Thursday, December 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម វង្សី វិស្សុត គូសបញ្ជាក់ថា “ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០២៤-២០២៨” គឺជាត្រីវិស័យ និងជាផែនទីបង្ហាញផ្លូវសម្រាប់គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់

ភ្នំពេញ ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការបានគូសបញ្ជាក់ថា សមិទ្ធផលថ្មីរបស់រាជរដ្ឋាភិបាលនៅដើមនីតិកាលទី៧សម្រាប់វិស័យពិការភាពថ្មីមួយទៀត គឺការប្រកាសដាក់ឱ្យអនុវត្តនូវ “ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០២៤-២០២៨” ដែលជាត្រីវិស័យ និងជាផែនទីបង្ហាញផ្លូវសម្រាប់អន្តរក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងអាជ្ញាធរថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការជាតិ អន្តរជាតិ អង្គការសមាគមជនមានពិការភាព រួមទាំងតួអង្គពាក់ព័ន្ធនានាក្នុងវិស័យសាធារណៈ និងឯកជន ដែលជាប្រតិបត្តិករអនុវត្តរួមគ្នានៅក្នុងក្របខណ្ឌការងារ និងដែនសមត្ថកិច្ចរៀងៗខ្លួន ដើម្បីបម្រើឧត្តមប្រយោជន៍របស់ជនមានពិការភាព និងក៏ជាកាតព្វកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការរួមចំណែកអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ និងធ្វើឱ្យសិទ្ធិជនមានពិការភាពក្លាយជាការពិត។ ការលើកឡើងរបស់ឯកឧត្តម វង្សី វិស្សុត ដូចនេះធ្វើឡើងនាឱកាសនៃការប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងទិវាអន្តរជាតិលើកទី៤២ និងពិធីប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០២៤-២០២៨ នាសាលមហោ ស្រពកោះពេជ្រ ព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិ
ស័យក្នុងយុគសម័យបរិវត្តកម្មឌីជីថល»

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបន្ថែមថា ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០២៤-២០២៨ កសាងឡើងស្របតាមអាណត្តិរបស់រាជរដ្ឋាភិបាលក្នុងគោលដៅសម្រេចឱ្យបាននូវបរិយាបន្នពិការភាពក្នុងសកម្មភាពការងារ និងថវិការបស់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកពាក់ព័ន្ធដទៃទៀតនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិតាមរយៈជំរុញការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាស្តីពីពិការភាពរួមទាំងផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពនេះឱ្យមានប្រសិទ្ធភាព លើកកម្ពស់ការចូលរួមពេញលេញប្រកបដោយអត្ថន័យរបស់ជនមានពិការភាព និងអ្នកតំណាងរបស់ពួកគាត់ក្នុងការធ្វើសេចក្តីសម្រេចចិត្ត ការអនុវត្ត និង ការតាមដាននូវរាល់ផែនការសកម្មភាព និងថវិការបស់ក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធនានា ពង្រឹង និងពង្រីកការផ្តល់សេវា ការគាំទ្រ ឱកាស និងធនធាននានាសម្រាប់ជនមានពិការភាព គ្រួសារ និងសហគមន៍ប្រកបដោយសមធម៌ គ្មានការរើសអើង និងបរិយាបន្ន ដើម្បីធានាថាជនមានពិការភាពគ្រប់វ័យ គ្រប់ប្រភេទ និងក្រុមគ្រួសាររស់នៅប្រកបដោយគុណភាព ក្នុងគ្រប់ទិដ្ឋភាពនៃជីវិត និងចូលរួមយ៉ាងសកម្មពេញលេញ ស្មើភាពក្នុងសង្គមមានការគោរពសិទ្ធិ សេចក្តីថ្លៃថ្នូរ និងភាពចម្រុះព្រមទាំងមានបរិយាបន្នពិការភាព និងចីរភាពក្នុងគ្រប់វិស័យ។

ក្នុងឱកាសនេះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតិតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការបានថ្លែងថា ទិវាជនមានពិការភាពឆ្នាំនេះ ប្រារព្ធឡើងក្នុងគោលបំណងចំនួន៣ គឺ៖ ទី១) បង្កើនការយល់ដឹងអំពីពិការភាព ដោយបង្ហាញអំពីឆន្ទះរបស់រាជរដ្ឋាភិបាលក្នុងការបញ្ជ្រាបការងារពិការភាពទៅក្នុងកម្មវិធី និងគោលនយោបាយរបស់ក្រសួង ស្ថាប័ន អង្គការ ដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ និងវិស័យឯកជន ទី២) ជំរុញការអនុវត្តគោលនយោបាយរដ្ឋាភិបាលស្តីពីបច្ចេកវិទ្យាឌីជីថលកម្ពុជា២០២២-២០៣៥ ដើម្បីដាក់បញ្ចូលវិស័យនេះក្នុងប្រព័ន្ធបរិវត្តកម្មឌីជីថល និងទី៣)ប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព២០២៤-២០២៨ ហើយថាបើផ្អែកតាមរបាយការណ៍ជំរឿនទូទៅប្រជាជនឆ្នាំ២០១៩ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការបានបង្ហាញថាអត្រាជនមានពិការភាពកម្ពុជា គិតត្រឹមអាយុឡើង៥ឆ្នាំមានចំនួនសរុប ៦៨៩,៤៥៧នាក់ ស្មើនឹង ៤.៩% នៃប្រជាជនសរុប។ អត្រានេះ មានការកើនឡើងបើប្រៀបធៀបទៅនឹងការអង្កេតសេដ្ឋកិច្ចសង្គមឆ្នាំ ២០១៤ដែលអត្រាជនមានពិការភាពមានត្រឹមចំនួន៥២៤,០០០នាក់ស្មើនឹង៤%នៃប្រជាជនសរុប៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×