តាកែវ៖ នៅវេលាម៉ោង១៩:៣០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងតាកែវ ចុះបង្ក្រាបជាក់ស្ដែងករណីរក្សាទុកដឹកជញ្ជូនឬជួញដូរកញ្ឆាស្ងួតដោយខុសច្បាប់ នៅចំណុចប្រឡាយទឹកតាសេក ស្ថិតនៅភូមិតារាគមន៍ ឃុំជ័យជោគ ស្រុកបូរីជលសារ ខេត្តតាកែវ ។
កងរាជអាវុធហត្ថខេត្តតាកែវបានឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់៖ ១.ឈ្មោះ អ៊ុ សុខ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិពងអណ្តើក ឃុំព្រៃយុថ្កា ស្រុកកោះអណ្តែត ខេត្តតាកែវ មុខរបរកសិករ (សីឈ្នួលដឹកជញ្ជូនតាមបញ្ជាឈ្មោះ រុន សាវុធ) ។ ២.ឈ្មោះ រុន សាវុធ ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិតាផាន់ ឃុំព្រៃយុថ្កា ស្រុកកោះអណ្តែត ខេត្តតាកែវ មុខរបរលក់បាយ (រក្សាទុកជួញដូរ)
កម្លាំងបានចាប់យកវត្ថុតាង៖ ១-កញ្ឆាក្រៀមចំនួន១១៩កញ្ចប់ កាត់សំបកថង់ចេញ ដាក់ស្នោ០៧កេះ ទម្ងន់: ៦០,០៥គីឡូក្រាម ( កញ្ឆាស្ងួតសុទ្ធ ) ២-ទូកកាណូ០១គ្រឿង ប្រវែង៨.១ម៉ែត្រ ម៉ាស៊ីនមួយគ្រឿងម៉ាក HINOTA កម្លាំង១៣សេស ៣-ទូរស័ព្ទដៃចំនួន០៣គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងឃាត់ខ្លួន នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រូវបានមន្ត្រីជំនាញកំពុងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី