កំពង់ចាម: រដូវទឹកសម្រកគេសង្កេតឃើញក្រុមកម្មករកំពុងតែមមាញឹកដោយក្នុងដៃកាន់ញញួដំបង្គោលឬស្សីចូលទៅក្នុងដី ដើម្បីតម្លើងប្រដឹសឬស្សី ឆ្លងពីត្រើយក្រុងកំពង់ចាមឆ្ពោះទៅកាន់រមណីយដ្ឋានធម្មជាតិ “ឆ្នេរខ្សាច់កោះប៉ែន” ស្ថិតនៅឃុំកោះមិត្តស្រុកកំពង់សៀម។ជាមួយនោះគេឃើញវត្តមានឯកឧត្តមអ៊ុន ចាន់ដា អភិបាល ខេត្តអមដំណើរដោយសហការីគឺអាចចាត់ទុកជាភ្ញៀវដំបូងគេ ដែលបានអញ្ជើញដើរឆ្លងកាត់ស្ពានឬស្សីក្នុងទឹកមុខស្រស់ញញឹម ដើម្បីមកស្រូបយកខ្យល់អាកាសបរិសុទ្ធ នៅឆ្នេរខ្សាច់កោះប៉ែន។
លោកលី សុវណ្ណ អភិបាលក្រុងកំពង់ចាម បានប្រាប់ឲ្យដឹងនាព្រឹកថ្ងៃទី១៦ធ្នូ ឆ្នាំ២០២៤ថា: រូបលោកនិងមន្ត្រីមួយចំនួនទៀតបានអមដំណើរឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តអញ្ជើញចុះពិនិត្យមើលការស្ថាបនាប្រដឹសឬស្សីកោះប៉ែន ដែលកំពុងដំណើរការស្ថាបនាយ៉ាងមមាញឹកធ្វើយ៉ាងណាឱ្យរួចរាល់មុនចូលឆ្នាំ២០២៥ ចូលមកដល់។ សម្រាប់ស្វាគមន៍ដល់ភ្ញៀវទេសចរណ៍ជាតិ មកលេងកម្សាន្តនៅរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន។
អភិបាលក្រុងកំពង់ចាម ប្រាប់បន្តឲ្យដឹងទៀតថា ប្រដឹសឬស្សីនេះតែងតែស្ថាបនារាល់ឆ្នាំក្រោយរដូវទឹកសម្រកដើម្បីប្រយោជន៍ដល់ភ្ញៀវមកពីគ្រប់ទិសទីបានដើរឆ្លងកាត់ទៅកំសាន្តលេងនឹងទទួលទានអាហារនៅឆ្នេរខ្សាច់កោះប៉ែនដែលមានខ្យល់ជំនោរបរិសុទ្ធ បក់ផាត់មកដែលធ្វើឲ្យទុក្ខកង្វល់មួយចំនួនត្រូវបានរសាយ។ ជាមួយនោះក្រោមការចង្អុលបង្ហាញពីសំណាក់ឯកឧត្តមអភិបាលខេត្ត បានឲ្យរដ្ឋបាលក្រុងកំពង់ចាមបង្កើនការយកចិត្តទុកដាក់ដោយរៀបចំដាក់អំពូលចម្រុះពណ៌បំភ្លឺតាមដើមឈើនៅមាត់ទន្លេបពីមុខវត្តដីដងបន្តរហូតដល់ទីលានប្រណាំងទូកងនៅជ្រោយថ្ម។សកម្មភាពឯកឧត្តមអភិបាលខេត្តអញ្ជើញចុះពិនិត្យដោយធ្វើឡើងនាព្រឹកថ្ងៃទី១៥ ធ្នូ។ រូបលោកមានជំនឿមុតមាំថាក្នុងឱកាសឆ្លងឆ្នាំសកលខាងមុខដ៏ខ្លីនេះនឹងមានមនុស្សមកកំសាន្តលេងនៅមាត់ទន្លេក្រុងកំពង់ចាមនិងខ្លះទៀតទៅលេងរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ហើយរូបលោកដាក់កម្លាំងនគរបាលនិងអាវុធហត្ថ ដើម្បីពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ជូនដល់ពលរដ្ឋទៀតផង។
លោកវ៉ែន នាង មេឃុំកោះមិត្តវិញមានប្រសាសន៍ឲ្យដឹងដែរថា ចំពោះអ្នកដែលមានរថយន្តចង់មកលេងកម្សាន្តនៅឆ្នេរខ្សាច់កោះប៉ែន ត្រូវបើកវាងឆ្លងតាមស្ពានបេតុង ដែលនៅមិនឆ្ងាយប៉ុន្មានពីប្រដឹសកោះប៉ែន គឺឆ្លងមកដល់ឃុំកោះមិត្ត ហើយនៅតាមភូមិមានផ្លូវបេតុងងាយស្រួលធ្វើដំណើរគឺមានក្រូចថ្លុង ចេក បន្លែផ្លែឈើផ្សេងទៀត ត្រូវបានពលរដ្ឋដាក់លក់ តាមដងផ្លូវមុខផ្ទះ។ហើយអ្នកទេសចរណ៍អាចទិញយកទៅពិសារដោយលក់ក្នុងតម្លៃសមរម្យ។ជាមួយនោះនៅក្បាលរមណីយដ្ឋានកោះប៉ែនគឺមានកន្លែងចតដាក់រថយន្តធំទូលាយក្រោមការរៀបចំរបស់អ្នកមើលការខុសត្រូវរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន។ កាលពីថ្ងៃឆ្លងឆ្នាំសកល២០២៣ កន្លងទៅសូម្បីតែនៅវាលខ្សាច់គល់ស្ពានបេតុងកាប៉ែន មានមនុស្សមកបោះតង់ស្នាក់នៅពេលយប់រហូតទល់ភ្លឺដោយជួបជុំក្រុមគ្រួសារសប្បាយរីករាយហើយអាជ្ញាធរក៏បានដាក់កម្លាំងនគរបាលជួយយាមពង្រឹងសន្តិសុខដើម្បីទប់ស្កាត់អំពើចោរកម្មនានា។
អ្នកគ្រប់គ្រងរមណីយដ្ឋានឆ្នេរកោះប៉ែន បានឲ្យដឹងថា ស្ពានឬស្សីដែលកំពុងសាងសង់ឆ្លងកាត់ទន្លេ ចាប់ពីត្រើយមុខវត្តដីដុះ ក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម មកដល់រមណីយដ្ឋានឆ្នេរកោះប៉ែន មានប្រវែងប្រមាណ ១,០០០ ម៉ែត្រ ទទឹង ២ ម៉ែត្រ ដែលបច្ចុប្បន្នសាងសង់បានសឹង១០០% ទៅហើយ ដើម្បីបម្រើសេវាជូនដល់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកកម្សាន្តលេង។ជារៀងរាល់ឆ្នាំឱ្យតែពេលឆ្លងឆ្នាំសកលអ្នកខ្លះបានមកបោះតង់សម្រាកនៅទីនេះផ្ទាល់ពេលយប់មានអុជកាំជ្រួចបាញ់ទៅលើអាកាសកំសាន្តលេងយ៉ាងសប្បាយរីករាយក្រោមម្លប់សន្តិភាព៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី