ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ បានរៀបចំសន្និសីទថ្នាក់ជាតិលើកទី១ ស្តីពីសេដ្ឋកិច្ចការងារ ឆ្នាំ ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយវត្តមានមកពី តំណាងអង្គការILO និងអង្គការដៃគូអភិវឌ្ឍន៍ជាច្រើននាក់។
សន្និសីទថ្នាក់ជាតិលើកទី១នេះ ធ្វើឡើងក្រោមប្រធានបទ ការងើបឡើងវិញនៃសេដ្ឋកិច្ច និងការងារ និងដំណើរឆ្ពោះ ទៅកាន់ ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១ និង១២ ខែធ្នូ ឆ្នាំ២០២៤ ក្នុងគោល បំណងប្រមូលផ្តុំអ្នកជំនាញក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាល វិជ្ជាជីវៈ មកពីស្ថាប័នផ្សេងៗគ្នា ដើម្បីចែករំលែកនូវការយល់ឃើញអំពីនិន្នាការថ្មីៗ។
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងរ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា នេះជាសន្និសីទថ្នាក់ជាតិ លើកទី១ ស្តីពីសេដ្ឋកិច្ចការងារ ដើម្បីនាំតួអង្គពាក់ព័ន្ធទាំងអស់ ក្នុងវិស័យសេដ្ឋកិច្ច ចែករំលែកនូវការយល់ឃើញអំពីនិន្នាការថ្មីៗ និងជំរុញភាពជាដៃគូ និងនវានុវត្តន៍ ដែលគាំទ្រការផ្លាស់ប្តូរសេដ្ឋកិច្ច និងទីផ្សារការងារ។
ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា តាមរយៈកិច្ចប្រជុំមួយរបស់អង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍ ជាមួយរាជរដ្ឋាភិបាលកម្ពុជា គឺបានកំណត់ថា នៅឆ្នាំ២០២៩ ជាឆ្នាំដែលកម្ពុជា នឹងចាកចេញពីក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួច។ ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច គឺមានទាំងចំណុចប្រឈម និងឱកាស។ ដើម្បីធានាថា នៅឆ្នាំ ២០២៩ នៅពេលដែលកម្ពុជា ចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចនោះ យើងមានលក្ខខណ្ឌបំពេញបន្ថែម ដើម្បីធ្វើយ៉ាងណាធានាបានថា យើងមិនជាប់នៅក្នុងអន្ទាក់នៃបញ្ហាប្រឈមណាមួយនោះទេហើយយើងអាចគ្រប់គ្រងបាន និងធ្វើដំណើរយ៉ាងស្វាហាប់ ដើម្បីពង្រីកឧស្សាហកម្ម និងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនថែមទៀត៕