ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Tania Meyer នាយកប្រចាំប្រទេសនៃធនាគារពិភពលោក (The World Bank) ប្រចាំកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការសាទរ និងស្វាគមន៍លោកស្រីនាយកប្រចាំប្រទេសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ព្រមទាំងបានបង្ហាញនូវជំហរនិងស្មារតីបន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា និងធ្វើការងារជាមួយគ្នាបន្ថែមទៀតក្នុងវិស័យកសិកម្ម។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្មក្នុងការរក្សាស្ថេរភាពថ្លៃកសិផលសម្រាប់ប្រជាកសិករ និងអ្នកប្រេីប្រាស់ ការដាក់ពង្រាយមន្រ្តីកសិកម្មភូមិ-ឃុំ ដែលជាជំនួយការរបស់ប្រជាកសិករជួយទៅលើផ្នែកបច្ចេកទេសនិងការរាយការណ៍នូវបញ្ហាប្រឈមផ្សេងៗ និងការកសាងសហគមន៍កសិកម្មទំនេីប ដែលអាចជួយប្រជាកសិករកាត់បន្ថយថ្លៃដេីមផលិត មានផែនការច្បាស់លាស់ ទទួលបានកម្ចីដើមទុនការប្រាក់ទាប អាចផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សារ មានការគាំទ្របច្ចេកទេសជាប្រចាំពីក្រសួង និងការគាំពារពីហានិភ័យនៃការប្រែប្រួលអាកាសធាតុ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំអំពីគោលយោបាយអាទិភាពក្នុងវិស័យកសិកម្មក្នុងការធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ធ្វេីយ៉ាងណាឱ្យប្រជាកសិករ មានហូប មានប្រេី មានបាន និងមានរហូត។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថាកម្ពុជាមានកសិផលសក្តានុពលជាច្រើនដែលត្រូវការការកែច្នៃនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ប្រការសំខាន់ការប្រកួតប្រជែងនេះគឺផ្តោតសំខាន់ទៅលើគុណភាពល្អប្រណិត រសជាតិឆ្ងាញ់ អនាម័យខ្ពស់ លក់ក្នុងតម្លៃថ្លៃ និងទទួលបានតម្លៃបន្ថែមខ្ពស់ ដោយមិនប្រកួតប្រជែងបរិមាណឡើយ។
ពាក់ព័ន្ធនឹងការងារឌីជីថលូបនីយកម្ម ឯកឧត្តមរដ្ឋមន្រ្តី បានលេីកឡេីងថាការងារនេះគឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងវិស័យកសិកម្ម ដែលត្រូវដាក់ឱ្យអនុវត្តគ្រប់ទីកន្លែងដូចជាការអនុវត្តការងារប្រចាំថ្ងៃរបស់មន្រ្តីរាជការ គ្រឹះស្ថានអប់រំ ការងារមន្រ្តីភូមិ-ឃុំ សហគមន៍កសិកម្មទំនេីប និងកសិករនៅមូលដ្ឋានជាក់ស្តែង សុទ្ធសឹងតែត្រូវការដេីម្បីអនុវត្តការងារមានភាពទំនេីបកម្ម រហ័សទាន់ពេលវេលា និងមានភាពងាយស្រួល ។ ក្នុងការងារនេះ ក្រុមការងារធនាគារពិភពលោកអាចពិនិត្យលទ្ធភាពក្នុងការចូលរួមជំរុញកម្មវិធីផ្សេងៗដែលអាចប្រេីប្រាស់បានទូលំទូលាយ មានការគ្រប់គ្រងច្បាស់លាស់ និងអាចជួលជុលថែទាំបានប្រកបដោយប្រសិទ្ធភាព។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី មានសង្ឃឹមយ៉ាងមុតមាំក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងអនុវត្តគម្រោងអភិវឌ្ឍនានាជាមួយធនាគារពិភពលោក ជាពិសេសជាមួយលោកស្រី Tania Meyer ប្រកបដោយលទ្ធផលផ្លែផ្កា និងទទួលជោគជ័យទាំងអស់គ្នា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី