ខ្លាឃ្មំតូច (Helarctos malayanus) គឺជាប្រភេទខ្លាឃ្មុំដែលមានមាឌតូចជាងគេក្នុងចំណោមប្រភេទសត្វខ្លាឃ្មុំទាំងអស់នៅក្នុងពិភពលោក ហើយវាប្រៀបដូចជាត្បូងដ៏អាថ៌កំបាំងនៅក្នុងព្រៃក្នុងតំបន់អាស៊ីអាគ្នេយ៍របស់យើង បូករួមទាំងដែនជម្រកសត្វព្រៃលំផាត់ក្នុងប្រទេសកម្ពុជាផងដែរ។ ខ្លាឃ្មុំតូចស៊ីអាហារចម្រុះជាច្រើនប្រភេទ រាប់ចាប់ពីទឹកឃ្មុំ ផ្លែឈើ រហូតដល់ប្រភេទថនិកសត្វតូចៗ និងសត្វល្មូនជាដើម។ ហើយវាជាសត្វឆ្លាតវៃ និងមានភាពខ្មាស់អៀន ដែលជារឿយៗតែងគេចមុខមិនងាយឱ្យយើងបានឃើញវាឡើយ ដែលនេះធ្វើឱ្យយើងមានការពិបាកក្នុងការប៉ាន់ស្មានពីចំនួនរបស់ពួកវា។
តាមការសិក្សាស្រាវជ្រាវដោយប្រើម៉ាស៊ីនថតស្វ័យប្រវត្តិ ដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា ក្រសួងបរិស្ថាន និង USAID មរតកបៃតង ថ្មីៗនេះបានបញ្ជាក់ថា សត្វខ្លាឃ្មុំតូចកំពុងនៅមានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃលំផាត់នេះនៅឡើយ។
ខ្លាឃ្មុំតូចក៏ជាប្រភេទសត្វដែលមានការសម្របខ្លួនខ្ពស់ផងដែរ ទោះបីជាយ៉ាងនេះក៏ដោយ វាក៏កំពុងតូចប្រឈមមុខនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីការកាប់បំផ្លាញព្រៃឈើ និងការបរបាញ់ខុសច្បាប់សម្រាប់ការជួញដូរសត្វព្រៃ។ តាមរយៈគម្រោងរេដបូកលំផាត់ ដែលគាំទ្រដោយ USAID មរតកបៃតង កិច្ចខិតខំប្រឹងប្រែងអភិរក្សដ៏សំខាន់កំពុងដំណើរការដើម្បីការពារខ្លាឃ្មុំដ៏ពិសេសទាំងនេះ និងជម្រករបស់ពួកវាសម្រាប់មនុស្សជំនាន់ក្រោយបានឃើញ និងស្គាល់ផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី