ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបិទវេទិកា ស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៦ នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញ និងលើកទឹកចិត្តសមាគម និងអង្គការមិនមែនរដ្ឋាភិបាល រួមប្រកៀកស្មាគ្នាជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីបម្រើផលប្រយោជន៍សង្គមជាតិ និងមនុស្សជាតិស្របតាមច្បាប់ និងលក្ខន្តិកៈ ដែលខ្លួនតម្កល់ទុកនៅក្រសួងមានសមត្ថកិច្ច។
ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានស្នើឱ្យចៀសវាងជាដាច់ខាតការពាក់ព័ន្ធ ឬគាំទ្រអំពើសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងអាវុធមហាប្រល័យ ព្រមទាំងបន្តចូលរួមដោយស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ ការថែរក្សាការពារធនធានធម្មជាតិ និង បរិស្ថាន ការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងបទល្មើសនេសាទ ដើម្បីពង្រឹងសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ប្រមុខក្រសួងមហាផ្ទៃ ក៏បានណែនាំអង្គការ និងសមាគម ចៀសចេញពីក្រុមជ្រុលនិយមដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ប្រឆាំងរដ្ឋធម្មនុញ្ញ និងជាវិទ្ធង្សនាលើរបបប្រជាធិបតេយ្យសេរីពហុបក្ស ដែលនាំគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពជាតិ។ ជាថ្មីទៀត ឯកឧត្តមអភិសន្តិបណ្ឌិតបានគូសបញ្ជាក់ថា ដូចប្រទេសនានាដែររួមទាំង អាម៉េរិក និងអឺរ៉ុប អង្គការ សមាគម ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ ក្នុងនោះសម្រាប់កម្ពុជា ច្បាប់បានតម្រូវឱ្យផ្ដល់របាយការណ៍សកម្មភាព របាយការណ៍ហិរញ្ញវត្ថុ និងលេខគណនីប្រតិបត្តិការមកក្រសួងមានសមត្ថកិច្ច។
ពីចំណែកអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិវិញ ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំបន្តបង្កលក្ខណៈងាយស្រួលឱ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលចុះបញ្ជីត្រឹមត្រូវស្របច្បាប់ ធ្វើសកម្មភាពដោយគ្មានការរារាំង និងដោយពុំចាំបាច់ជូនដំណឹងជាមុន លើកលែងតែក្នុងស្ថានភាពចាំបាច់ផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងលក្ខខណ្ឌតម្រូវផ្សេងទៀតកំណត់ដោយច្បាប់ជាធរមាន។ ឯកឧត្តមក៏បានណែនាំឱ្យរដ្ឋបាលរាជធានី-ខេត្ត បន្តរៀបចំវេទិកាស្តីពីភាពជាដៃគូ ជាមួយអង្គការសង្គមស៊ីវិលក្នុងដែនសមត្ថកិច្ចខ្លួនឡើងវិញឱ្យបានហោចណាស់ ២ដង ក្នុងមួយឆ្នាំ ដោយលើកទី១ អាចរៀបចំតាមប្រព័ន្ធហ្ស៊ូម។
ប្រមុខក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ទៀតថា រដ្ឋបាលរាជធានី-ខេត្ត ត្រូវចាត់វិធានការបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ដែលបោកប្រាស់ អូសទាញប្រជាពលរដ្ឋតាមរយៈការចូលជាសមាជិក និងការតម្រូវឱ្យបង់ប្រាក់ចូលមូលនិធិ ដើម្បីយកទៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន និងត្រូវយកចិត្តទុកដាក់តាមដាន និងចាត់វិធានការភ្លាមចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលចូលរួមជាមួយក្រុមជ្រុលនិយមរៀបចំផែនការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
សូមបញ្ជាក់ថា វេទិកាលើកទី៦ ស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និតស្នាល ដោយមានតំណាងក្រសួងស្ថាប័ន ថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ អង្គទូត តំណាងអង្គការជាតិ អន្តរជាតិ និងសមាគមនានា ចូលរួមប្រមាណ៥២០នាក់។ អង្គវេទិកាបានស្ដាប់ការធ្វើបទបង្ហាញពីវាគ្មិនតាមវិស័យជំនាញ ព្រមទាំងបានពិភាក្សា ពិគ្រោះយោបល់ ចែករំលែកបទពិសោធន៍ បញ្ហាប្រឈម លើកដំណោះស្រាយ និងសំណូមពរមួយចំនួន ក្នុងន័យដើម្បីពង្រឹងភាពជាដៃគូរវាងរាជរដ្ឋាភិបាល អាជ្ញាធរ ជាមួយនិងអង្គការ សមាគម។
នៅក្នុងវេទិកា ស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៦ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០២៤ អង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក.) បានលើកយក បញ្ហាប្រឈម ក្តីកង្វល់ សំណូមពរ និងអនុសាសន៍របស់អង្គការសង្គមស៊ីវិល សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ និងក្រសួងពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗ និងរួមគ្នាបង្កើតដំណោះស្រាយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា។
ក្តីកង្វល់ និងសំណូមពររបស់អង្គការសង្គមស៊ីវិលធំៗចំនួនប្រាំ ដែលត្រូវបានលើកឡើងតាមរយៈ គ.ស.ក. ក្នុងវេទិកានេះ ត្រូវបានប្រមូលពីអង្គការសង្គមស៊ីវិលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិតាមរយៈសិក្ខាសាលាពិគ្រោះយោបល់ ដោយផ្ទាល់ ព្រមទាំងការផ្តល់ធាតុចូលសំខាន់ៗពីសង្គមស៊ីវិលតាមអនឡាញ។
ជាលទ្ធផល សំណួរ ក្តីកង្វល់ និងសំណូមពររបស់អង្គការសង្គមស៊ីវិល ត្រូវបានក្រុមការងាររាជរដ្ឋាភិបាលពន្យល់និងបកស្រាយមួយចំនួន និង មួយចំនួនទៀត ក្រុមការងាររាជរដ្ឋាភិបាលបានទទួលយកដើម្បីពិនិត្យ និងពិគ្រោះយោបល់ជាមួយក្រសួងពាក់ព័ន្ធដើម្បីដោះស្រាយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី