Thursday, December 12, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ.ជ.ប ៖ វិធានការសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោមនៃខេត្តព្រះសីហនុ ឆ្នាំ២០២៥

ភ្នំពេញ ៖ ឯកឧត្ដម មាន សទិ សមាជិក គ.ជ.ប បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពីការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥ លើប្រធានបទ «វិធានការសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ការចុះឈ្មោះបោះឆ្នោត ការបញ្ជាក់តាមឋានានុក្រម និងការបញ្ជូនមក គ.ជ.ប ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងតវ៉ា ឬ/និងពាក្យបណ្តឹងជំទាស់លើបញ្ជីបោះឆ្នោតដំបូង» នៅសាលសន្និសីទរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤។

ឯកឧត្តម មាន សន្តិ បានជម្រាបជូន អំពីវិធានការសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោមនៃខេត្តព្រះសីហនុ ឆ្នាំ២០២៥ ខាងមុខនេះថា ការចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតសម្រាប់ក្រុមប្រឹក្សាសង្កាត់ នៅក្នុង មុខតំណែងនៃក្រុងកំពង់សោម ត្រូវធ្វើនៅតាមសាលាសង្កាត់ទាំង ៥ (ក្រុមប្រឹក្សាសង្កាត់រាម សង្កាត់បិតត្រាំង សង្កាត់អូរឧកញ៉ាហេង សង្កាត់បឹងតាព្រហ្ម និងសង្កាត់អូរជ្រៅ) របស់ក្រុង ហើយ ក្រុមប្រឹក្សាសង្កាត់អាចទៅបង្ហាញខ្លួនចំពោះប្រធានក្រុមប្រឹក្សាសង្កាត់ ឬមិនបាច់បង្ហាញខ្លួនក៏បាន។ ប្រធានក្រុមប្រឹក្សាសង្កាត់ត្រូវរៀបចំបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាសង្កាត់ដើម្បីបញ្ជូនតាម ឋានានុក្រមមក គ.ជ.ប។ ឯកឧត្តម មានប្រសាសន៍បន្តថា ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវមាន តួនាទី និងភារកិច្ច ដូចខាងក្រោម៖

ត្រូវចាត់វិធានការសមស្រប ដើម្បីធានាថា ដំណើរការនៃការចុះឈ្មោះបោះឆ្នោត បាន ប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព គ្មានការភ័យខ្លាច គ្មានការបង្ខិតបង្ខំ គ្មានការគំរាមកំហែង

ធានាឱ្យអ្នកសង្កេតការណ៍ ដែលមានការបញ្ជាក់ទទួលស្គាល់ដោយ គ.ជ.ប និងភ្នាក់ងារ គណបក្សនយោបាយ ដែលមានការបញ្ជាក់ទទួលស្គាល់ ដោយគណៈកម្មការរៀបចំ- ការបោះឆ្នោតខេត្តព្រះសីហនុ ឬលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តព្រះសីហនុ មានលទ្ធភាពសង្កេតការណ៍ក្នុងដំណើរការនៃការចុះឈ្មោះបោះឆ្នោត ក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត។

ឯកឧត្តម មាន សទិ បានមានប្រសាសន៍ថា គ.ជ.ប ត្រូវបិទផ្សាយបញ្ជីទីតាំងការិយាល័យ បោះឆ្នោត នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយបញ្ជីនេះ មានបញ្ជាក់អំពីការិយាល័យចុះឈ្មោះ បោះឆ្នោតផងដែរ គឺសាលាសង្កាត់ ទាំង ៥ នៃក្រុងកំពង់សោម។ ឯកឧត្តម បន្តថា ការចុះឈ្មោះ អ្នកបោះឆ្នោត និងការបញ្ជាក់តាមឋានានុក្រម និងការបញ្ជូនមក គ.ជ.ប ត្រូវចាប់ផ្តើមពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ និងបញ្ចប់នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ហើយបញ្ជីឈ្មោះអ្នកបោះឆ្នោត ត្រូវ រៀបចំសម្រាប់ក្រុងកំពង់សោម តាមលំដាប់អក្ខរក្រម។

ក្នុងករណីដែលក្រុមប្រឹក្សាសង្កាត់ណាមួយមិនបានរៀបចំ និងបញ្ជូនបញ្ជីឈ្មោះសមាជិក ក្រុមប្រឹក្សាសង្កាត់មក គ.ជ.ប នោះ គ.ជ.ប ត្រូវធ្វើប្រតិភូកម្មមុខងារដល់អភិបាលស្រុកព្រៃនប់ ដើម្បីរៀបចំបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សានោះ រួចចុះហត្ថលេខាបោះត្រារដ្ឋបាលស្រុកដែល មានការបញ្ជាក់ឯកភាពពីអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ រួចបញ្ជូនមក គ.ជ.ប ឱ្យ បានឆាប់រហ័សតាមដែលអាចធ្វើបាន។

ក្នុងករណីមានការផ្លាស់ប្តូរសមាជិកក្រុមប្រឹក្សាក្នុងតំណែង ក្រុមប្រឹក្សាសង្កាត់ត្រូវលើក សំណើដោយមានបញ្ជាក់ឯកភាពតាមឋានានុក្រមមក គ.ជ.ប ដើម្បីសុំកែតម្រូវបញ្ជីបោះឆ្នោត យ៉ាងតិច ២ថ្ងៃ (ត្រឹមថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤) មុនថ្ងៃបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ។

សូមបញ្ជាក់ជូនថា អ្នកសង្កេតការណ៍ និងភ្នាក់ងារគណបក្សនយោបាយ ដែលមានការ បញ្ជាក់ទទួលស្គាល់ដោយ គ.ជ.ប និងគណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ មានលទ្ធភាព សង្កេតការណ៍ក្នុងដំណើរការនៃការចុះឈ្មោះបោះឆ្នោត ក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត។

ឯកឧត្តម មាន សទិ មានប្រសាសន៍បន្តទៀតថា បន្ទាប់ពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ជនណាក៏ដោយ ឬតំណាងមានសិទ្ធិប្តឹងតវ៉ា និងប្តឹងចចាស់ ជាលាយលក្ខណ៍អក្សរតាមពាក្យបណ្តឹងទម្រង់ ១២០២ ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូងទៅ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ (រយៈពេល ៥ថ្ងៃ) ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ហើយគណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ ត្រូវសម្រេចលើពាក្យបណ្តឹងក្នុងរយៈពេល ៣ថ្ងៃ យ៉ាងយូរ បន្ទាប់ពីថ្ងៃទទួលបានពាក្យបណ្តឹង ហើយថ្ងៃចុង ក្រោយ គឺនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ សម្រាប់ពាក្យបណ្ដឹងដែលទទួលបាននៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤។

ឯកឧត្តម បានជម្រាបជូនអំពីកម្មវត្ថុនៃពាក្យបណ្តឹងតវ៉ា ឬ/និងជំទាស់ត្រូវបញ្ជាក់ច្បាស់លាស់ ថា ពាក្យបណ្តឹងតវ៉ា ត្រូវបានធ្វើឡើងអំពីការបាត់ឈ្មោះ ឬមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែ កត់ត្រាមិនច្បាស់លាស់ និងពាក្យបណ្តឹងជំទាស់ អាចធ្វើឡើងចំពោះបុគ្គលណាម្នាក់ដែលមាន ឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង ក្នុងករណីដែលជននោះគ្មានសិទ្ធិបោះឆ្នោត ដោយសារមិនមែន ជាសមាជិកក្រុមប្រឹក្សាសង្កាត់ នៅក្នុងមុខតំណែងនៅក្នុងក្របខណ្ឌនៃក្រុងកំពង់សោម។

ក្នុងករណីអ្នកប្តឹងតវ៉ា ឬអ្នកប្តឹងជំទាស់ ឬអ្នកត្រូវគេប្តឹងជំទាស់ ឬតំណាងមិនសុខចិត្តនឹង លិខិតជូនដំណឹង ឬសេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ មាន សិទ្ធិប្តឹងទៅ គ.ជ.ប ក្នុងរយៈពេល ៥ថ្ងៃ យ៉ាងយូរ បន្ទាប់ពីថ្ងៃទទួលបានលិខិតជូនដំណឹង ឬ សម្រង់សេចក្តីសម្រេច ទ.១២០៣ របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ ហើយ គ.ជ.ប ត្រូវសម្រេចលើពាក្យបណ្តឹងក្នុងរយៈពេល ៥ថ្ងៃ យ៉ាងយូរ បន្ទាប់ពីថ្ងៃទទួលបាន ពាក្យបណ្តឹង ទ.១២០២។ ការដោះស្រាយលើពាក្យបណ្តឹងត្រូវបញ្ចប់យ៉ាងយូរបំផុតត្រឹមថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥។

ឯកឧត្តម មាន សទិ បានបញ្ជាក់បន្ថែមថា ពាក្យបណ្តឹងត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ តាមពាក្យបណ្តឹង ទ.១២០២ ចំនួន ៣ ច្បាប់ (ករណីប្តឹងតវ៉ា) ឬចំនួន ៤ ច្បាប់ (ករណីប្តឹងជំទាស់)។ ពាក្យបណ្តឹង ទ.១២០២ នេះ ត្រូវបានប្រគល់ជូនអ្នកប្តឹងដើម្បីប្តឹង ឬប្តឹងបន្ត ប្រសិនបើមានការស្នើសុំ។

ការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការ ត្រូវធ្វើយ៉ាងយូរនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ (ជាថ្ងៃចុងក្រោយ)។

ជាចុងក្រោយ ឯកឧត្តម មាន សទិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា តំណាងស្ថានទូត ក្រសួង ស្ថាប័នរដ្ឋ គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដែលបានចំណាយពេល អញ្ជើញចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×