ភ្នំពេញ ៖ ថ្លែងក្នុងកិច្ចប្រជុំស្ដីពីវឌ្ឍនភាពការងារ របស់គណៈកម្មការរៀបចំកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃបង្កើតកងកម្លាំងនគរបាលជាតិកម្ពុជា ប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃបង្កើតកងកម្លាំងនគរបាលជាតិកម្ពុជា ជាព្រឹត្តិការណ៍ដ៏មានអត្ថន័យយ៉ាងធំធេង និងជាការរំលឹកនូវគំរូវីរភាពដ៏ឧត្តុង្គឧត្តម របស់វីរយុទ្ធជន វីរយុទ្ធនារីជារៀមច្បង នៃនគរបាលជាតិគ្រប់សម័យកាល។
ឯកឧត្តមអភិសន្តិបណ្ឌិត បានចាត់ទុកវីរភាពរបស់ចាស់ទុំ និងរៀមច្បងនគរបាលជាតិទាំងអស់ថា ជាមរតកនៃគំរូវីរភាព និងស្នាដៃបទពិសោធយ៉ាងសម្បូរបែបសម្រាប់កងកម្លាំងនគរបាលជាតិរបស់យើងនាពេលបច្ចុប្បន្ន ប្រើប្រាស់ជាវិធានការដ៏ស័ក្ដិសិទ្ធិដើម្បីបំពេញប្រតិបត្តិការ ប្រកបដោយជោគជ័យក្នុងភារកិច្ចថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រួមចំណែកធ្វើឱ្យសម្រេចជោគជ័យនូវបេសកកម្មនៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
ឯកឧត្តមបានមានប្រសាសន៍ថា ការរៀបចំរម្លឹកខួបអនុស្សាវរីយ៍ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នាពេលខាងមុខនេះ ក៏បានបង្ហាញឱ្យឃើញពីការប្តេជ្ញាថែរក្សានូវមរតករៀមច្បងកងកម្លាំងនគរបាលជាតិ បង្ហាញពីការ ឯកភាពជាធ្លុងមួយក្នុងការបំពេញភារកិច្ចសំខាន់ៗ និងបង្ហាញពីសមិទ្ធផលនានា ដែលផ្តើមចេញពីការតស៊ូ លះបង់ ពុះពារការលំបាកគ្រប់បែបយ៉ាងរបស់កងកម្លាំងនគរបាលជាតិ ដើម្បីបុព្វហេតុ សន្តិសុខជាតិមាតុភូមិ និងការរស់នៅប្រកបដោយភាពសុខដុមរមនារបស់ពលរដ្ឋទូទាំងប្រទេស ដើម្បីទាក់ទាញការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋ និងពីគ្រប់អ្នកពាក់ព័ន្ធ ទាំងផ្ទៃក្នុងជាតិ និងលើឆាកអន្តរជាតិ ឱ្យកាន់តែខ្លាំងក្លាថែមទៀត។
សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃ គ្រោងប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ប្រសិនបើគ្មានការប្រែប្រួលទេនោះ ពិធីនេះ នឹងរៀបចំឡើងនៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី