Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

 នៅផ្លូវថ្មើរជើងកាន់តែល្បីល្បាញខ្លាំងណាស់នៅសប្ដាហ៌ទី២៣នេះ មានការសម្ដែងល្ខោនបាសាក់រឿង «តេជោមាស តេជោយ៉ត» ឱ្យប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នាំគ្នាទស្សនា

ភ្នំពេញ៖នៅផ្លូវថ្មើរជើង (Walk Street) កាន់តែល្បីល្បាញខ្លាំងណាស់នៅសប្ដាហ៌ទី២៣នេះមានការសម្ដែងល្ខោនបាសាក់រឿង «តេជោមាស តេជោយ៉ត» ឱ្យប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នាំគ្នាទស្សនាទោះបីនៅថ្ងៃអាទិត្យនេះមានភ្លៀងរលឹមយ៉ាងណាក្ដីតែតំណក់ទឹកភ្លៀងមិនបានរារាំងជាពលរដ្ឋមកលេងកំសាន្តនៅផ្លូវថ្មេីរជេីងនោះទេ។

នារាត្រីថ្ងៃអាទិត្យទី១៣ ខែកក្កដា ឆ្នាំ២០២៥ដែរឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានអញ្ជើញចូលរួមទស្សនាល្ខោនបាសាក់នៃមន្ទីរវប្បធម៌និងវិចិត្រសឹល្បះរាជធានីភ្នំពេញក្រុមទី១ដែលដឹកនាំការសម្ដែងដោយលោកអុល សំអាង ហើយបានសម្តែងជារឿង «តេជោមាស តេជោយ៉ត» ដែលជារឿងបុរាណរបស់ខ្មែរ នាសម័យប្រឆាំងការឈ្លានពានពីសំណាក់ចោរសៀម ដែលរោងល្ខោនខាងលើនៅផ្លូវថ្មើរជើង (Walk Street)។រោងល្ខោនរៀបចំនាមាត់ទន្លេ ក្បែរទីតាំងរូបសំណាក់ តេជោមាស តេជោយ៉ត មុខវត្តឧណ្ណាលោម ដោយនាំគ្នាអង្គុយលើកន្ទេលស្លឹកត្នោតផ្ទាល់ដីមុខរោងល្ខោន ឯកឧត្តម អភិបាលរាជធានីភ្នំពេញ និងលោកជំទាវព្រមទាំងក្រុមគ្រួសារបានទស្សនាការសម្តែងល្ខោនបាសាក់រឿង «តេជោមាស តេជោយ៉ត» ជាមួយប្រជាពលរដ្ឋដែលមានទាំងអង្គុយ និងឈរ ទាំងចាស់ទាំងក្មេង យ៉ាងច្រើនកុះកររួមជាមួយភាពប៉ិនប្រសព្វនៃការសម្តែងរបស់ក្រុមដឹកនាំសម្តែង ដោយលោកអុល សំអាង បានញ៉ាំងឱ្យបរិយាកាស នៅមុខរោងល្ខោនកាន់តែអ៊ូរអរ ដោយបានទាក់ទាញអ្នកមកកម្សាន្តនៅ ផ្លូវថ្មើរជើង (Walk Street) ពីម្នាក់ទៅម្នាក់ចូលមកទស្សនា បង្កើតបានភាពសប្បាយរីករាយ និងចូលរួមទស្សនាយ៉ាងជក់ចិត្ត នាចុងសប្តាហ៍។

នៅក្នុងការសម្តែងរបស់ក្រុមសម្តែងល្ខោន ក្នុងសាច់រឿង «តេជោមាស តេជោយ៉ត» ដែលសម្តែងជូនអ្នកទស្សនា នារាត្រីទី១៣កក្ដដានេះ ជាសាច់រឿងមួយឆ្លុះបញ្ចាំង ពីភាពប៉ិនប្រសព្វនិងឈ្លាសវៃ របស់ព្រះមហាក្សត្រខ្មែរ និងមេទ័ពដ៏អង់អាចរបស់ខ្មែរ នាសម័យនោះ ដែលបានធ្វើឱ្យកម្លាំងទ័ពបច្ចាមិត្តសៀម ដែលចង់ឈ្លានពាន គ្រប់គ្រងដែននគរខ្មែរ ត្រូវវិនាសរត់ខ្ចាត់ខ្ចាយ និងកោតខ្លាចអំណាចឥទ្ធិពលព្រះមហាក្សត្រខ្មែរសម័យនោះ ពោលចន្លោះឆ្នាំ១៥៧៥ ដល់១៥៩៣ ។ ជាក់ស្តែងនៅឆ្នាំ២០២៥នេះទៀតសោត ប្រទេសភូមិផងរបងតែមួយរបស់ខ្មែរដដែលនេះ នៅតែចិញ្ចឹមចិត្តចង់បានទឹកដីរបស់ខ្មែរឥតឈប់ឈរ រហូតចូលមកលប់លួចបាញ់សម្លាប់ទាហានខ្មែរម្នាក់ ស្លាប់បាត់បង់ជីវិតក្នុងទឹកដីខ្មែរ ដែលហេតុការណ៍នេះ បានបង្ករជាបញ្ហាជម្លោះព្រំដែន និងឈានដល់ការបិទច្រកទ្វារព្រំដែន ចាប់តាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ រហូតដល់បច្ចុប្បន្ន ។

នៅក្នុងឈុតឆាក ដែលមេទ័ពអង់អាចរបស់ខ្មែរ ឈ្មោះតេជោមាសនិងតេជោយ៉តដែលជាគ្រូនិងសិស្ស. បានបណ្តេញពួកចោរសៀមឈ្លានពានអស់ពីដែននគរខ្មែរ ធ្វើឱ្យប្រជាពលរដ្ឋដែលចូលរួមទស្សនា ស្រែកហ៊ោនិងទះដៃអបអរសាទរ យ៉ាងកងរំពង ដែលការណ៍នេះ បានបង្ហាញថា ប្រជាពលរដ្ឋខ្មែរ បានគាំទ្រពេញទំហឹង ដល់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើចំណាត់ការទាំងការប្តឹងទៅតុលាការអន្តរជាតិ ICJ និងយន្តការទ្វេភាគី ព្រមទាំងបន្តលើកទឹកចិត្ត ដល់វីរកងទ័ពជួរមុខ ដែលកំពុងត្រៀម២៤ម៉ោងលើ២៤ម៉ោង ក្នុងការការពារបូរណភាពទឹកដី ឯនាព្រំដែនផងដែរ ។

គួរឱ្យដឹងថា ការសម្តែងល្ខោនបាសាក់ របស់ក្រុមសម្តែង លោក អុល សំអាង នាផ្លូវថ្មើរជើង (Walk Street) នេះ ត្រូវបានឧបត្ថម្ភគាំទ្រ ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្វើយ៉ាងណា ឱ្យពលរដ្ឋដែលមកកម្សាន្តនៅផ្លូវថ្មើរជើង ទទួលបានបទពិសោធន៍ថ្មីៗ ជារៀងរាល់សប្តាហ៍ មិនថាការសម្តែងខ្នាតតូច ឬខ្នាតធំ ជាពិសេសរំលឹកដល់ទឹកចិត្តនិងការស្នេហាជាតិ របស់ថ្នាក់ដឹកនាំនាពេលបច្ចុប្បន្នផងដែរ ។

សូមបញ្ជាក់ថា ដំណើររឿង«តេជោមាស តេជោយ៉ត» ត្រូវបានកើតឡើងនៅក្នុងសម័យឧដុង្គក្នុងរជ្ជកាលព្រះបាទជ័យ ចេស្តា (១៥៧៥ ដល់១៥៩៣) គឺពេលដែលប្រទេសខ្មែរ ស្ថិតនៅក្នុងការទន្រ្ទានយាយីពីបរ ទេស និងទំនាស់ផ្ទៃក្នុងព្រះរាជវាំង និងចង់បង្ហាញពីវីរភាពរបស់បុព្វបុរសខ្មែរ ក្នុងបុព្វហេតុជាតិមាតុភូមិ ក៏ដូចជាព្រះមហាក្សត្រ ក្នុង កិច្ចការពារបូរណភាពទឹកដី។

ក្នុងរឿងល្ខោននោះដែរតួអង្គតេជោយ៉ត បានប្រើយុទ្ធវិធីអូសប្ញស្សីបញ្ចាស់ចុងដើម្បីរកខ្មាំងសត្រូវនិងជនបង្កប់ផ្ទៃក្រោយប្រើវិធីនេះហើយពួកជន់បង្កប់និងសត្រូវផ្ទៃក្នុងត្រូវបានបង្ក្រាបទើបព្រះរាជាណាចក្រខ្មែរសម័យនោះទទួលបានជ័យជំនះពីការឈ្លានពាន។តេជោយ៉ត ជាតួអង្គតំណាងឱ្យមេទ័ពខ្មែរ នៅសម័យឧដុង្គដែល មានគំនិតស្រឡាញ់ជាតិ លើកតម្កើងជាតិ និងហ៊ានពលីជីវិតដើម្បីជាតិមាតុភូមិ ដែលទង្វើ នេះជាគម្រូមួយគួរជាទីមោទនៈ និងស្ញប់ស្ញែងក្រៃលែង។

ឯកឧត្តមហួត ហៃ អភិបាលរងរាជធានីបានលើកឡើងថា៖ផ្លូវថ្មើរជើងយើងបានធ្វើល្អបាន៩៩%ហើយ នៅសល់១%ទៀតយើងបន្តធ្វើឲ្យិបានល្អប្រសើរថែមទៀត។តែទោះបីយ៉ាងណាការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ រៀបរៀបរយសាធារណៈនៅលើដង ផ្លូវថ្មើរជើង (Walk Street) នៅតែជាចំណុចអាទិភាពដែលត្រូវយកចិត្តទុកដាក់បំផុត។ពិសេសការយកចិត្តទុកដាក់ពីឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

ក្នុងឱកាសនោះដែរឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់ក្រុមលោក អុល សំអាងសម្ដែងល្ខោនបាសាក់រឿង «តេជោមាស តេជោយ៉ត» ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×