Thursday, December 12, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងរយៈពេលជាងមួយខែចុងក្រោយនេះ កម្ពុជាពិតជាមានមោទនភាពយ៉ាងក្រៃលែង ដែលសម្រេចបាននូវព្រឹត្តិការណ៍ដ៏សំខាន់ៗចំនួន៤

ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់ថា ក្នុងរយៈពេលជាងមួយខែចុងក្រោយនេះ កម្ពុជាពិតជាមានមោទនភាពយ៉ាងក្រៃលែង ដែលសម្រេចបាននូវព្រឹត្តិការណ៍ដ៏សំខាន់ៗចំនួន ៤ រួមមាន៖
ទី១- កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងជាប្រធានដឹកនាំកិច្ចប្រជុំប្រកបដោយជោគជ័យ ចំនួន ៤ គឺ ១. កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) ២. មហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP12) ៣. សម័យប្រជុំពេញអង្គ នៃសភាអន្តរជាតិសម្រាប់ការអត់ឱន និងសន្តិភាពលើកទី១១ (IPTP11) និង ៤. កិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពី ពិភពលោកមួយដែលគ្មានមីន។ សម្តេចធិបតី បានកត់សម្គាល់ថា ព្រឹត្តិការណ៍ទាំងនេះ ផ្តោតសំខាន់លើ សន្តិភាព ការផ្សះផ្សាជាតិ និងការអត់ឱន ដែលសុទ្ធសឹងជាគោលការណ៍គ្រឹះនៃនយោបាយឈ្នះ-ឈ្នះ និងជាបទពិសោធន៍សម្រាប់ការចែករំលែកជាសាកល ជាពិសេសបណ្តាប្រទេសដែលកំពុងជួបប្រទះ ជម្លោះនិងសង្គ្រាមស៊ីវិល។ លើសពីនេះ លទ្ធផលគួរជាទីមោទនៈដែលគួររំលេចនោះគឺ សម័យប្រជុំពេញអង្គនៃសភាអន្តរជាតិសម្រាប់ការអត់ឱន និងសន្តិភាពលើកទី១១ បានគាំទ្រការអនុម័តធម្មនុញ្ញសន្តិភាពសកល (UPC) ជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលអាចក្លាយជាក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ ក្នុងចំណោមប្រជាជាតិ សហគមន៍ និងសកលលោក។
ទី២- ការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក
ទី៣- ការរៀបចំ «ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្តលើកទី២៩ ឆ្នាំ២០២៤»
ទី៤- ការចុះបញ្ជី «ក្រមា» របស់ជាតិខ្មែរ តំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ។

ក្រៅពីនេះ សម្តេចធិបតី បានណែនាំឱ្យបន្តការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ល្បែងអនឡាញ ល្បែងផ្សងសំណាង និងការជួញដូរគ្រឿងញៀន គ្រប់ប្រភេទនៅតាមមូលដ្ឋាន។ សម្តេចធិបតី ក៏បានណែនាំអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងអនាម័យ ដើម្បីសម្រួលដល់ការចូលរួមកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសនៃពិធីបុណ្យ សមុទ្រលើកទី១១ (ថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ ខេត្តកំពត) ការប្រកួតបាល់ទាត់មិត្តភាពអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជាលើកទី១ (ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ រាជធានីភ្នំពេញ) និងពិធីបុណ្យចូលឆ្នាំសកល ២០២៥។ ជាមួយគ្នានេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវព្រឹត្តិការណ៍ដ៏សំខាន់ទាំងនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកចូលរួមឱ្យបានច្រើនកុះករ។

សម្តេចធិបតី បានណែនាំរដ្ឋបាលរាជធានី-ខេត្ត ពិនិត្យការផ្សព្វផ្សាយប៉ាណូពាណិជ្ជកម្មស្រាបៀរ គួរកំណត់ឱ្យមានអប្បបរមានៅតាមផ្លូវនិងទីសាធារណៈ ជំនួសមកវិញត្រូវផ្សព្វផ្សាយអំពីសមិទ្ធផល និងអត្តសញ្ញាណទេសចរណ៍ នៅតាមរាជធានី-ខេត្តរបស់ខ្លួន ឱ្យបានជាអតិបរមា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×