កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមថៃ បានទម្លាយរូបភាពបច្ចុប្បន្នរបស់ក្មេងប្រុសតូច Keigo Sato ពីអតីតក្មេងដើរស្វែងរកឪពុក តែពេលនេះធំឡើងក្លាយជាស្រីស្អាតមានមន្តស្នេហ៍ និងថែមទាំងក្តៅសាច់ទៀតផង។
បើក្រឡេកកាលពីប៉ុន្មានឆ្នាំមុន មនុស្សជាច្រើនប្រហែលជានៅចាំបានហើយ ចំពោះរឿងរ៉ាវដ៏រំជួលចិត្តរបស់ Keigo Sato ជាក្មេងប្រុសតូចម្នាក់ មកពីខេត្ត Phichit ភាគខាងជើង នៃប្រទេសថៃ ដែលបានប្រកាសថា ខ្លួនកំពុងដើរស្វែងរកឪពុកជាជនជាតិជប៉ុន។ ប៉ុន្តែ ពេលនេះ អតីតក្មេងប្រុសរូបនេះ បានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង នៅពេលដែលបានដឹងថា បន្ទាប់ពីធំឡើង ស្រាប់តែក្លាយជានារីវ័យក្មេងដ៏ស្រស់ស្អាត ស្ទើរមិនគួរឲ្យជឿ។
ជាស្រីស្អាត ធ្លាប់ប្រឡងក្នុងកម្មវិធី Miss Queen Contest 2018 នៅសាកលវិទ្យាល័យ Naresuan ជាមួយឈ្មោះហៅក្រៅ Sakura នាង Sato បានបង្ហើបប្រាប់ឲ្យដឹងថា រូបគេតែងតែចង់ក្លាយជាស្រ្តី ហើយទំនាក់ទំនងរបស់រូបគេ ជាមួយឪពុកជាជនជាតិជប៉ុន គឺនៅតែរក្សាទំនាក់ទំនងគ្រប់ពេលវេលា។
ជាក់ស្តែង នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ បណ្តាញផ្សព្វផ្សាយថៃ បានបញ្ចេញរូបភាព Sakura កាន់តែស្រស់ស្អាតឡើងៗ នៅពេលដែលនាងធំពេញវ័យ។ បច្ចុប្បន្ន នាងមានអាយុ ២៤ ឆ្នាំ ហើយ និងក៏បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកសុខភាពសាធារណៈ ជំនាញសុខភាពសហគមន៍។
នាងក៏បានត្រៀមខ្លួនជាស្រេចផងដែរ ដើម្បីរស់នៅក្នុងនាមជាស្រ្តី លើផ្លូវដែលនាងបានជ្រើសរើស៕