Thursday, December 12, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A ចំនួន១៣០នាក់ ក្នុងខេត្តបាត់ដំបង ទទួលអំណោយម៉ូតូ ពីសម្ដេចក្រឡាហោម ស ខេង

បាត់ដំបង ៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកម៉ូតូជូនសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A ចំនួន១៣០នាក់ ឆ្នាំសិក្សា ២០២៣-២០២៤ ក្នុងខេត្តបាត់ដំបង នារសៀលថ្ងៃអាទិត្យ ៨កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤។

បន្ទាប់ពីសុន្ទរកថាស្វាគមន៍ និងរបាយការណ៍សង្ខេបរបស់ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្តេចបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តបាត់ដំបង អាជ្ញាធរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ មន្ទីរអប់រំ យុវជន និងកីឡា ពិសេស បុគ្គលិកសិក្សា លោកនាយក លោកស្រីនាយិកា លោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានបង្កបរិយាកាស ក៏ដូចជាបានផ្តល់ឱកាសអប់រំសម្រាប់សិស្សានុសិស្សនៅក្នុងខេត្តបាត់ដំបងទាំងមូល ដែលនេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស ដើម្បីឆ្លើយតបទៅតាមចក្ខុវិស័យអប់រំរបស់ រាជរដ្ឋាភិបាល ក៏ដូចជាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះ។

សម្ដេចក៏បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជា ថ្នាក់ដឹកនាំ បុគ្គលិក និងមន្ត្រីរាជការនៃរដ្ឋបាលខេត្ត អង្គភាពចំណុះ មន្ទីរអប់រំ យុវជននិងកីឡាខេត្ត បុគ្គលិកសិក្សា លោកនាយក លោកស្រីនាយិកា លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស ក៏ដូចជាមាតាបិតានិងអាណាព្យាបាលគ្រប់រូប ផងដែរ។

សម្ដេចមានប្រសាសន៍ថា តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រាជរដ្ឋាភិបាល បានដាក់ចេញអាទិភាពគន្លឹះចំនួន៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ជាពិសេសគឺ “បច្ចេកវិទ្យាឌីជីថល” សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថល នៃសេដ្ឋកិច្ច-សង្គមកម្ពុជា ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និងជាមធ្យោបាយដ៏សំខាន់នៃការសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ជាមួយនឹងការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ដែលផ្តល់អត្ថប្រយោជន៍ យ៉ាងច្រើនសម្រាប់មនុស្សយើងក្តី ការបារម្ភក៏លេចឡើងមកជាមួយគ្នាដែរនៅពេលបច្ចុប្បន្ននេះ។ ជាក់ស្តែងយើងឃើញមានរូបភាព នៃអំពើឆបោកតាមប្រព័ន្ធអនឡាញ ដែលមានលក្ខណៈស្មុគស្មាញ ប្រទាក់ក្រឡានៅជុំវិញពិភពលោក រួមទាំងការកើនឡើង នៃផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាដើម។
សម្ដេចបានសំណូមពរឱ្យអាជ្ញាធរ ក៏ដូចជា គ្រប់ផ្នែកពាក់ព័ន្ធ សិស្សានុសិស្សដែរ រួមទាំងប្រជាពលរដ្ឋទាំងអស់ក្នុងនោះមានទាំងក្មួយៗ សូមយកចិត្តទុកដាក់ចូលរួមបង្ការទប់ស្កាត់អំពើឆបោកតាម ប្រព័ន្ធអនឡាញនេះ ចៀសវាងការខាតបង់ទ្រព្យសម្បត្តិ ក៏ដូចជាលុយកាក់ ដោយសារចាញ់បោកក្រុមឧក្រិដ្ឋជនតាមអនឡាញ។

ក្នុងនាមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង សម្តេច បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានក្រុង ស្រុក/ក្រុងទាំង១៤ នៃខេត្តបាត់ដំបង ដែលបានផ្តល់ជូនទាំងថវិកា និងសម្ភារៈ សម្រាប់ឧបត្ថម្ភដល់សិស្សទទួលបាននិទ្ទេស A ទាំងអស់ រួមទាំងថវិកាលើកទឹកចិត្តសម្រាប់នាយក នាយិកាវិទ្យាល័យមួយចំនួន។ អំណោយដ៏ថ្លៃថ្លានេះ ពិតជាបានឆ្លុះបញ្ចាំងពីស្មារតី ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់គុណភាពអប់រំ តាម រយៈការលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានលទ្ធផលល្អគួរជាទីមោទនៈ។

ក្នុងនាមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង សម្តេច បានផ្តាំផ្ញើនូវកិច្ចការងារមួយចំនួន ដល់ក្មួយៗសិស្សានុសិស្សទាំងអស់ រួមមានសូមឱ្យក្មួយៗចៅៗ បន្តខិតខំប្រឹងប្រែងសិក្សារៀនសូត្រទាំងនៅក្នុងថ្នាក់រៀន ក៏ដូចជាស្វ័យសិក្សា ដើម្បីឈានទៅសម្រួចសមត្ថភាពនៅថ្នាក់ឧត្តមសិក្សាស្របតាមស្មារតីនៃគោលនយោបាយជាតិ ស្តីពីការសិក្សាពេញមួយជីវិត ក៏ដូចជាគោលនយោបាយ ស្តីពីចក្ខុវិស័យឧត្តមសិក្សាឆ្នាំ២០៣០។ សូមចៀសអោយឆ្ងាយពីអំពើអបាយមុខគ្រប់ប្រភេទ ពិសេសគ្រឿង ញៀន និងចៀសឱ្យឆ្ងាយពីបាបមិត្ត គឺមិត្តដែលនាំយើងទៅរកក្តីវិនាសអន្តរាយ ឃ្លាតចាកឆ្ងាយពីការសិក្សា និងធ្វើឱ្យយើងធ្លាក់ទៅក្នុងរណ្តៅនៃអវិជ្ជា។ សូមកុំភ្លេចខ្លួន និងកុំមានមោទនភាពជ្រុលពីការទទួលបាននិទ្ទេសល្អនៅក្នុងសាលា ហើយលែងដៃទម្លាក់ចោលការខិតខំព្យាយាមសិក្សាអោយសោះ ព្រោះថា “ជោគជ័យនៅក្នុងសាលា មិនទាន់ប្រាកដថា យើងនឹងអាចទទួលបានជោគជ័យនៅក្នុងជីវិត ដោយមិនបាច់ខំប្រឹងបន្តនោះទេ”។ សូមបន្តខិតខំរៀនសូត្របន្ថែម យោងទៅតាមពាក្យស្លោកថា ”រៀនហើយរៀនទៀត រៀនមិនចេះចប់ ឬការសិក្សាពេញមួយជីវិត”៕រក្សាសិទ្ធដោយ៖សុទ្ធលី

×