិត្យដិតដល់ពីមន្ត្រីជំនាញពេទ្យសត្វ។ ចំពោះតម្លៃសាច់ជ្រូកលក់លើកទីផ្សាររាល់ថ្ងៃនេះធ្វើយ៉ាងណាឱ្យមានតម្លៃសមរម្យពលរដ្ឋអាចទទួលយកបានដោយធនាពីគុណភាពសត្វទទួលទានទៅមិនប៉ះពាល់សុខភាព។
សម្រាប់អ្នកដែលធ្វើអាជីវកម្មនៅកន្លែងឆ្ងាយគួរតែប្រមូលផ្ដុំកាប់សត្វនៅទីតាំងណាមួយដើម្បីបង្កលក្ខណៈងាយស្រួលឱ្យពេទ្យសត្វចុះពិនិត្យទើបជាការប្រសើរ។ជាមួយនោះរដ្ឋបាលខេត្តក៏មានបំណងបើសិនអាជីវករដែលវិនិយោគតាមទីសត្តឃាត ផុតកំណត់អាចចង់ឱ្យមានការផ្លាស់ប្ដូរមួយគឺមានការដេញថ្លៃធ្វើអាជីវកម្មក្នុងមួយឆ្នាំម្ដង។ហើយការងារចាប់ពីពេលនេះត្រូវប្រគល់ភារកិច្ចជូនលោកលី សារិទ្ធអភិបាលរងខេត្ត សហការជាមួយមន្ត្រីជំនាញដើម្បីចុះតាមដានមើលពីសកម្មភាពអាជីវកម្មកាប់សាច់ជ្រូកគោ ក្របី តាមស្រុកក្រុងនៅក្នុងខេត្តកំពង់ចាមឱ្យមានតម្លាភាព៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

×