កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃចន្ទ ៤រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្ដដា ២០២៥)។ ពិធីនេះ ប្រារព្ធឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថជុំសែនរីករាយ ស្ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រារព្ធខួបលើកទី៣២ នៃការបង្កើតកងរាជអាវុធហត្ថនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ចារឹក និងចងចាំនូវគុណូបការៈការតស៊ូ ពលិកម្ម និងសមិទ្ធផលដ៏ត្រចះត្រចង់ របស់កងរាជអាវុធហត្ថដែលជាកម្លាំងស្នូលមួយរបស់រាជរដ្ឋាភិបាលសម្រាប់ការចូលរួម ថែរក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម និង ជួយសង្គ្រោះប្រជាពលរដ្ឋជាដើម។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្អែកតាមរបាយការណ៍សង្ខេបរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសកម្មភាពការងារប្រកបដោយឆន្ទៈមោះមុត អង់អាចក្លាហាន ស្មារតីទទួលខុសត្រូវខ្ពស់ព្យាយាមខិតខំប្រឹងប្រែង លះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ទាំងធនធានសម្ភារ ថវិកា ប្រកាន់ខ្ជាប់ខ្ជួននូវការគោរពច្បាប់ គោរពវិន័យ ក្រមសីលធម៌ និង វិជ្ជាជីវៈ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរវាយតម្លៃខ្ពស់ចំពោះ មេបញ្ជាការ មេបញ្ជាការរង ប្រធាន អនុប្រធានស្ថាប័ន មេបញ្ជាការអង្គភាពរាជធានី ខេត្ត នាយកសាលា នាយទាហាន នាយទាហានរង និង ពលទាហាននៃកងរាជអាវុធហត្ថគ្រប់លំដាប់ថ្នាក់ ដែលបានសាមគ្គីឯកភាពផ្ទៃក្នុងជាធ្លុងមួយ ទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កងរាជអាវុធហត្ថបានសហការជម្នះរាល់ឧបសគ្គ ប្រកៀកស្មាគ្នា ជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រសួង ស្ថាប័ន និង អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ តស៊ូប្ដូរផ្ដាច់រក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនគណៈប្រតិភូជាតិ-អន្ដរជាតិ កិច្ចប្រជុំតូច-ធំ ពិធីបុណ្យផ្សេងៗ, ទប់ស្កាត់ និង បង្ក្រាបរាល់បទល្មើស, ពង្រឹងការអនុវត្តច្បាប់ កសាងនីតិរដ្ឋ និង ជួយសង្គ្រោះគ្រោះមហន្តរាយនានា ស្របនឹងកម្មវិធីនយោបាយ, គោលនយោបាយ, យុទ្ធសាស្ត្រ និង វិធានការនានា របស់រាជរដ្ឋាភិបាល ជាពិសេសបេសកកម្មរបស់កងរាជអាវុធហត្ថបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានជំនឿយ៉ាងមុតមាំថា កងរាជអាវុធហត្ថ នឹងបន្តប្រតិបត្តិនូវតួនាទីភារកិច្ចឱ្យកាន់តែល្អប្រសើរ និង បន្តធ្វើការកែទម្រង់ និងទំនើបកម្ម ដើម្បីបង្កើតបាននូវសមិទ្ធផលស្នាដៃថ្មីៗថែមទៀត ជាមួយនឹងការពង្រឹង និង ការពង្រីកគុណភាពសមត្ថភាពគ្រប់ផ្នែក គ្រប់វិស័យ ប្រកបដោយវីរភាពអង់អាចក្លាហាន ដើម្បីបុព្វហេតុឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដី សុខសន្តិភាព ការអភិវឌ្ឍជូនសង្គមជាតិ និង មាតុភូមិ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្កើតកងរាជអាវុធហត្ថឡើង គឺដើម្បីចូលរួមចំណែកការពារសន្តិសុខ សណ្តាប់ធ្នាប់ ទប់ស្កាត់ បង្ក្រាបបទល្មើសព្រហ្មទណ្ឌ បទល្មើសយោធា សហការជាមួយក្រសួង ស្ថាប័ននានា ពង្រឹងការអនុវត្តច្បាប់ និង ជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលមានគ្រោះមហន្តរាយផ្សេងៗ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កងរាជអាវុធហត្ថ គឺជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទ ដែលត្រូវបានធ្វើការអប់រំហ្វឹកហ្វឺន បណ្ដុះបណ្ដាលនូវជំនាញវិជ្ជាជីវៈកងរាជអាវុធហត្ថ និង ជំនាញយោធា។ ដូច្នេះ កងរាជអាវុធហត្ថ មានតួនាទីយ៉ាងសំខាន់ ក្នុងការការពារបូរណភាពទឹកដី និង អធិបតេយ្យភាពជាតិ ជាខឿនការពារជាតិ និងខឿនសន្តិសុខជាតិ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចការពារជាតិ គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំងឡាយ ដែលរាជរដ្ឋាភិបាលតែងតែគិតគូរយកចិត្តទុកដាក់ដើម្បីធានាឱ្យសន្តិភាព សន្តិសុខ ស្ថិរភាព និង លើកតម្កើងកិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំកងរាជអាវុធហត្ថត្រូវតែជាកងកម្លំាងដ៏មានវិជ្ជាជីវៈខ្ពស់ ដែលដាច់ខាតស្មោះត្រង់ចំពោះជាតិមាតុភូមិ និង ប្រជាជន និង យកអស់ស្មារតីគោរពឱ្យបានម៉ឺងម៉ាត់នូវរាល់បទប្បញ្ញត្តិ សារាចរណែនាំ លក្ខន្ដិកៈកងយោធនពលខេមរភូមិន្ទ បទដ្ឋានគតិយុទ្ធនានា ប្រកាន់ភ្ជាប់នូវប្រពៃណី សេចក្ដីថ្លៃថ្នូរ របស់កងយោធនពលខេមរភូមិន្ទ និង ក្លាយជាកម្លាំងរឹងមំា ដើម្បីការពារជាតិមាតុភូមិ និង ប្រជាជន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់កងកម្លំាងកងរាជអាវុធហត្ថ សូមខិតខំបន្តស្មារតីតស៊ូ អត់ធន់ យកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពជំនាញ បច្ចេកទេស និង គុណភាពប្រតិបត្តិការ ដើម្បីសម្រេចបាននូវបំណងប្រាថ្នារួម គឺការពារសន្តិភាព ធានាសុខសុវត្ថិភាពជូនពលរដ្ឋ និង សង្គមជាតិ ជាពិសេសធ្វើការអភិវឌ្ឍខ្លួនឱ្យស័ក្តិសមជាគ្រឹះ និង ជាសសរស្តម្ភសម្រាប់អភិវឌ្ឍប្រទេសជាតិបន្តទៀត។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានសង្ឃឹម និង ជឿជាក់យ៉ាងមុតមំាចំពោះមនសិការស្នេហាជាតិ ស្នេហាមាតុភូមិ និង ភក្តីភាព របស់កងកម្លាំងគ្រប់រូប និង សូមសម្តែងនូវការពេញចិត្តបន្តជួយឧបត្ថម្ភគាំទ្រទំាងស្មារតី និង សម្ភារដល់កងរាជអាវុធហត្ថ ឱ្យបានស័ក្តិសមជាកម្លំាងអនុវត្តច្បាប់ ប្រកបដោយគុណភាព ប្រសិទ្ធភាព និង កិត្យានុភាព។
សម្ដេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងបញ្ជាក់ថា កងរាជអាវុធហត្ថគឺជាកម្លាំងស្នូលរបស់រាជរដ្ឋាភិបាលសម្រាប់ចូលរួមការពារ និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ព្រមទាំងការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រាអាសន្ន និងគ្រោះមហន្តរាយនានា ព្រមទាំងបានធ្វើការកត់សម្គាល់អំពីស្នាដៃនៃការកសាង ការពង្រឹង និងការអភិវឌ្ឍកងរាជអាវុធហត្ថ ជាមួយនិងការធ្វើកំណែទម្រង់ ការធ្វើទំនើបកម្ម និងការអនុវត្តតួនាទី ភារកិច្ចរបស់កងរាជអាវុធហត្ថក្នុងរយៈពេល៣២ឆ្នាំកន្លងមកនេះផងដែរ។
ការថ្លែងបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា និងពិធីអបអរសាទរខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥) នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ។
បើតាមសម្តេចធិបតី នាយករដ្ឋមន្ត្រី ការប្រារព្ធខួបលើកទី៣២ ថ្ងៃបង្កើតកងរាជអាវុធហត្ថ គឺជាព្រឹត្តការណ៍ដ៏សំខាន់ ចារឹក និងចងចាំនូវគុណូបការៈ ការតស៊ូពលិកម្ម និងសមិទ្ធផលដ៏ត្រចះត្រចង់របស់កង រាជអាវុធហត្ថក្នុងរយៈពេល៣២ឆ្នាំកន្លងមកនេះ ក្នុងនាមជាកម្លាំងស្នូលរបស់រាជរដ្ឋាភិបាលដ៏សកម្ម ដែលសម្តេចសូមអបអរសាទរ សម្តែងការកោតសរសើរ និងសូមវាយតម្លៃខ្ពស់ចំពោះមេបញ្ជាការ មេបញ្ជាការរង ប្រធាន អនុប្រធានស្ថាប័ន មេបញ្ជាការអង្គភាពរាជធានី ខេត្ត នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថគ្រប់លំដាប់ថ្នាក់ ដែលបានសាមគ្គីឯកភាពផ្ទៃក្នុងជាធ្លុងមួយ មានការទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនដោយជោគជ័យគួរជាទីមោទនៈ ក្នុងនោះកងរាជអាវុធហត្ថបានសហការជម្នះរាល់ឧបសគ្គ ប្រកៀកស្មាគ្នាជាមួយកងប្រដាប់អាវុធគ្រប់ប្រភេទ ក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ តស៊ូ ប្តូរផ្តាច់រក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនគណៈប្រតិភូជាតិ អន្តរជាតិ កិច្ចប្រជុំតូចធំ ពិធីបុណ្យផ្សេងៗ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើស ពង្រឹងការអនុវត្តច្បាប់ កសាងនីតិរដ្ឋ និងជួយសង្គ្រោះគ្រោះមហន្តរាយនានា ស្របទៅនឹងកម្មវិធីនយោបាយ យុទ្ធសាស្ត្រ និងវិធានការណ៍នានារបស់រាជរដ្ឋាភិបាល ជាពិសេសបានចូលរួមយ៉ាងសកម្មនៅក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។
សម្តេចធិបតី នាយករដ្ឋមន្ត្រីមានប្រសាសន៍ថា សម្តេចនៅតែមានជំនឿយ៉ាងមុតមាំថា កងរាជអាវុធហត្ថនឹងបន្តប្រតិបត្តនូវតួនាទី ភារកិច្ចឱ្យកាន់តែល្អប្រើសើរ និងបន្តធ្វើការកែទម្រង់ និងធ្វើទំនើបកម្មដើម្បី បង្កើតបាននូវសមិទ្ធផល និងស្នាដៃថ្មីៗបន្ថែមទៀត ជាមួយនិងការពង្រឹង និងពង្រីកគុណភាព សមត្ថភាពគ្រប់ផ្នែក គ្រប់វិស័យប្រកបដោយវីរភាពអង់អាចក្លាហាន ដើម្បីការពារ ថែរក្សាបុព្វហេតុឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី សុខសន្តិភាព និងការអភិវឌ្ឍជូនសង្គមជាតិ និងមាតុភូមិរបស់យើង។ ជាក់ស្តែងហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារជាច្រើននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំងនេះ គឺជាសមិទ្ធផលដ៏ធំសម្បើមសម្រាប់ការអប់រំ បណ្តុះបណ្តាល ហ្វឹកហ្វឺនកង កម្លាំងរាជអាវុធហត្ថ និងកងយោធពលខេមរភូមិន្ទ ព្រមទាំងទទួលរៀបចំព្រឹត្តការណ៍កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្តនានាបន្ថែមទៀត ដែលទាំងនេះគឺជាការគិតគូយ៉ាងល្អិតល្អន់ ជាយុទ្ធសាស្ត្រក្នុងវិស័យការពារជាតិ និងសន្តិសុខជាតិ ព្រមទាំងការចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍ ប្រទេសជាតិផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

















