កំពត៖ ពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ក្នុងខេត្តកំពត នឹងចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ដោយមានស្តង់ពិព័រណ៍ផលិតផលនានាប្រមាណជាង៥០០ នៅទីតាំង៣កន្លែងផ្សេងគ្នា។ ក្រុមការងាររៀបចំបុណ្យសមុទ្រកំពុងមមាញឹក ដំឡើងស្តង់ពិព័រណ៍ដើម្បីដាក់តាំងបង្ហាញផលិតផលខ្មែរ ខណ:ផលិតផលក្រៅស្រុក ក៏នឹងមានដាក់បង្ហាញផងដែរ។
លោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តកំពត និងជាប្រធានអនុគណ:កម្មការពិព័រណ៍បានមានប្រសាសន៍ថា ពិធីបុណ្យសមុទ្រក្នុងខេត្តកំពត នឹងចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ដោយមានស្តង់ពិព័រណ៍ប្រមាណជាង៥០០ សម្រាប់ដាក់តាំងបង្ហាញផលិតផលនានានៅ៣កន្លែងផ្សេងគ្នា។
គិតមកដល់ត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រុមការងាររៀបចំបុណ្យសមុទ្រ កំពុងមមាញឹកក្នុងការដំឡើងស្តង់នៅទីទាំងទាំង៣ ព្រោះផលិតផលក្រៅស្រុក អាចនឹងមកដល់នៅថ្ងៃទី១១ ឬថ្ងៃទី១២។ បើតាមប្រធានអនុគណ:កម្មការរៀបចំបុណ្យសមុទ្រ បានឲ្យដឹងថា ពិព័រណ៍នៅទីតាំងទី១ ក្បែរតំបន់ប្រារព្ធពិធីលើឆ្នេរខ្សាច់ព្រែកកំពង់បាយ មុខមន្ទីរពេទ្យបង្អែកខេត្តមានចំនួន១៦០ស្តង់ ជាប្រភេទវី.អាយ.ភី សម្រាប់បង្ហាញជូនថ្នាក់ដឹកនាំកំពូល។ លោកបន្តថា នៅទីនេះ ក៏មានស្តង់ពិសេសចំនួន៣ ជារបស់ក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្តកំពត។
សូមជម្រាបជូនថា អភិបាលរងខេត្តកំពត លោក ខៀវ រិទ្ធិភ័ណ្ឌ បានណែនាំដល់សមាជិកអនុគណ:កម្មការថា ក្រុមការងារត្រូវសម្រិតសម្រាំងជ្រើសយកផលិតផលដែលជាសក្តានុពលរបស់ខេត្តមកដាក់តាំងកុំឱ្យខ្វះចន្លោះ ពិសេសផ្លែឈើសម្គាល់ភូមិសាស្ត្រខេត្តកំពតទាំង៧ប្រភេទ។ ក្រុមការងាររៀបចំស្លាយ បានជ្រើសរើសរូបថត ស្តីពីសមិទ្ធផលគ្រប់វិស័យ និងធនធានដែលខេត្តមាន ដូចជា ផ្កាថ្មសមុទ្រ ត្រីផ្សោតសម្បុរផ្កាឈូក ត្រីសេះសមុទ្រ ទំនប់វារីអគ្គិសនី រោងចក្រផលិតស៊ីម៉ងតិ៍ជាដើមដើម្បីដាក់បញ្ចាំង បង្ហាញជូនដល់ទស្សនិកជន និងសាធារណជនទូទៅដែលអញ្ជើញមកចូលរួមបុណ្យសមុទ្រនេះផងដែរ៕