ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តចុះពិនិត្យការដ្ឋានសាងសង់វិមានឈ្នះឈ្នះ ដែលមានសកម្មភាពសាងសង់យ៉ាងមមាញឹក ដើម្បីត្រៀមពិធីសម្ពោធវិមានឈ្នះឈ្នះ និងការប្រារព្វខួបលើកទី២០ ទិវានយោបាយឈ្នះឈ្នះ ដែលនឹងប្រារព្វធ្វើនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែសីហា ឆ្នាំ២០១៨។
អញ្ជើញអមដំណើរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ចុះពិនិត្យការដ្ឋានសាងសង់វិមានឈ្នះឈ្នះនាឱកាសនោះមាន៖ លោក នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ លោក នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ កិច្ចការបរទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសិក្សាស្រាវជ្រាវសាងសង់វិមានឈ្នះឈ្នះ លោក នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ ព្រមទាំងនាយទាហានជាន់ខ្ពស់នៅក្នុងក្រសួងការពារជាតិជាច្រើនរូបទៀត។
តាមរយៈការចុះពិនិត្យសកម្មភាពការសាងសង់វិមានឈ្នះឈ្នះនាឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានក្រើនរំលឹកដល់ក្រុមការងារសាងសង់វិមានឈ្នះឈ្នះ បន្តរៀបចំខ្លឹមសាររូបភាពទាំងឡាយ គឺឈរលើខ្លឹមសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ ធ្វើអោយប្រទេសជាតិបានទទួលសុខសន្តិភាព ដែលគិតរហូតមកដល់ពេលនេះមានរយៈពេល២០ឆ្នាំ ក្រោយពីប្រទេសកម្ពុជាបានបញ្ចប់សង្គ្រាមទាំងស្រុងនៅចុងឆ្នាំ១៩៩៨។ សំណង់វិមានឈ្នះឈ្នះ ដែលកំពង់សាងសង់នៅក្នុងតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់នេះ គឺជានិមិត្តរូបនៃសន្តិភាព ដែលប្រទេសកម្ពុជាទទួលបានក្រោមគោលនយោបាយឈ្នះឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។
សូមបញ្ជាក់ថា៖ នៅការដ្ឋានសាងសង់វិមានឈ្នះឈ្នះនាពេលនេះ បានកំពង់ធ្វើការរៀបចំក្រាលឥដ្ឋការ៉ូធ្វើអំពីថ្មម៉ាបនៅជុំវិញបរិវេណវិមានឈ្នះឈ្នះ ការដាំដើមឈើ ការធ្លាក់រូបចម្លាក់អំពីសកម្មភាពអនុវត្តនយោបាយឈ្នះឈ្នះ ការឆ្លាក់សិលាចារឹក និងការឆ្លាក់រូបសំណាកក្បាលនាគ និងខ្លួននាគ។ ក្រៅពីការត្រួតពិនិត្យបរិវេណខាងក្រៅវិមានឈ្នះឈ្នះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអញ្ជើញត្រួតពិនិត្យកន្លែងរៀបចំធ្វើសារមន្ទីរជាន់លើនៅតំបន់៧ជ្រុង និងបន្តចុះត្រួតពិនិត្យសារមន្ទីរជាន់ក្រោមនៅជាន់ផ្ទាល់ដី ក្នុងវិមានឈ្នះឈ្នះ ដែលត្រូវរៀបចំតាំងពិព័រណ៍អបអរសាទរខួបលើកទី២០ឆ្នាំ ទិវានយោបាយឈ្នះឈ្នះ ដោយមានការចូលរួមតាំងពិព័រណ៍ពីបណ្តាស្ថាប័នក្រសួងនានា បង្ហាញពីសមិទ្ធផលរបស់ខ្លួនក្នុងរយៈពេល២០ឆ្នាំផងដែរ៕ ដោយ៖កូឡាប