ជឿថាបងប្អូនប្រិយមិត្តជាច្រើន បានទទួលជ្រាប និងក៏ដូចសម្តែងនូវក្តីអាណិតអាសូរខ្លាំងរួចហើយ ក្រោយពីបានដឹងរឿងរ៉ាវដ៏គួរឲ្យខ្លោចចិត្ត របស់និស្សិតស្រីម្នាក់ ដែលធ្លាប់ជាវីរៈនារីអាវស ស្ម័គ្រជួយសង្គ្រោះជីវិតបងប្អូនប្រជាពលរដ្ឋ ក្នុងអំឡុងកូវីដ១៩ នៅពេលនេះ មិននឹកស្មាន ជាធ្លាក់ខ្លួនជាមួយជំងឺដ៏កាចសាហាវមួយនេះ ធ្វើឲ្យការខិតខំតស៊ូរៀនសូត្រវិជ្ជាពេទ្យ៤ឆ្នាំ ត្រូវរលាយអស់ ខណៈការងារត្រូវបានគេរើសអើង។
ដោយសារតែមិនអាចស្វែងរកងារធ្វើបាន ព្រោះដាក់ពាក្យស្ទើរគ្រប់កន្លែង គេមិនទទួលយក ខណៈស្ថានភាពជំងឺនេះ ក៏កាន់តែវិវត្តន៍ និស្សិតស្រីដ៏អភ័ព្វ កញ្ញា ហឿន ស្រីនីត ត្រូវបានចិញ្ចឹមមើលថែ ដោយម្តាយជាស្រ្តីមេម៉ាយ ធ្វើការជាអ្នកលាងចាន និងបោសសំអាងតារាងបាល់ឲ្យគេ ខណៈសព្វថ្ងៃកំពុងស្នាក់នៅបន្ទប់ជួល ២នាក់ម្តាយនិងកូនស្រី ដែលឃើញហើយពិតជាគួរឲ្យស្រណោះណាស់។
កញ្ញា ហឿន ស្រីនីត បានរៀបរាប់ឲ្យដឹងថា ខ្លួនធ្លាប់ធ្វើជាគ្រូពេទ្យស្ម័គ្រចិត្ត ក្នុងអំឡុងសម័យកូវីដ១៩ ប្រចាំនៅមណ្ឌលព្រីមៀរ សែនសុខ២។ ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺបន្ទាប់ពីបញ្ចប់បេសកកម្មកូវីដ១៩ រូបនាងក៏ស្រាប់តែចាប់ផ្តើមធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ជាមួយជំងឺខូចតម្រងនោម ដែលទាមទារលាងឈាមក្នុង១សប្តាហ៍២ដង ដែលគិតដល់ពេលនេះ មានរយៈពេល២ឆ្នាំហើយ។
កញ្ញា ស្រីនីត ក៏បានបង្ហើបប្រាប់ឲ្យដឹងទាំងទឹកភ្នែកថា ម្តាយរបស់នាងជាស្រ្តីមេម៉ាយ បានលក់ទ្រព្យសម្បតិ្តជាកេរអាករនៅឯស្រុកកំណើតខេត្តកំពង់ស្ពឺ អស់រលីងហើយ ដើម្បីព្យាបាលជំងឺឲ្យខ្លួន ។ ប៉ុន្តែ ពេលនេះម្តាយរបស់នាង អស់លទ្ធភាពហើយ និងមានតែការអស់សង្ឃឹមប៉ុណ្ណោះ ព្រោះជំងឺដ៏កាចសាហាវនេះ ត្រូវការប្តូរក្រលៀន ដែលតម្លៃព្យាបាលនៅក្រៅប្រទេសរហូតដល់ ៦ ម៉ឺនដុល្លារ ឯណោះ។
ជាមួយវេលាដ៏អស់សង្ឃឹមនេះ វីរៈនារីអាវសដ៏អភព្វរូបនេះ ក៏បានបង្ហោះសាររៀបរាប់ទាំងអួលដើមកថា ខ្លួនពិតជាស្ដាយ ព្រោះមិនទាន់បានសងគុណម្ដាយ ហើយបុរសជាគូដណ្ដឹង រូបនាងក៏មិនហាមឃាត់ចំពោះរូបគេឡើយ ក្នុងការសាងអនាគតជាមួយអ្នកផ្សេងទៀត ព្រោះរូបនាងមិនអាចជាឡើយ ។ តែទោះជាយ៉ាណា អ្វីដែលគួរឲ្យសរសើរខ្លាំងនោះ គឺបច្ចប្បន្ន ទាំងគូដណ្តើង និងម្ដាយក្មេក នៅតែល្អរាប់អាន និងមើលថែនាងផងដែរ។
ពិតណាស់ ថ្មីៗនេះ នៅលើគណនី TikTok របស់ខ្លួន កញ្ញា ស្រីនីត បានបង្ហោះរូបថត និងភ្ជាប់សារថ្លែងអំណរគុណដល់បងប្អូនសប្បុរសជន និងព្រមទាំងគូដណ្តឹង យ៉ាងដូច្នេះថា
«នាងខ្ញុំសូមអរគុណដល់ពុកម៉េ បងប្អូនប្រជាជនខ្មែរទាំងអស់គ្នា ទាំងនៅក្រៅស្រុក ក្នុងស្រុក ដែលបានចូលរួមបរិច្ចាគដល់នាងខ្ញុំ ។ នាងខ្ញុំមានតែម្រាមដៃ១០សំពះអរគុណទៅដល់បងប្អូន ដែលមានទឹកចិត្តល្អដ៏ធំធេងមួយនេះ មកលើប្អូន។ អរគុណនៅពាក្យជូនពររបស់អ្នកទាំងអស់គ្នា ហើយក៏សូមជូនពរអោយពុកម៉ែ បងប្អូនជួបតែសំណាងល្អ រកស៊ីទទួលទានប្រកបមុខរបរអោយបានជោគជ័យដូចបំណង សុំអោយជៀសឆ្ងាយពីជំងឺទាំងឡាយ…»។
«ហើយក៍អគុណបងកន្លងមកបង មិនទៅណាចោលអូន នៅមើលថែ មានសុខរួមសុខ មានទុក្ខរួមទុក្ខ កាន់ដៃអូនរហូតមក អូនសង្ឈឹមថាគ្របយ៉ាងនឹងវិលត្រឡបមកដូចដើមវិញ ក្នុងពេលឆាប់ៗនេះ អូនមានថ្ងៃនេះក៍ព្រោះអូនមានបងនៅក្បែរ បងជាកម្លំាងចិត្តដ៍ធំធេងសម្រាប់អូន បងជាបង្អែកមួយដ៍រឹងមំាសម្រាប់អូន ។ អគុណគ្រប់យ៉ាង»៕